Connect with us

សន្តិសុខសង្គម

នគរបាលស្រុកបាទីស្រាវជា្រវឃាត់ខ្លួនក្រុមភ្ជង់ប្លន់៣នាក់ ដកហូតអាវុធខ្លីមួយដើម និងសម្ភារៈមួយចំនួន

បានផុស

នៅ

កម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាទី ស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងច្បារមន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវឈានដល់ការបង្កា្រប និងឃាត់ខ្លួនក្រុមភ្ជង់ប្លន់ប្រដាប់អាវុធចំនួន៣នាក់ ដកហូតអាវុធខ្លីមួយដើម និងសម្ភារៈមួយចំនួន រួមទាំងបានរកឃើញម៉ូតូជនរងគ្រោះមកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី ក្រុមជនសង្ស័យបានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូម៉ាកហុងដាប៊ិត ពណ៌ក្រហម សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ ១LB-០៤២២ និងទូរស័ព្ទដៃម៉ាកអាយហ្វូន ១១ ពណ៌ទឹកសណ្ដែក ចំនួន០១គ្រឿង ពីជនរងគ្រោះឈ្មោះ ង៉ែត រក្សា ហៅស្រីមុំ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអង្គសរខ្នាយ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈពេលដែលជនរងគ្រោះកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទនៅក្បែរចញ្ចើមផ្លូវរួចគេចខ្លួនបាត់។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទី១/.ឈ្មោះ ចយ កក្កដា ហៅខ្មោច ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃស្នួល ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ (ជាជនដៃដល់ និងជាមុខមុខសញ្ញាចែកចាយគ្រឿងញឿន)។ ទី២/.ឈ្មោះ ហៀង វណ្ឌី ហៅឌី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ជាអ្នកសមគំនិតក្នុងអំពើខាងលើ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញឿន)។ ទី៣/.ឈ្មោះ ហេង វ៉ាន់ដា ហៅដា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ក្នុងបរិវេណដីឡូតិ៍ភូមិព្រហែក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ (ជាជនដៃដល់ និងជាមុខមុខប្រើប្រាស់គ្រឿងញឿន) ព្រមទាំងដកហូតបានវត្ថុតាងអាវុធខ្លី ម៉ាក K៥៩ ពណ៌ខ្មៅ លេខ១៣៧០ ចំនួន ០១ដើម បង់ចំនួន ០១ គ្រាប់ចំនួន ០៦គ្រាប់ និងដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាប៊ិត ពណ៌ក្រហម សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ ១LB-០៤២២។

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងនៅរសៀលថ្ងៃទី១២កញ្ញានេះថា ករណីនេះបានកើតឡើងនៅបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៤៩-៥០ ស្ថិតក្នុងភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ លោកអធិការបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗធ្វើការសាកសួរជនរងគ្រោះ និងស្រាវជ្រាវតាមប្រព័ន្ធ GPS រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅចំណុចផ្ទះសំណាក់យីហោ ជឺរី ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកអធិការស្រុកបន្ថែមថា បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបាននាំយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងអនុវត្តតាមនិតិវីធីច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម