Connect with us

ព័ត៌មានជាតិ

ថៃចោទប្រកាន់រឿងលេណដ្ឋាន និងផ្ទះពលរដ្ឋនៅពោធិ៍សាត់÷ កម្ពុជាប្រាប់ថៃថា កុំបង្កភាពតានតឹង និងពង្រីកតំបន់ជម្លោះ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ប្រាប់ឱ្យភាគីថៃជៀសវាងការធ្វើសកម្មភាពដែលនាំឱ្យកើនឡើងភាពតានតឹង និងការពង្រីកតំបន់ជម្លោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រាប់ភាគីថៃយ៉ាងដូច្នេះ បន្ទាប់ពីកាលពីពេលថ្មីៗនេះ គេហទំព័រផ្លូវការមួយចំនួនក្នុងនោះរួមមាន The Nation Thailand, Khaosod គេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។

ជុំវិញការលើកឡើងរបស់ភាគីថៃពាក់ព័ន្ធនឹងបញ្ហាទាំងនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កន្លងមកកម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ហើយកម្ពុជា-ថៃ ក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។

ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។ នេះបើតាមអ្នកនាំពាក្យគូសបញ្ជាក់បន្ថែម។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលើកឡើងថា ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផល ដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម