Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំពិភពលោកជួបគ្នានៅ UN គាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីន ទោះអាមេរិក និងអ៊ីស្រាអែលប្រឆាំង

បានផុស

នៅ

បណ្ដាមេដឹកនាំពីជុំវិញពិភព​លោក​បាន​ជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ ដោយ​បង្ហាញការគាំទ្រលើការបង្កើតរដ្ឋប៉ាឡេស្ទីន ពោលគឺជិត ២ ឆ្នាំ ក្រោយ​ការឈ្លានពានរបស់អ៊ីស្រាអែលបាន​បំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្ទើរតែទាំងស្រុង និងសម្លាប់ជនស៊ីវិលរាប់ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជួបប្រជុំគ្នានេះ ត្រូវបានសហ​រៀបចំដោយ​បារាំង និងអារ៉ាប៊ីសាអ៊ូឌីត ហើយ​បាន​រងការជំទាស់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

បារាំង ម៉ាណូកូ កោះម៉ាល់តា អ៊ែនដូរ៉ា ប៉ែលហ្ស៊ិក និងលុចសំបួ បាន​ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃចន្ទ ដោយ​សំដៅលើដំណោះស្រាយបង្កើតរដ្ឋប៉ាឡេស្ទីនដាច់ចេញពីអ៊ីស្រាអែល។ មេដឹកនាំមកពីអូស្ត្រាលី កាណាដា ព័រទុយហ្គាល់ និងចក្រភពអង់គ្លេស ដែលសម្រេចចិត្តទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ ក៏បាន​ចូលរួមក្នុងកិច្ចប្រជុំផងដែរ។

ប្រធានាធិបតីបារាំង លោក អេម៉ាណូអែល ម៉ាក្រុង បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជា «ដំណោះស្រាយតែមួយគត់ ដែលនឹងអនុញ្ញាតឱ្យអ៊ីស្រាអែលរស់នៅដោយសន្តិភាព» ហើយវាជា «ការបរាជ័យសម្រាប់ក្រុមហាម៉ាស»។ លោកបន្តថា៖ «យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងក្នុងអំណាចរបស់យើង ដើម្បីរក្សាលទ្ធភាពនៃដំណោះស្រាយបង្កើត​រដ្ឋ២ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅក្បែរគ្នាក្នុងសន្តិភាព និងសន្តិសុខ»។

មកទល់ពេលនេះ មាន​ប្រទេសចំនួន ១៥៧ ហើយដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងចំណោមសមាជិក UN ១៩៣ ប្រទេសទូទាំងពិភពលោក។

អ្នកខ្លះនិយាយថា ការទទួលស្គាល់នេះមិនធ្វើឱ្យស្ថានភាព​នៅហ្គាហ្សាប្រែប្រួលនោះទេ ប៉ុន្តែវាគឺជាការដាក់សម្ពាធការទូតលើប្រតិបត្តិការ «ប្រល័យពូជសាសន៍» នៅហ្គាហ្សា របស់អ៊ីស្រាអែល ដែលសម្លាប់ប្រជាជនប៉ាឡេស្ទីន ៦៥ ៣០០ នាក់។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ Al Jazeera។

ក្នុងកិច្ចប្រជុំដដែល​ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូវ ហ្គូតទែរ៉ែស បាន​រំឭកឡើងវិញនូវការគាំទ្ររបស់លោក​ចំពោះដំណោះស្រាយរដ្ឋ២​ ដោយកំណត់ថា វាជាផ្លូវតែមួយគត់ឆ្ពោះទៅរកសន្តិភាព បន្ទាប់ពីការចរចាជាច្រើនលើកច្រើនសារត្រូវបាន​បរាជ័យ ហើយអំពើហិង្សានៅតែបន្ត។ និងអំពើហិង្សាដែលកំពុងបន្ត។ លោក ហ្គូតទែរ៉ែស បាននិយាយថា ភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន «ជាសិទ្ធិ មិនមែនជារង្វាន់ទេ» ដោយបានច្រានចោលការអះអាងរបស់អាមេរិក និងអ៊ីស្រាអែល ដែល​ថា វាគឺជាការផ្ដល់រង្វាន់សម្រាប់ក្រុមហាម៉ាស។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានថ្លែងអំណរគុណចំពោះលោក ម៉ាក្រុង និងលោក ហ្គូតទែរ៉ែស ចំពោះការប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយរដ្ឋ២ ខណៈប្រធានអាជ្ញាធរប៉ាឡេស្ទីន (PA) លោក Mahmoud Abbas បាន​អំពាវនាវដល់ប្រទេសដែលមិនទាន់ទទួលរដ្ឋប៉ាឡេស្ទីន ឱ្យទទួលស្គាល់។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន​ពហិការមិនចូលរួមកិច្ចប្រជុំកាលពីថ្ងៃចន្ទដោយហៅវាថាជាកិច្ចប្រជុំ «ពួកត្លុក» ខណៈអាមេរិកនិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននឹង​បង្កើតបញ្ហាបន្ថែម ហើយអ៊ីស្រាអែលច្រានចោលដំណោះស្រាយនេះជាបន្តបន្ទាប់ ដោយ​បន្តការឃោសនារបស់ខ្លួនពាក់ព័ន្ធនឹង​ «ការចាប់ចំណាប់ខ្មាំង» ក្នុងការវាយប្រហារលើអ៊ីស្រាអែលរបស់ក្រុមហាម៉ាស់ ថ្ងៃ ៧ តុលា ឆ្នាំ ២០២៣។

នៅឯកិច្ចប្រជុំរដ្ឋាភិបាលប្រចាំសប្តាហ៍កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណាតាន់យ៉ាហ៊ូ បាន​និយាយថា អ៊ីស្រាអែលនឹង «ប្រយុទ្ធ» នៅអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិផ្សេងទៀត «ប្រឆាំងនឹងការឃោសនាបង្កាច់បង្ខូច» អ៊ីស្រាអែល ក៏ដូចជាប្រឆាំងការអំពាវនាវឱ្យបង្កើតរដ្ឋប៉ាឡេស្ទីន ដែលលោកហៅថាជា «គ្រោះថ្នាក់សម្រាប់អត្ថិភាព» របស់អ៊ីស្រាអែល និងក្លាយជា «រង្វាន់មិនសមហេតុផលសម្រាប់អំពើភេរវកម្ម» របស់ក្រុមហាម៉ាស់។

កន្លងមក អ៊ីស្រាអែលប្ដេជ្ញាបន្តប្រតិបត្តិការនៅហ្កាហ្សារបស់ខ្លួន លុះត្រាតែកម្ទេចក្រុមហាម៉ាស់ឱ្យអស់ ទោះបីជាជនស៊ីវិលត្រូវបាន​សម្លាប់ជារៀងរាល់ថ្ងៃ ហើយ​មាន​ការទាមទារ​ឱ្យបញ្ឈប់ពីសហគមន៍អន្តរជាតិ​ក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម