Connect with us

ព័ត៌មានអន្ដរជាតិ

UN ថា​ ​​អំពើ​ហិង្សា​របស់​​អ៊ីស្រាអែល ប្រឆាំង​​ប្រជាជន​ប៉ា​ឡេស្ទីន​​​នៅ West Bank កើន​ខ្ពស់​​មិនធ្លាប់​មាន​

បានផុស

នៅ

អង្គ​ការ​សហប្រជាជាតិ​(UN) បាន​ព្រមាន​កាល​ពី​ថ្ងៃព្រហស្បតិ៍ ថា ការ​វាយ​ប្រហារ​របស់អ៊ីស្រាអែល​ប្រឆាំង​នឹងប្រជាជនប៉ាឡេស្ទីន​ ក្នុងតំបន់ ​West Bank ដែល​​កាន់កាប់​ដោយ​អ៊ីស្រាអែល​ កំពុងស្ថិត​​ក្នុង​កម្រិត​ខ្ពស់​ជាង​ឆ្នាំ​​ណា​ទាំង​អស់​ ​ដែល​មាន​ឧប្បត្តិហេតុ​ជាមធ្យម​ ៦ករណី​ក្នុង​មួយ​ថ្ងៃ បណ្តាលឱ្យមាន​អ្នកស្លាប់ របួស និង​ខូចខាតទ្រព្យសម្បត្តិ។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន Anadolu នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ដោយ​ដកស្រង់សម្តីការិយាល័យ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌​ (OCHA) អ្នក​នាំ​ពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric និយាយក្នុង​សន្និ​សីទ​សារព័ត៌មាន​មួយថា៖ « ចំនួន​នៃ​ការ​វាយ​ប្រហារ​របស់អ្នក​​ទៅ​តាំងទីលំនៅ​ ធ្វើ​ឱ្យ​មាន​អ្នកស្លាប់ របួស និង​ខូច​ខាត​ទ្រព្យសម្បត្តិ​ក្នុង​​ឆ្នាំនេះ​ នៅតំបន់ West Bank ! ឥឡូវនេះលើស​ពី​ ១ ០០០នាក់​ ហើយ»។

អ្នក​នាំ​ពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric ។ រូបភាព៖ UN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Stephane និយាយថា៖ « ការវាយប្រហារ​ទាំងនេះ ​បាន​ប៉ះ​ពាល់​ដល់​សហគមន៍​ជាង២៣០ នៅ​​គ្រប់​តំបន់​ West Bank។ ប្រជាជន​ប៉ាឡេស្ទីន​ជាង២ ២០០នាក់​ ត្រូវបានផ្លាស់​ទី​លំនៅ​ ក្នុង​ឆ្នាំនេះ​ដោយសារ​តែអំពើហិង្សារបស់​អ្នកតាំង​ទី​លំនៅ​ ឬការរឹតបន្តឹង​ការចូល​ប្រើ​ប្រាស់ផ្សេង​ទៀត រួមជាមួយ​នឹង​មនុស្ស​រាប់រយ​នាក់ត្រូវ​បាន​ផ្លាស់​ទី​ដោយសារតែការរុះ​រើផ្ទះដោយ​អាជ្ញាធរអ៊ីស្រាអែល»។

លោក​​ បន្ថែម​ថា៖ « ល្បឿន​​នៃ​ការ​វាយប្រហារ​​របស់​​អ្នក​តាំង​​​ទី​លំនៅ​​បច្ចុប្បន្ន បង្ក​ឱ្យ​មាន​អ្នក​ស្លាប់ ​ខូចខាត​ទ្រព្យសម្បត្តិ ​ជា​មធ្យម​​មាន​​ឧប្បត្តិហេតុ​​ចំនួន៦ ​ក្នុង​មួយថ្ងៃ គឺ​ខ្ពស់​​ជាង​ឆ្នាំ​ណាៗ​ទាំងអស់​​ដែល​​បាន​កត់ត្រា​ទុក»។

អាជ្ញាធរ​ប៉ាឡេស្ទីន​​បាន​អំ​ពាវ​នាវដល់​សហគមន៍​អន្តរជាតិ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​​ហើយ​​ឱ្យ​​ដាក់​សម្ពាធ​​លើ​អ៊ីស្រាអែល​​ បញ្ឈប់​​ការ​សាង​សង់​លំនៅ​ឋាន​​ក្នុង​​តំបន់​ West Bank ដែល​​អង្គការ​សហ​ប្រជាជាតិ​ចាត់​ទុក​​ថា​​ខុសច្បាប់​ក្រោម​ច្បាប់​អន្តរជាតិ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​អ៊ីស្រាអែល​​បាន​ចាប់ផ្តើម​សង្គ្រាម​លើ​តំបន់​ហ្គាហ្សា​​ក្នុង​​ខែ​តុលា ឆ្នាំ២០២៣ មន្ត្រី​ប៉ាឡេស្ទីន​​ថា វិធាន​ការ​របស់​អ៊ីស្រាអែល​​​លើ​​តំបន់​​ West Bank ​បាន​​កើនឡើង រួមទាំង​​ការ​រុះរើ​ផ្ទះសម្បែង ការ​បង្ខំ​ឱ្យ​​ផ្លាស់​ទី​ និង​ការ​ពង្រីក​ការ​តាំង​លំនៅ​។​

តួលេខ​របស់​អាជ្ញា​ធរ​​ប៉ាឡេស្ទីន​បង្ហាញ​ថា កង​កម្លាំង និង​អ្នក​កាន់កាប់​អ៊ីស្រាអែល​បាន​​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់ ១ ១៦៩នាក់ ​នៅ​តំបន់​ West Bank រួម​ទាំង​ភាគ​​ខាងកើត​ក្រុង​​យេរូសាឡឹម មាន​មនុស្ស​ជាង ១២ ៦០០នាក់​ ​រង​របួស និង​​ឃុំខ្លួន​​ប្រមាណ​២៣ ០០០នាក់​ ​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០២៣ ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម