សេដ្ឋកិច្ច
កម្ពុជាស្នើក្រុមហ៊ុនអាកាសចរណ៍ Malaysia បង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួ មកសៀមរាប-ព្រះសីហនុ
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុនអាកាសចរណ៍បុត្រសម្ព័ន្ធរបស់ខ្លួន Firefly បង្កើនចំនួនជើងហោះហើរត្រង់ពី កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មកភ្នំពេញ និង បង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួ មកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាឡាកា កាលពីពេលថ្មីៗកន្លងទៅនេះ។
ជាមួយនិងការចូលរួមជំរុញកំណើនភ្ញៀវទេសចរមកកម្ពុជា ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នាពេលកន្លងមក លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ផ្លែផ្កា នេះកើតចេញមកពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី នៅគ្រប់កម្រិត និងគ្រប់វិស័យ ដោយរាប់តាំងពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចំណងការទូតដែលមានរយៈពេលជាង ៦៨ឆ្នាំ និងជាពិសេសកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ជាមួយនឹងសម្បទាតភ្ជាប់គ្រប់គ្រាន់របស់កម្ពុជា មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោប្រភេទខ្នាត 4F អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទាំងអស់នេះ គឺជាបច្ច័យវិជ្ជមានដែលចូលរួមជំរុញកំណើនភ្ញៀវទេសចរវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីជុំវិញពិភពលោកដែលធ្វើដំណើរតាមរយៈប្រទេសម៉ាឡេស៊ី មកទស្សនាកម្ពុជា។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នឹងជំរុញការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជារួមគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ី និងអន្តរជាតិមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ កក្នុងរយៈពេល៨ខែកន្លងមកនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជាបានទទួលភ្ញៀវទេសចរម៉ាឡេស៊ីជិត ៧០,០០០ នាក់ ដែលកើនឡើង ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មានជើងហោះហើរត្រង់ទៅមក ភ្នំពេញ-កូឡាឡាំពួរ ចំនួន ៤ជើង ជារៀងរាល់ថ្ងៃ ។ ជាសមាជិករបស់ Oneworld Alliance ក្រុមហ៊ុនអាកាសចរណ៍នេះ មានជើងហោះហើរទៅគោលដៅជាង៩០០ ក្នុងតំបន់/ទីក្រុងចំនួន ១៧០ នៅទូទាំងពិភពលោក។ ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines សម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី ក៏មានក្រុមហ៊ុនអាកាសចរណ៍ Firefly ផងដែរ ដែលធ្វើប្រតិបត្តិការហោះហើរនៅក្នុងស្រុក និងនៅក្នុងតំបន់អាស៊ាន៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


