វប្បធម៌ ជំនឿ
សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានបន្ថែមដាក់តាំងបង្ហាញឧបករណ៍កីតម្បាញខ្មែរ
សារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី បាននាំយកកីតម្បាញចំនួន១ រួមទាំងអ័ក្សចំនួន២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសំបុកនាង មកដាក់តាំងបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរ តាំងតែពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣មកម៉្លេះ។ នេះបើតាមការឱ្យដឹងពី អាជ្ញាធរជាតិអប្សរា នៅរសៀលនេះ។

នាយកស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន ឱ្យដឹងថា សមិទ្ធិផលដែលដាក់តាំងបង្ហាញនេះ ទទួលបានពីកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា និងអង្គការយូណេស្កូប្រចាំកម្ពុជា តាមរយៈមូលនិធិរបស់អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់។ ឧបករណ៍កីតម្បាញសម្រាប់ត្បាញសូត្រ មានហូល និងផាមួងនេះ ថ្វីត្បិតតែធ្វើឡើងថ្មី ក៏ប៉ុន្តែវាត្រឹមត្រូវតាមក្បួនខ្នាតដោយមានឆ្លាក់ក្បាច់លម្អយ៉ាងប្រណិត។

លោក គឹមស៊ុន មានប្រសាសន៍បន្តថា វត្តមានកីតម្បាញខ្មែរនៅសារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សឧបករណ៍កីតម្បាញបុរាណខ្មែរជាមួយសិប្បកម្មតម្បាញនៅទូទាំងប្រទេសមិនឱ្យបាត់បង់ ព្រោះវិស័យតម្បាញមានភស្តុតាង មនុស្សសម័យបុរេប្រវត្តិដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ មានចំណេះដឹងក្នុងការត្បាញសម្រាប់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរួចទៅហើយ។

លោក គឹមស៊ុន បញ្ជាក់ទៀតថា កីតម្បាញតាមបែបបុរាណខ្មែរនេះ អាចផ្តល់ជាប្រយោជន៍ចំពោះសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យការសិក្សាស្វែងយល់ពីកេរដំណែលស្នាដៃបុព្វបុរសខ្មែរ ដែលមានជាយូរលង់មកហើយ។ ការតាំងបង្ហាញកីតម្បាញនោះទៀតសោត ក៏មិនមែនត្រឹមតែឱ្យភ្ញៀវចូលទៅទស្សនាឧបករណ៍តែប៉ុណ្ណោះទេ គឺអ្នកជំនាញរបស់សារមន្ទីរ នឹងពន្យល់ទៅតាមដំណាក់កាលនីមួយៗ នៃដំណើរការត្បាញហូល ដើម្បីបង្ហាញជូនភ្ញៀវទស្សនាផង និងអាចឱ្យភ្ញៀវសាកល្បងត្បាញផងក៏បាន ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀបត្បាញតាមបែបបុរាណខ្មែរ។

សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានលក្ខណពិសេសជាងសារមន្ទីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា គឺការដាក់តាំងបង្ហាញកីតម្បាញមកពីប្រទេសជាច្រើន ដូចជាប្រទេសឥណ្ឌា ប្រទេសឡាវ ប្រទេសភូមា ហើយឧបករណ៍ទាំងនោះមានលក្ខណៈពិសេសរៀងៗខ្លួន ដោយបច្ចេកទេសធ្វើឡើងទៅតាមលក្ខខណ្ឌបរិបទ នៃបរិស្ថានផ្សេងៗគ្នា។

ពេលអនាគត សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានបំណងនាំយកឧបករណ៍តម្បាញមួយចំនួនមកពីតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាមកតាំងបង្ហាញដល់សាធារណជនដែរ។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


