វប្បធម៌ ជំនឿ
ព្រឹទ្ធាចារ្យគុនខ្មែរ លះបង់ផលិតភាពយន្ត បង្ហាញជីវិតគ្រូល្បុក្កតោសម័យបុរាណ មិនមានអ្នកដឹង
ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន បានតស៊ូជាង ២០ឆ្នាំ ទម្រាំស្រាវជ្រាវឱ្យក្បាច់គុនខ្មែរ ល្បុក្កតោឱ្យរស់ឡើងវិញ ដោយបានធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងតាៗជាគ្រូ និងសិស្សគុន។ ជាមួយគ្នានេះ លោកខិតខំសម្រេចផលិតភាពយន្ត ដើម្បីរំលឹកវប្បធម៌អតីតមហានគរជាព្រលឹងបុព្វបុរស និងជាបេតិកភណ្ឌជាតិ ដែលបានបាត់បង់អស់ជាង ២០០០ឆ្នាំ។

បណ្ឌិត សាន គឹមស៊ាន បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា រឿង ព្រលឹងល្បុក្កតោ ជាស្នាដៃ និពន្ធ ដឹកនាំសម្ដែង កាត់តលោក ដែលខិតខំបង្កើតភាពយន្តនេះ ក្នុងនាមជាអ្នកស្រឡាញ់ ជាអ្នកខំស្នងក្បាច់គុនខ្មែរបន្តពីគ្រូៗជំនាន់មុនដោយមានការលំបាកជាច្រើន។

ព្រឹទ្ធាចារ្យ សាន គឹមស៊ាន មានប្រសាសន៍បន្តថា៖ “ទោះខ្ញុំមានជីវភាពមិនគ្រប់គ្រាន់ តែព្រលឹងបុព្វបុរសនៅជាមួយខ្ញុំរាល់ពេល ខ្ញុំមិនដែលបោះបង់ចោលទេ។ ក្នុងភាពយន្តនេះ ខ្ញុំចង់ឱ្យកូនចៅជំនាន់ក្រោយដឹង ការរស់នៅរបស់គ្រូៗដែលជាគ្រូរបស់ខ្ញុំ ដែលខ្ញុំបានរៀនសូត្រ បានយល់ដឹងប្រវត្តិពីពួកគាត់ គឺកាប់មិនមុត ដុតមិនឆេះ ក្បាច់គុននេះក្បាច់គុននោះ គឺមានបង្ហាញនៅក្នុង ភាពយន្ត ព្រលឹងល្បុក្កតោ នេះ”។

ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងថា៖ “ភាពយន្តរឿង ព្រលឹងល្បុក្កតោនេះ បង្កើតឡើងដើម្បីបង្ហាញក្បាច់មួយចំនួនក្នុងគុនខ្មែរបុរាណ ដែលល្បុក្កតោជាក្បាច់គុនសំខាន់ក្នុងជួរកងទ័ព ក្នុងស្រទាប់ប្រជាជន ក្នុងការការពារទឹកដី។ តួសម្ដែង គឺជាអ្នកគុនល្បុក្កតោពិតៗ ដើម្បីបង្ហាញក្បាច់គុនខ្មែរច្បាស់លាស់ ហើយខ្ញុំបានពិនិត្យពិច័យនូវក្បាច់នីមួយៗដែលសម្ដែងនេះ ដោយបានបង្ហាត់ និងកែគ្រប់យ៉ាង ដើម្បីបញ្ជាក់ជូនកូនចៅជំនាន់ក្រោយឱ្យបានឃើញថា ល្បុក្កតោជាក្បាច់គុនរបស់ដូនតាខ្មែរពិតៗ មិនលួចចម្លងពីក្បាច់គុនបរទេសណាទេ ដោយក្បាច់គុននេះ មានកំណើតតាំងពីមុនសម័យអង្គរទៅទៀត”។

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន បានឱ្យដឹងបន្ថែមថា លោកធ្លាក់ខ្លួនពីមាន មកក្រ គឺដើម្បីកសាង ទ្រទ្រង់ ក្បាច់គុនវប្បធម៌ជាតិ។ លោក លើកឡើងថា ការផលិតភាពយន្តនេះ មានការលំបាកច្រើន ហើយលោកបានសរសេររឿងនេះចប់ដោយទុកចោលអស់រយៈពេល២ឆ្នាំ ដោយសារមិនមានថវិកា។ ភាពយន្តនេះត្រូវបានចាប់ផ្ដើមដំណើរការថតចាប់ពីឆ្នាំ២០១៨ និងបញ្ចាំង ចាប់ពីថ្ងៃទី១៦ ខែមីនា នេះ នៅគ្រប់រោងភាពយន្តនៅកម្ពុជា។

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន មានប្រសាសន៍ថា ទោះបីការផលិតភាពយន្តមិនបានល្អ ១០០% ដោយសារកង្វះធនធានថវិកា លោកសូមសំណូមពរប្រជាពលរដ្ឋយោគយល់ ចូលរួមគាំទ្រ រិះគន់ស្ថាបនា ដោយយកព្រលឹងជាតិដាក់ក្នុងបេះដូង ដើម្បីឈានដល់ការផលិតភាពយន្តពីក្បាច់គុនល្បុកតោបន្តទៀត។

គួរបញ្ជាក់ថា ភាពយន្ត រឿង ព្រលឹងល្បុកតោ ថ្លែងពីសម័យបុព្វកាលដ៏យូរលង់ គ្រាភូមិស្រុកប៉ែកខាងតំបន់ភ្នំមានការទន្ទ្រានលុកលុយដោយក្រុមចោរព្រៃដ៏សាហាវយង់ឃ្នង មានបុរសចាស់ម្នាក់ឈ្មោះតាស៊ាន ត្រឡប់ចុះពីលើភ្នំវិញ ជួបរឿងគួរឱ្យរន្ធត់ស្មារតី គឺ មរណភាពបុរសៗក្នុងភូមិ និងភូមិស្រុកត្រូវបានប្លន់ និងបំផ្លាញក្លាយជាផេះផង់។

ភាពយន្តនេះ បង្ហាញ ពីការស្តារឡើងវិញ ការសាងសង់ភូមិស្ថានមករកភាពសុខដុមរមនាជាច្រើនឆ្នាំ និងសេចក្តីស្នេហារបស់កំលោះក្រមុំជនបទព្រៃភ្នំ ជាពិសេសវប្បធម៌ប្រពៃណីដូនតាខ្មែរ។ បញ្ហាប្រឈមដ៏ធំនៃសាច់រឿងគឺការត្រឡប់មកសារជាថ្មីនៃ ពួកចោរព្រៃ បណ្តាលឱ្យយុវជន យុវតីក្នុងភូមិត្រូវក្រោកឈរឡើងរួមគ្នាការពារបូរណភាពទឹកដីខ្លួន ជាពិសេស ក្បាច់គុណល្បុក្កតោ ដែលជា ដួងព្រលឹងនៃជាតិខ្មែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ
-
កីឡា១ សប្តាហ៍ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
Yaya បង្អួតប៊ីគីនីឆ្លុះសាច់ពណ៌ខ្មៅ លើកោះ ម៉ាល់ឌីវ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា