Connect with us

សេដ្ឋកិច្ច

​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​សម្រេច​បាន​ជាង ២០ ​ម៉ឺន​តោន ​ធ្លាក់​ចុះជាង ៤%​ តែផលិតកម្ម​កែច្នៃ​ដំណាប់​ស្វាយកើនឡើង​

បានផុស

នៅ

យោងតាមអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម ​បានឱ្យដឹងថា ​គិតចាប់ពីខែមករា ​ដល់ខែ កញ្ញា ​ឆ្នាំ ២០២៥ ​​កម្ពុជា​សម្រេច​បាន​ការ​នាំចេញ​ ​ផ្លែស្វាយស្រស់​ចំនួន ​២០៦ ​៨៦០ ​តោន​ ធ្លាក់ចុះ ​៤% ​ធៀបនឹង​រយៈពេល​ដូចគ្នា ​នៅឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ថយចុះ​ ដោយសារ​រោងចក្រដំណាប់ស្វាយ​ក្នុងស្រុក​បានប្រមូលទិញផ្លែស្វាយស្រស់​មកកែច្នៃ​ជាដំ​ណាប់​ស្វាយ​ដើម្បីនាំចេញ​ទៅទីផ្សារក្រៅប្រទេស​។

​គិតត្រឹមរយៈពេល ​៩ ​ខែ ឆ្នាំ ២០២៥ ​ការនាំ​ចេញ​ដំណាប់ស្វាយ​មានការកើនឡើង​ចំនួន ​២៧,៥៤% ​បើធៀបនឹងរយៈពេល​ដូចគ្នា​ឆ្នាំ ​២០២៤។

​យ៉ាងណាក៏ដោយ ​កសិករបានលើកឡើងថា ​តម្លៃស្វាយកែវ​រមៀតបានធ្លាក់ចុះយ៉ាងគំហុកដល់ ១៥០ រៀល ក្នុងមួយគីឡូក្រាម ហើយ​សឹងតែគ្មានឈ្មួញទិញកាលពីរដូវប្រមូលផល​នៅចុងខែមេសា​ឆ្នាំ ២០២៥នេះ​។

​អ្នកស្រី ឈឺន សាវ័ន រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងបានប្រាប់ថា ស្វាយ​របស់អ្នកស្រីចោលពេញចម្ការ ដោយមិនបានប្រមូលផល​សោះឡើយ ដោយសារតែគ្មានទីផ្សារ ហើយក៏គ្មានឈ្មួញណាម្នាក់ចុះទិញទាល់​តែសោះ ហើយបើមានអ្នកទិញគឺសំរិតសំរាងយក ស្វាយ​ល្អហើយបានតម្លៃ ១៥០ រៀល ក្នុងមួយគីឡូក្រាម។

​លោក ច័ន្ទ សុផល ​នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលសិក្សាគោលនយោបាយមានប្រសាសន៍ថា​ ផលិត​កម្មស្វាយ​នៅកម្ពុជា ​មានលើសតម្រូវការប្រមាណ ១០ ដង ក្នុង​មួយឆ្នាំ ខណៈ​​អ្នក​សល់ដីធំៗជាច្រើន តែង​តែដាំស្វាយកែវរមៀត។​

​លោក ច័ន្ទ សុផល ​លើកឡើង​ថា៖ «ស្វាយនៅកម្ពុជាលើសតម្រូវការអន្តរជាតិ ១០ ដង ​ដូចតម្រូវ​ការ​គេប្រមាណ ៣០ ​ម៉ឺនតោន ក្នុងមួយ​ឆ្នាំ យើងមានសឹងតែ ​៣ លានតោន ​មកពី​ដីធំៗមួយចំនួន​ដែល​គេមាន គេមិនដឹងធ្វើអី ចេះតែដាំស្វាយទៅ ស្វាយកែវរមៀតហ្នឹងចេះតែដាំ ចាប់ដើមរដូវវស្សា​ដាំមិន​បាច់ស្រោចទឹកទេ»៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម