Connect with us

សេដ្ឋកិច្ច

កម្ពុជា​នាំចេញ​ទៅ​អាមេរិក​សម្រេច​បាន​នូវ​ទំហំ​ទឹកប្រាក់ ​៩,២ ​ពាន់​លាន​ដុល្លារ នៅរយៈ​ពេល ​៩ ​ខែ​

បានផុស

នៅ

សហរដ្ឋអាមេរិក​នៅតែ​ជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំជាង​គេ​របស់​កម្ពុជា ដែល​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ៩ ​ពាន់លានដុល្លារ នៅ​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២៥ ​កើនឡើង ២២,៦% ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០២៤ ​មាន​ទំហំទឹកប្រាក់ជាង ៧,៨ ពាន់លានដុល្លារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ទិន្នន័យ​របស់​អគ្គ​នា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) បង្ហាញ​ថា គិត​ចាប់​ពី​ខែ​មករា ដល់កញ្ញា ឆ្នាំ ២០២៥ ការ​ដោះ​ដូរ​ទំ​និញ​​​រវាង​កម្ពុជា និង​អាមេរិក សម្រេច​បាន​ ៩,៥៦ ​ពាន់លានដុល្លារ ក្នុងនោះ កម្ពុជា​នាំ​ទំនិញ​ចេញ​ទៅ​អាមេរិក​មាន​ទំហំ​ទឹកប្រាក់​ជាង ៩,២៨ ពាន់​លាន​ដុល្លារ កើនឡើង ២២% ​ចំណែក​អាមេរិក​នាំចូល​មក​វិញ ​មាន​ទឹកប្រាក់ ២៨៣ លានកើន ៤៦,៩%។​​

​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មាន​ដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើប្រាស់មួយចំនួនទៀត។ ចំណែក​អាមេរិក​នាំចូល​មកវិញ មាន​ដូច​ជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿង​សំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាន​ប្រ​សាសន៍​ថា សហរដ្ឋអាមេរិក​ទើបតែ​សម្រេច​យកពន្ធ​លើ​ទំនិញ​របស់​កម្ពុជា​នាំ​ទៅ​អាមេរិក ក្នុង​អត្រា ១៩% កាល​ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥​ដែល​អត្រានេះ នឹង​ធ្វើ​ឱ្យកម្ពុជា​មានលទ្ធភាព​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេសជិតខាង និង​ថែរក្សា​រោងចក្រ​ដែល​មានស្រាប់​ព្រមទាំង​ទាក់​ទាញ​​ការ​វិនិ​យោគ​កាន់តែ​ច្រើន​បន្ថែមទៀត។

​លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖ «កាលណារំហូរពា​ណិជ្ជ​កម្មកាន់តែល្អ ចរន្តនៃការផ្លាស់ប្ដូរទំនិញកាន់តែល្អ ការវិនិយោគក៏ល្អ ការផ្លាស់ប្ដូរសេវា​កម្មកាន់​តែល្អ ភាពរីកចម្រើននៃការធ្វើពាណិជ្ជកម្ម កាន់តែនាំមកនូវការអភិវឌ្ឍ និងវិនិយោគ»។

​នៅក្នុងឆ្នាំ ​២០២៤ ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-អាមេរិក​សម្រេច​បាន​ទឹកប្រាក់ជាង ១០ ពាន់លាន​ដុល្លារ​កើនឡើង ១១% ធៀប​នឹង​ឆ្នាំ​ ២០២៣​ ក្នុង​នោះ ​កម្ពុ​ជា​​នាំចេញ​ទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លាន​ដុល្លារ កើន​ឡើង ១១,៤% និង​ទំនិញ​អា​មេរិកនាំចូល​មក​​​កម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ កើន ២%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម