Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យដូងក្រអូបថៃជួបវិបត្តិ ខណៈវៀតណាម​ដណ្ដើមទីផ្សារនៅចិន

បានផុស

នៅ

ឧស្សាហកម្មដូងក្រអូបរបស់ថៃ កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ​ ដោយសារ​តម្លៃធ្លាក់ចុះដល់តិចជាង​ពាក់កណ្តាលនៃថ្លៃដើមផលិតកម្ម ដែលបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនសម្រាប់កសិករ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹង​នោះ ​វៀតណាមឯណោះវិញ បានចាប់យកទីផ្សារលក់ដូង​ដ៏សំខាន់​នៅចិន ដែលពីមុនជាអតិថិជន​​ទិញដូងដ៏សំខាន់របស់​ថៃ ​ក្រោយ​សម្រេច​បាន​ពិធីសារនាំចេញជាផ្លូវការជាមួយ​ចិន​កាលពីឆ្នាំមុន​។

កសិករដាំដូងក្រអូបបាន​ចោទប្រកាន់រដ្ឋាភិបាលខ្លួន​ថា បោះបង់ពួកគេចចោល​ ខណៈតម្លៃដូងធ្លាក់ចុះក្រោម ៣ បាត/ផ្លែ ដែល​បណ្ដាលឱ្យ​មាន​ការខាតបង់រាប់រយលាន​បាត។​

ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃនេះ ភាគច្រើនបណ្តាលមកពីការដណ្តើមយកទីផ្សារ​របស់​វៀតណាម ​ដែល​កាន់តែមាន​ប្រៀប​ផ្នែក​ប្រកួតប្រជែងក្នុងការដឹកជញ្ជូន និងទំហំផ្គត់ផ្គង់​ ខណៈ​គុណភាពដូងរបស់​ថៃ​បន្តឡើងចុះ។

អ្នកជំនាញផ្នែកស្រាវជ្រាវ និងគ្រប់គ្រង​កសិកម្មថៃ លោក Tattawin Saruno បាននិយាយថា ស្ថានភាពបច្ចុប្បន្ន​គឺធ្ងន់ធ្ងរណាស់។ គិតត្រឹមថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ ដូងក្រអូបនៅខេត្ត​ Songkhla ត្រូវបានលក់ក្នុងតម្លៃត្រឹមតែ ២-៣ បាត/ផ្លែ ខណៈ​ថ្លៃដើមផលិតកម្មជាមធ្យម ៤-៥ បាត/ផ្លែ។ នៅតំបន់ខ្លះ អ្នកទិញបានឈប់ទិញ ដែលបង្ខំ​កសិករទុកដូង​ឱ្យខូចចោល។

​អ្នកជំនាញដដែលបន្តថា ថៃ​ប្រមូលផលផ្លែដូងប្រហែល ៥០០ លានផ្លែ/ឆ្នាំ ​ដូច្នេះរាល់ការធ្លាក់ចុះតម្លៃ ១ បាត/ផ្លែ មានន័យថា ថៃខាតបង់ ៥០០ លានបាត ដែល​នេះ​គំរាមកំហែងដល់ឧស្សាហកម្មដែលមាន​តម្លៃនៃការនាំចេញរាប់សិបប៊ីលាន​បាតមួយ​នេះ។​

មូលហេតុចម្បងនៃវិបត្តិនេះ គឺការចូលទៅទីផ្សារចិនដ៏ធំរបស់វៀតណាមដោយជោគជ័យ។ ខណៈ​កសិករខ្នាតតូចថៃ​ប្រឈមនឹង​ការធ្លាក់ចុះតម្លៃដូង ​វៀតណាមទទួលបានអត្ថប្រយោជន៍សំខាន់មួយនៅឆ្នាំ ២០២៤ ដោយការចុះហត្ថលេខាលើពិធីសារជាមួយ​ចិន លើការអនុញ្ញាតឱ្យនាំចេញដូងស្រស់។ ការដឹកជញ្ជូនរបស់វៀតណាមបានកើនឡើងយ៉ាងឆាប់រហ័សនៅចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ ដែលស្របគ្នានឹងការធ្លាក់ចុះនៃតម្លៃរបស់ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម