Connect with us

ព័ត៌មានជាតិ

កម្ពុជា-អាល្លឺម៉ង់ រួមគ្នាលើកកម្ពស់និរន្តរភាពវិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូប តាមរយៈគម្រោង FABRIC Cambodia II

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Christof Weigelmeier អនុប្រធានបេសកកម្ម និងជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងសម្រាប់អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស «ឧស្សាហកម្មវាយនភណ្ឌប្រកបដោយចីរភាពនៅកម្ពុជា ជំហានទីពីរ (FABRIC Cambodia II)» រវាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) កាលពីព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ នាទីស្តីការក្រសួង ក្នុងទិសដៅបន្តលើកកម្ពស់ខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និង ពង្រឹងការអនុលោមតាមស្តង់ដារសង្គម និង បរិស្ថាន ដោយសហការជាមួយវិស័យសាធារណៈ និង ឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបន្តគាំទ្រ និង ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូប (GFT)។ ការចុះកិច្ចព្រមព្រៀងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជន និង រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការគាំទ្រ និង ចែករំលែកសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ជាពិសេសកម្មករ-និយោជិត។ ពិធីនេះ មានអត្ថន័យលើសពីកិច្ចព្រមព្រៀងក្នុងការពង្រឹងភាពជាដៃគូអន្តរជាតិឱ្យកាន់តែរឹងមាំ និងជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រែក្លាយគោលបំណងរួមដ៏ឧត្តុង្គឧត្តមទៅជាសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងដល់កម្មករ-និយោជិត សហគ្រាស និង ជួយពង្រឹងមូលដ្ឋានគ្រឹះ នៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។

ជាមួយនឹងការលើកឡើងពីជោគជ័យ នៃគម្រោងក្នុងជំហានទីមួយ លោកមានប្រសាសន៍ថា វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូប ដែលនៅតែបន្តដើរតួនាទីជាកម្លាំងស្នូលដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការនាំចេញ មុខរបរ និង ការងារ និង ការអភិវឌ្ឍសង្គមកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរយ៉ាងសំខាន់ ស្របពេលដែលទីផ្សារសកលកាន់តែផ្តោតលើនិរន្តរភាពបរិស្ថាន ស្តង់ដារការងារខ្ពស់ និង ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់ការងារសមរម្យ ផលិតភាព និរន្តរភាពបរិស្ថាន និង ការអនុវត្តច្បាប់ ជាអាទិភាពស្នូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ និង យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា ២០២២-២០២៧។

លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែងជាមួយ GIZ ដែលលើសពីការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើការផ្លាស់ប្តូរចំណេះដឹង ការពង្រឹងស្ថាប័ន កិច្ចសន្ទនាគោលនយោបាយ និង ការអភិវឌ្ឍសមត្ថភាព ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធអធិការកិច្ចការងារ សុវត្ថិភាព និង សុខភាពការងារ ការលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និង ការអភិវឌ្ឍកម្លាំងពលកម្ម ព្រមទាំងជួយកម្ពុជាត្រៀមខ្លួនឆ្លើយតបនឹងស្តង់ដារអន្តរជាតិថ្មីៗ។ ក្រសួង ក៏បន្តពង្រឹងការអនុវត្តផ្នែកសុវត្ថិភាព និង សុខភាពការងារ ជំរុញការធ្វើបរិវត្តកម្មឌីជីថល និង ពង្រឹងការត្រៀមខ្លួនក្នុងការឆ្លើយតបនឹងគោលការណ៍​អន្តរជាតិ ដូចជា បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG) និង ការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និង បរិស្ថាន (HREDD)។

ដើម្បីភាពជោគជ័យ នៃគម្រោងនេះ គឺទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាល និយោជក អង្គការតំណាងកម្មករ-និយោជិត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និង ក្រុមហ៊ុនម៉ាកល្បីៗ អន្តរជាតិ។ តាមរយៈការប្តេជ្ញាចិត្ត និង ភាពជាដៃគូរួម លោករដ្ឋមន្រ្តី ជឿជាក់យ៉ាងមុតមាំថា គម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ ពង្រឹងនិរន្តរភាពបរិស្ថាន ជំរុញការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និង ធានាឱ្យវិស័យនេះបន្តរក្សាបាននូវភាពប្រកួតប្រជែង និង ភាពធន់នៅក្នុងទីផ្សារពិភពលោកសម្រាប់ផលប្រយោជន៍រួម។

ទន្ទឹមនេះ លោក Christof Weigelmeier មានប្រសាសន៍ថា អាល្លឺម៉ង់ មានមោទនភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈគម្រោងដ៏សំខាន់នេះ ដើម្បីបន្តលើកកម្ពស់សិទ្ធិការងារ ស្តង់ដារបរិស្ថាន និង សង្គម ព្រមទាំងគាំទ្រការអភិវឌ្ឍវិស័យ GFT ដោយលោកគូសបញ្ជាក់ថា ការពង្រឹងស្តង់ដារបរិស្ថាន សង្គម សិទ្ធិមនុស្ស និង ការត្រួតពិនិត្យអនុលោមភាព នឹងជួយបង្កើនភាពប្រកួតប្រជែងកម្ពុជាក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល។ លោកថ្លែងថា អាល្លឺម៉ង់ ត្រៀមខ្លួនបន្តគាំទ្រគម្រោងនេះបន្ថែមទៀត និង ប្តេជ្ញាបន្តធ្វើជាដៃគូដ៏រឹងមាំរបស់កម្ពុជាទាំងក្នុងដំណើរឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម