Connect with us

ព័ត៌មានជាតិ

៦ ចំណុចធំៗ​​រដ្ឋាភិបាល គាំពារ​សហគ្រាស​ក្នុង​​ស្រុក មានទាំង​​សម្រួលពន្ធដារ បង្កើតធនាគារផ្តល់កម្ចីការប្រាក់ទាប និង​បង្កើត​មូលនិធិគាំទ្រ

បានផុស

នៅ

ខណៈដែលសហគ្រាសធុនតូច និងមធ្យម គឺជាប្រភពដ៏សំខាន់ក្នុងការបង្កើតការងារ និងជាកម្លាំងចលករដ៏ចម្បងក្នុង​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញយន្តការជាច្រើន ដើម្បីគាំទ្រនិងគាំពារដល់សហហគ្រាសក្នុងស្រុក តាមរយៈ​ការជំរុញ​ពង្រីក​ខ្សែសង្វាក់ផលិតកម្ម បង្កើនសមត្ថភាពប្រកួតប្រជែង ឈាន​ទៅ​បង្កើត​ឯករាជ្យភាព ដើម្បី​កាត់បន្ថយការពឹងផ្អែកការនាំចូលផលិតផលពីបរទេស។

ថ្លែងក្នុងពិធីបើក «វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា » ដែលធ្វើឡើង​កាលពីពេលថ្មីៗកន្លងទៅនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា រដ្ឋាភិបាល​ក្នុង​នីតិកាលទី ៦ បានដាក់ចេញវិធានការអន្តរាគមន៍ជាច្រើន ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក គោលដៅ​ពង្រឹងសមត្ថភាព​ផលិតកម្មក្នុងស្រុក ​មានលទ្ធភាព​អាច​ប្រកួតប្រជែង និង​ឈានទៅ​បម្រើទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើង​ពី​វិធានការ​ ៦ ចំណុចធំៗ​របស់​រដ្ឋាភិបាល ដើម្បី​គាំទ្រនិងគាំពារដល់សហគ្រាសធុនតូចនិងមធ្យម​ក្នុងនោះរួមមាន៖

-ការ​លើកទឹកចិត្តផ្នែកសារពើពន្ធ៖ សម្របសម្រួលនីតិវិធីគយ ផ្តល់ការលើកលែងនិងអនុគ្រោះពន្ធដារ និងសម្រួលកាតព្វកិច្ចសារពើពន្ធផ្សេងៗ។
-កែលម្អបរិយាកាសធុរកិច្ច៖ ដាក់ចេញកម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា​​។
-លើកកម្ពស់ការទទួលបានហិរញ្ញប្បទាន៖ បង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសាជីវកម្មធានាឥណទានកម្ពុជា។
-ជំរុញសហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល៖ បង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរ។
-គាំទ្រដល់ការអភិវឌ្ឍជំនាញ៖ ផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រតាមរយៈមូលនិធិអភិវឌ្ឍជំនាញ។
-លើកកម្ពស់ស្តង់ដាផលិតផល៖ កសាងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីធ្វើតេស្ត វាយតម្លៃ និងផ្តល់ស្តង់ដាទទួលស្គាល់ត្រឹមត្រូវ។

លោករដ្ឋមន្រ្តីបានបន្តថា ពាក់ព័ន្ធការកែទម្រង់និងទិសដៅយុទ្ធសាស្ត្រទៅមុខ រាជរដ្ឋាភិបាលកំពុងរៀបចំយន្តការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យមតាមប្រព័ន្ធអនឡាញថ្នាល (CamDX) ជាកញ្ចប់រួមតែមួយ ដែលជួយសន្សំពេលវេលា ដោយមិនតម្រូវឱ្យម្ចាស់សហគ្រាសរត់ការឯកសារតាមក្រសួងនីមួយៗទៀតឡើយ។

ជាមួយគ្នានេះ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក៏កំពុងរៀបចំជិតរួចរាល់ ដែលរំពឹងថានឹងដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗ ដើម្បីផ្តល់កញ្ចប់លើកទឹកចិត្តបន្ថែមទៀតដល់ SME ដែលបានចុះបញ្ជីត្រឹមត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម