Connect with us

សេដ្ឋកិច្ច

អ្នកជំនាញស្នើសុំកំហិតការផ្សាយគ្រឿងស្រវឹងត្រឹមម៉ាក និងឡូហ្គោ ដើម្បីកាត់បន្ថយការទាក់ទាញកុមារ ពិសេសយុវជនឱ្យសេពគ្រឿងស្រវឹង

បានផុស

នៅ

យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញថាការអនុវត្តប្រកាសលេខ ០៨៤ ប្រក.ពម ស្ដីពីការកំណត់អំពីបែបបទនីតិវិធី និងវិធានការក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នឹងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ការកុមារ និងយុវជនពីការទាក់ទាញឱ្យសេពគ្រឿងស្រវឹងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភាគច្រើនការផ្សព្វផ្សាយគ្រឿងស្រវឹងគឺមកពីការទាក់ទាញតាមរយៈការអូសទាញឱ្យប្រើប្រាស់គ្រឿងស្រវឹងតាមរូបភាពណាមួយ។ លោកបន្តថា តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក របាយការណ៍បង្ហាញថា អ្នកទទួលទានគឿងស្រវឹងកាន់តែមានចំនួនច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង លទ្ធផលចុងក្រោយនេះ ហាក់មិនទាន់ឆ្លើយតបបានទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញកាលពីពេលកន្លងទៅ។

យ៉ាងណាមិញ លោកបណ្ឌិត គី សេរីវឌ្ឃន៍ មើលឃើញថា ៦៦% នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទូរទស្សន៍ ចន្លោះម៉ោង១៨:០០-២០:០០ បានផ្សារភ្ជាប់ជាមួយរង្វាន់ ពាក្យពេចន៍ជំរុញការផឹក សកម្មភាពយុវជនផឹកជុំគ្នា និងរូបភាពតារាកាន់ដបគ្រឿងស្រវឹងជាដើម ដែលបំពានទៅនឹងគោលការណ៍ទី៦ នៃប្រកាស។

ជាមួយគ្នានោះ ជាង៦០% នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ស្ថិតនៅជិតជាងចម្ងាយ២០០ម៉ែត្រជុំវិញគ្រឹះស្ថានសិក្សា ដែលជាការប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍ទី៧ នៃសេចក្ដីប្រកាស។

ចំណែកជាង៨០% នៃការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង តាមទម្រង់អេឡិចត្រូនិក ឬឌីជីថល ឬបណ្ដាញទំនាក់ទំនងសង្គម មិនបានរចនាទំព័រចែងអំពីការហាមអនីតិជនចូលទស្សនា ដូចការកំណត់ក្នុងប្រកាសនោះទេ។ ជាងពាក់កណ្តាលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនបានដាក់សារអប់រំ តាមការចង្អុលបង្ហាញក្នុងគោលការណ៍ទី៩ នៃសេចក្ដីប្រកាស។

ដោយរកឃើញថា ការអនុវត្តវិធានការសំខាន់ៗគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដូចមានចែងក្នុងប្រកាសលេខ០៨៥ ពុំមានប្រសិទ្ធភាពគ្រប់គ្រាន់ និងមានភាពលំបាកខ្លាំងក្នុងការពង្រឹងការអនុវត្ត ក្រុមការងារស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើសុំក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពិចារណាដាក់ចេញបន្ថែមនូវវិធានការកំហិតការផ្សាយពាណិជ្ជកម្ម ដែលងាយស្រួលក្នុងការពង្រឹងការអនុវត្ត និងដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោក ថាមានប្រសិទ្ធភាពដើម្បីបង្ការកុមារ និងយុវជនពីការទាក់ទាញឱ្យសេពគ្រឿងស្រវឹង។

ស្ថិតក្នុងដំណាក់កាល ដែលកម្ពុជាមិនទាន់អាចហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងបាន យើងគួរកំហិតការផ្សាយពាណិជ្ជកម្មឱ្យមានត្រឹមម៉ាកនិងឡូហ្គោគ្រឿងស្រវឹង ដោយហាមមិនឱ្យមានការផ្សារភ្ជាប់ជាមួយរង្វាន់ ប្រើតារា និងបុគ្គលមានឥទ្ធិពល និងការផ្សាយតាមប្រព័ន្ធឌីជីថល ជាដើម។

ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យក្មេងកំពុងកើនឡើងគួរឱ្យព្រួយបារម្ភ ទាំងក្នុងចំណោមបុរសនិងស្ត្រី។ ផលប៉ះពាល់ នៃការសេពគ្រឿងស្រវឹង រួមមាន ជំងឺជាង២០០មុខ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការខាតបង់ថវិកា ជាពិសេសផលប៉ះពាល់លើមូលធនមនុស្សរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម