Connect with us

សេដ្ឋកិច្ច

ការ​ដោះដូរ​ទំនិញ​អន្តរជាតិ​កម្ពុជា ​សម្រេច​បាន​ជាង ​៦ ​ពាន់លានដុល្លារ ​កើនឡើង ១៩% ​នៅ​​ខែ​មករា​

បានផុស

នៅ

ការដោះដូរ​ទំនិញ​កម្ពុជា​ ជាមួយ​ដៃ​គូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ ៦ ​ពាន់លាន​ដុល្លារ ​នៅ​ក្នុង​ខែមករា ​ឆ្នាំ ២០២៦ ​កើន​ឡើង​ ១៩% ​ប្រៀបធៀប​នឹង​រយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា ​បង្ហាញថា ​នៅក្នុងខែមករា ឆ្នាំ ២០២៦ ​ការ​នាំ​ចេញ-នាំចូល​ទំ​និញ​រវាងកម្ពុជា ជា​មួយ​ដៃ​គូ​អន្តរជាតិ​មាន​ទំហំ​ទឹក​ប្រាក់​សរុប ៦ ពាន់លានដុល្លារ កើន​ឡើង ១៩% ក្នុង​នោះ​កម្ពុជា​នាំចេញ​មានតម្លៃ ២,៩១ ពាន់លានដុល្លារ កើនឡើង ២៦,៦% និង​នាំចូល​មានតម្លៃ ៣,១០ ពាន់លានដុល្លារ កើន ២២,៥%។​​​

ទំនិញសំខាន់ៗ​របស់កម្ពុជា ​ដែលនាំចេញទៅទីផ្សារ​អន្តរជាតិ ​មាន​សំបកកង់រថយន្ត ​គ្រឿងបន្លាស់ គ្រឿងបង្គុំគ្រឿងអគ្គិសនី និងសង្ហារឹម ព្រមទាំងសម្លៀកបំពាក់ ស្បែកជើង និងសម្ភារ​ធ្វើដំណើរ។​​ ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជារួម​មាន​ ចិន អាស៊ាន ​អាមេរិក សហភាពអឺរ៉ុប ​ជប៉ុន កាណាដា ​អង់គ្លេស ​កូរ៉េខាងត្បូង ​អូស្ត្រាលី ​និងឥណ្ឌា។

​អ្នកឧកញ៉ា ​លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ប្រាប់កម្ពុជាថ្មី​នៅថ្ងៃទី ​១០ ​ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​ថា គម្រោង​វិនិយោគនៅកម្ពុជាកើនឡើងបានបង្កើនការផលិត ខណៈកម្ពុជានៅបន្តទទួលបានប្រព័ន្ធ​អនុគ្រោះពន្ធដូចជា EBA និង GSP ពីបណ្ដាប្រទេសមួយចំនួន ឬក៏កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងបណ្ដាប្រទេសមួយចំនួនទៀត ​ដែលនាំឱ្យការនាំចេញ​របស់កម្ពុជាកើនឡើង​។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​ កម្ពុជា​នៅតែ​រក្សាបានទីផ្សារសំខាន់ៗ​របស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានាបាន​នូវការផ្គត់ផ្គង់​ បង្កើត​សក្ដា​នុភាព ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ និង​រក្សាបាននូវជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​។

​លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ​ប្រាប់កម្ពុជាថ្មីថា កម្លាំង​សេដ្ឋកិច្ចកម្ពុជានៅតែមានសន្ទុះលើវិស័យមួយចំនួន ​ខណៈវិស័យមួយចំនួន​ក៏រងផល​ប៉ះ​ពាល់។

​លោកបណ្ឌិត គី សិរីវឌ្ឍន៍ ​យល់ឃើញថា៖ «​ការនាំចេញច្រើន ​ទីផ្សារយើងធំ ​៣០% គឺ សហរដ្ឋអាមេរិក ​ជិត ២០% ​គឺអឺរ៉ុប ​ហើយទីផ្សារមួយចំណែក​នៅក្នុងតំបន់អាស៊ាន ​និងចិន»។

​បើតាម​អ្នកស្រាវជ្រាវរូបនេះ ទោះជាវិស័យមួយចំនួន​កំពុងជាប់គាំងក៏ដោយ ​ក៏ប៉ុន្តែ​វិស័យ​ឧស្សាហកម្ម កមន្ត​សាល ​និងនាំចេញកំពុងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើន ដែលបានផ្ដល់ការងារ​ដល់កម្លាំងពលកម្មក្នុងស្រុក។​

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបាន​នូវ​ទំហំ​ទឹក​ប្រាក់​ ៦៥,២៥ ​ពាន់​លានដុល្លារ​ កើនឡើង ​១៨% ​ធៀបនឹងឆ្នាំ ​២០២៤ ​ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅទីផ្សារអន្តរជាតិសម្រេចបាន ៣១,២៨ ពាន់លានដុល្លារ កើន​ឡើង ១៧% ​និង​នាំចូលមកវិញ​មានតម្លៃ ​៣៣,៩៦ ​ពាន់លានដុល្លារ កើនឡើង ១៨%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម