Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិថាមពលក្លាយជាប្រធានបទស្នូល ខណៈមេដឹកនាំអាស៊ានចាប់ផ្តើមកិច្ចប្រជុំកំពូល

បានផុស

នៅ

វិបត្តិថាមពល និងការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ បានក្លាយជាប្រធានបទស្នូលក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកោះសេប៊ូ ប្រទេសហ្វីលីពីនចន្លោះពីថ្ងៃទី ៧-៨ ឧសភា​ ខណៈប្រទេស​ជាសមាជិករបស់ប្លុក កំពុងបារម្ភពីផលប៉ះពាល់នៃវិបត្តិនៅមជ្ឈិមបូព៌ាលើសេដ្ឋកិច្ច និងសន្តិសុខស្បៀងអាហារ​របស់តំបន់​។ នេះ​បើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំកំពូលថ្ងៃព្រហស្បតិ៍-សុក្រនេះ រៀបចំឡើងដោយ​មាន​ការចូលរួមពីមេដឹកនាំ និងរដ្ឋមន្រ្តីការបរទេស និងសេដ្ឋកិច្ចពីរដ្ឋជាសមាជិកអាស៊ានទាំង ១១ ប្រទេស លើកលែងតែមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីសន្តិសុខថាមពល និងស្បៀងអាហារ សម្រាប់ប្រជាជនជិត ៧០០ លាននាក់ក្នុងតំបន់ ដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈ​ ជាពិសេសពីមជ្ឈិមបូព៌ាដែលកំពុង​ជាប់​ក្នុងជម្លោះភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានថ្លែងយ៉ាងដូច្នេះថា៖ «វិបត្តិដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា និងផលវិបាកដ៏ធំធេងរបស់វា រួមទាំងការរំខានដល់លំហូរថាមពល ផ្លូវពាណិជ្ជកម្ម ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់អាហារ និងសុខុមាលភាពរបស់ប្រជាជនយើង ​បាន​រំឭក​យើងថា បញ្ហា​ក្រៅតំបន់​របស់យើង អាចមានផលប៉ះពាល់ភ្លាមៗ និងធ្ងន់ធ្ងរ​ទៅលើអាស៊ាន»។

លោកស្រីបាន​បន្តថា៖ ​«អាស៊ានត្រូវពង្រឹងការសម្របសម្រួលវិបត្តិ និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័នរបស់យើង​ក្នុងគ្រាមានវិបត្តិ»។

អ្នកវិភាគនិយាយថា បញ្ហាថាមពលអាចក្លាយជាអាទិភាពធំជាងបញ្ហាផ្សេងៗរបស់អាស៊ាន ដូចជា វិបត្តិនៅមីយ៉ាន់ម៉ា និងជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។ មែនទែនទៅ កិច្ចប្រជុំកំពូលក្រោមមូលបទ « ដំណើរឆ្ពោះទៅកាន់ អនាគតរួមគ្នា» ដដែល​ ក៏នឹងពិភាក្សាពីវិបត្តិនៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ​ ប៉ុន្តែអ្នកវិភាគមើលឃើញថា វាពិបាកនឹង​មាន​វឌ្ឍនភាព​ជាដុំកំភួនលើបញ្ហាទាំងនេះ។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា វិបត្តិផ្គត់ផ្គង់ថាមពលកំពុងប៉ះពាល់ដល់គ្រប់ប្រទេសអាស៊ានទាំងមូល និងអាចជំរុញឱ្យ​អាស៊ានចាត់វិធានការជាក់ស្តែង ​លើសពីការថ្លែងការណ៍នយោបាយ​។ អ្នកវិភាគបន្តទៀតថា វិបត្តិនេះក៏កំពុងបង្កើនការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ឱ្យ​កាន់តែខ្លាំងនៅអាស៊ីអាគ្នេយ៍ផងដែរ​ ដោយចិនត្រូវបានមើលថា ជាដៃគូមានស្ថិរភាពជាងក្នុងការផ្គត់ផ្គង់ថាមពល និងវត្ថុធាតុដើម​សម្រាប់តំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម