Connect with us

ព័ត៌មានជាតិ

អ្នក​តាម​ដាន​យល់​​ថា​កិច្ច​ប្រជុំ​កំពូល​រុស្ស៊ី-អាស៊ាន​ ជា​ការ​ឱកាស​សម្រាប់​កម្ពុជា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​បន្ថែម​ទៀត

បានផុស

នៅ

អ្នក​តាមដាន​ភូមិ​សាស្ត្រ​នយោបាយ​បាន​បង្ហាញ​ការ​យល់​ឃើញ​ចំពោះ​ការ​​រៀបចំ​កិច្ច​ប្រជុំ​កំពូល​រុស្ស៊ី អាស៊ាន នៅ​ពេល​នេះ​ក៏​​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការ​ពង្រឹង​​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​បន្ថែម​ទៀត​ទាំង​សេដ្ឋកិច្ច និង​នយោបាយ​។ អ្នក​វិភាគ​យល់​ថា​ ពេល​នេះ​រុស្ស៊ី​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ «ងាក​ទៅ​ទិស​ខាង​កើត​» ដែល​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ប្រទេស​នៅ​តំបន់​អាស៊ី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ លោក​បណ្ឌិត ញិល រដ្ឋា បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​កម្ពុជា​ថ្មី​តាមសារ​អេឡិចត្រូនិច​តេឡេក្រាម​​ថា​ ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ភាព​ជា​ដៃ​គូ​សន្ទនា​អាស៊ាន-រុស្ស៊ី នៅ​ទីក្រុង​កាហ្សាន់ ដោយ​ប្រទេស​រុស្ស៊ី នៅ​ពេល​នេះ​ គឺ​ទីក្រុង​មូស្គូ​ចង់​បញ្ជាក់​ទៅ​ពិភព​លោក​ថា​ខ្លួន​នៅ​តែ​ជា​មហាអំណាច​សកល​ដែល​មាន​ឥទ្ធិពល​នៅ​អាស៊ី​ទោះ​បី​ជាប់​ដៃ​ក្នុង​ជម្លោះ​ជាមួយ​អ៊ុយក្រែន​ក្ដី។

លោក​បន្ថែម​ថា៖ «ការ​ដែល​ប្រធានាធិបតី ពូទីន ជា​ម្ចាស់​ផ្ទះ​ផ្ទាល់ និង​មាន​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​មេ​ដឹក​នាំ​ស្ទើរ​តែ​គ្រប់​ប្រទេស​គឺ​ជា​សារ​មួយ​ផ្ញើ​ទៅ​កាន់​លោក​ខាង​លិច​ថា​ រុស្ស៊ី​មិន​ត្រូវ​បាន​ឯកោ​ឡើយ»

លោក​បន្ថែម​ថា​ការ​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក្រៅ​ពី​ក្នុង​នាម​ជា​សមាជិក​អាស៊ាន វា​ក៏​ជា​សារ​នយោបាយ​មួយ​របស់​កម្ពុជា​ ដែល​បញ្ជាក់​ពី​គោលនយោបាយ​ការបរទេស​ឯករាជ្យ​របស់​កម្ពុជា​ផង​ដែរ​។

​​លោក​​ថា៖ «ក្នុង​បរិបទ​ដែល​លោក​ខាង​លិច​កំពុង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ ការ​ចូលរួម​របស់​សម្ដេច​ធិបតី​បង្ហាញ​ថា​កម្ពុជា​មិន​បណ្ដោយ​ឱ្យ​សម្ពាធ​ពី​បរទេស​មក​កំណត់​ទំនាក់ទំនង​ការ​ទូត​របស់​ខ្លួន​ឡើយ​ ហើយ​នៅ​តែ​បន្ត​យុទ្ធសាស្ត្រ​តុល្យភាព​រវាង​មហាអំណាច​ទាំង​អស់​»


ដោយ​ឡែក​សម្រាប់​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត យង់ ពៅ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​លោក​ផង​ដែរ​ថា​ ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​រុស្ស៊ី-អាស៊ាន​លើក​នេះ​គឺ​លើស​ពី​ក្របខ័ណ្ឌ​ដែល​មាន​ស្រាប់​រវាង​រុស្ស៊ី និង​អាស៊ាន​ ដោយ​វា​បាន​បង្ហាញ​នូវ​សក្ដានុពល​របស់​អាស៊ាន​លើ​ឆាក​អន្តរជាតិ​ ជា​ច្រក​សំខាន់​សម្រាប់​រុស្ស៊ី​ភ្ជាប់​ទៅ​ពិភព​លោក។ ហើយ​កិច្ច​ប្រជុំ​នៅ​ពេល​នេះ​ក៏​ជា​សារ​របស់​រុស្ស៊ី​ ថា​ប្រទេស​នេះ​នៅ​តែ​ជា​អ្នក​ដើរ​តួ​សំខាន់​មួយ​ក្នុង​ពិភព​លោក​ដែល​មិន​អាច​ខ្វះ​បាន​។ ​

លោក​បណ្ឌិត​បាន​បន្ថែម​ថា៖«សណ្ដាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន​គឺ​ជា​សណ្ដាប់ធ្នាប់​ពហុ​ប៉ូល​​អ៊ីចឹង​មហាអំណាច​ពិភព​លោក​គឺ​ដើរតួ​សំខាន់​ទាំង​អស់​មិន​អាច​មហាអំណាច​ណា​មួយ​មក​ដឹក​ច្រមុះ​សណ្ដាប់ធ្នាប់​សាកល​ម្នាក់​ឯង​បាន​ទេ​។ និយាយ​ឱ្យ​ចំ​គឺ​ក្រោយ​សង្គ្រាម​ត្រជាក់​សហរដ្ឋ​អាមេរិក​គឺ​ជា​មហាអំណាច​តែ​មួយ​គត់​មក​ដឹក​នាំ​សណ្ដាប់ធ្នាប់​សាកល​តែ​បច្ចុប្បន្ន​នេះ​មិន​អាច​ដួច​ក្រោយ​សម័យ​ត្រជាក់​ភ្លាម​ៗ​គឺ​មាន​ការ​រះ​ឡើង​នៃ​មហាអំណាច​ចិន​ក៏​ជា​ចំណែក​សំខាន់​ក្នុង​ប្រព័ន្ធ​ពហុ​ប៉ូល​បច្ចុប្បន្ន​ហើយ​យើង​ដឹង​ថា​ចិន​និង​រុស្ស៊ី​តែង​តែ​ប្រកៀក​ស្មា​គ្នា​ពេល​ដែល​មាន​បញ្ហា​ជាមួយ​សហរដ្ឋ​អាមេរិក​។ អ៊ីចឹង​ហើយ​តួនាទី​រុស្ស៊ី​នៅ​តែ​ជា​ចំណុច​ស្នូល​គន្លឹះ​នៃ​សណ្ដាប់ធ្នាប់​ពហុ​ប៉ូល​ពេល​បច្ចុប្បន្ន​នេះ​»។


​​​​អាស៊ាន និង​រុស្ស៊ី បាន​បង្កើត​ភាព​ជា​ដៃគូ​សន្ទនា​ជាមួយ​គ្នា​ក្នុង​ឆ្នាំ​១៩៩១ ហើយ​ត្រូវ​បាន​ដំឡើង​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ​២០១៨​។ ក្រោយ​បង្កើត​ដៃ​គូ​សន្ទនា​នេះ​ភាគី​ទាំង​ពី​បាន​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ដូច​ពេល​នេះ​បាន​៥​ដង​ប៉ុណ្ណោះ​។ ដោយ​ឡែក​ក្នុង​ជំនួប​លើក​ទី​៦​នេះ​ អាស៊ាន​ និង​រុស្ស៊ី គ្រោង​ចុះ​ហត្ថលេខា​លើ​​ឯកសារ​សំខាន់​ចំនួន​៤​ ដែល​រួម​មាន សេចក្ដី​ប្រកាស​កាហ្សាន ផែនការ​សកម្មភាព​២០២៦-២០៣០ និង​សេចក្ដីថ្លែងការណ៍​រួម​ស្ដីពី​ថាមពល និង​វប្បធម៌។

លោក​បណ្ឌិត​ ញិល រដ្ឋា បាន​លើក​ឡើង​បន្ថែម​ថា​នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ឡើង​វិញ​ជាមួយ​រុស្ស៊ី​បន្ទាប់​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​ធ្លាក់​មក​នៅ​ត្រឹម​ ៥៥លានដុល្លារ​ប៉ុណ្ណោះ​នៅ​ពេល​បច្ចុប្បន្ន​។ លោក​ថា​ជំនួប​ផ្ទាល់​រវាង​សម្ដេច​ធិបតី និង​លោក​ប្រធានាធិបតី ពូទីន នឹង​អាច​ជា​ផ្លូវ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ទាំង​កម្ពុជា និង​រុស្ស៊ី ទាក់ទង​នឹង​ការ​ស្វែង​រក​យន្ត​ការ​ទូទាត់​ជំនួស​ប្រព័ន្ធ​ SWIFT ការ​ជំរុញ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ EAEU និង​ពង្រឹង​ទីផ្សារ​កសិកម្ម​កម្ពុជា​។

​លោក​បណ្ឌិត យង់ ពៅ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ កិច្ច​ប្រជុំ​នេះ​ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​ផង​ដែរ​ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ការបរទេស​របស់​ខ្លួន​ជា​មួយ​រដ្ឋ​ដែល​បាន​ចូល​រួម ជា​ពិសេស​គឺ​ម្ចាស់​ផ្ទះ​តែ​ម្ដង​ដែល​បង្ហាញ​ច្បាស់​ពី​នយោបាយ​ការ​ទូត​របស់​កម្ពុជា​រក្សា​តុល្យភាព​នៃ​មហាអំណាច​ទាំង​អស់ ស្វែង​រក​ការ​គាំទ្រ និង​ចូល​រួម​ធានា​នូវ​សណ្ដាប់ធ្នាប់​ពិភពលោក​ផង​ដែរ​។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ចេញដំណើរទៅ​ទីក្រុងកាហ្សាន រដ្ឋសហព័ន្ធរុស្ស៊ី ព្រឹកថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៦

កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៥​នៃ​ទំនាក់ទំនង​អាស៊ាន-រុស្ស៊ី បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​កាហ្សាន រដ្ឋ​សហព័ន្ធ​រុស្ស៊ី ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៦​។ កិច្ច​ប្រជុំ​នេះ​គឺ​ថ្នាក់​ដឹក​នាំ​ក៏​នឹង​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់​ និង​អន្តរជាតិ ដែល​ជា​ប្រយោជន៍​ និង​ក្ដី​កង្វល់​រួម ដើម្បី​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅ​ក្នុង​និង​ក្រៅ​តំបន់​។ តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​ការបរទេស​ក្នុង​ពេល​ចូល​រួម​កិច្ច​ប្រជុំ​នេះ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នឹង​ចូលរួម​ព្រឹត្តិការណ៍​អម​ផ្សេងៗ ព្រមទាំង​មាន​ជំនួប​ទ្វេភាគី​មួយ​ចំនួន​ផង​ដែរ៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម