Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីហ្វីលីពីន៖ ប្រជាជន ៣២ ០០០ ត្រូវជម្លៀសខ្លួន ខណៈតួលេខអ្នកស្លាប់បន្តកើនឡើង

បានផុស

នៅ

គ្រោះរញ្ជួយដីនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានបង្កឱ្យប្រជាជនប្រមាណ ៣២ ០០០ នាក់ ត្រូវជម្លៀសខ្លួនពីលំនៅដ្ឋានរបស់ពួកគេ​ទៅកាន់ទីសុវត្ថិភាព រួមទាំងជម្រកបណ្ដោះអាសន្ន​ ខណៈតួលេខអ្នកស្លាប់បានបន្តកើនដល់ ៤៥ នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី ១០ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីភ្នាក់ងារសារព័ត៌មាន AP និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកហ្វីលីពីនផ្សេងៗដូចជា ABS CBN បាន​រាយការណ៍ថា អាជ្ញាធរ​ និងក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការរបស់ខ្លួន ដោយ​ការិយាល័យការពារជនស៊ីវិល (OCD) បាន​ប្រាប់ថា អគារជាច្រើនដែលដួលរលំ និងខូចខាតយ៉ាងធ្ងន់ធ្ងរនោះ ត្រូវតែត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ឬជនរងគ្រោះ​ដែលអាចជាប់នៅក្នុងអាគារ។

បន្ថែមពីលើតួលេខអ្នកស្លាប់ មន្រ្តី OCD បាន​ឱ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ​​មនុស្សប្រមាណ ៦៣០ នាក់បាន​រងគ្រោះ​ ខណៈ ១៧ នាក់ទៀត នៅតែបន្តបាត់ខ្លួន។ ​

គួរគូសបញ្ជាក់ថា គ្រោះរញ្ជួយដី ៧,៨ រ៉ិចទ័រ ដែលបណ្ដាលមកពីចលនានៃស្នាមភ្លោះសមុទ្រ Cotabato Trench បាន​វាយប្រហារភាគខាងត្បូងនៃកោះមិនដាណាវ ក្បែរក្រុងជាប់ឆ្នេរ Maasim ខេត្ត Sarangani ដែលជាខេត្តរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។ ការរញ្ជួយដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលកន្លះសតវត្សនេះ បាន​ធ្វើឱ្យអាគាររលំ ឬបាក់បែក​ជាច្រើនខ្នង ​ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់សេវាកម្មទាក់ទងផ្សេងៗ។

យោងតាមការវាយតម្លៃការខូចខាតបឋមរបស់រដ្ឋាភិបាល ផ្ទះប្រហែល ២ ៥០០ ខ្នង និងអគាររដ្ឋាភិបាល និងកន្លែងនានាចំនួន ១១៧ ទីតាំង ត្រូវបានខូចខាត តាមបណ្ដាខេត្តជាច្រើន ដែលកត់ត្រាពីរលករញ្ជួយដី។ អាកាសយានដ្ឋានអន្តរជាតិនៅក្រុង​ General Santos នៅតែ​បន្តបិទកាលពីថ្ងៃអង្គារ ​​ហើយត្រូវលុបចោលជើងហោះហើរក្នុងស្រុកចំនួន ៦៣ ជើង លើកលែងតែជើងហោះហើរ​ខាង​មនុស្សធម៌។

លើសពីនោះ ABS CBN បាន​ផ្សាយថា គិតត្រឹមព្រឹកថ្ងៃពុធ សាលារៀនប្រមាណ ៥៥៤ កន្លែង​ បាន​រងការខូចខាត ខណៈសាលារៀនសរុបទាំងអស់ ៨ ០០០ កន្លែង នៅទូទាំងតំបន់រងគ្រោះ បានបន្តបិទទ្វារជាបណ្ដោះអាសន្ន ដោយរងចាំអាជ្ញាធរ​ត្រួតពិនិត្យសុវត្ថិភាពអាគារសិក្សាជាមុនសិន។

ការភ័យខ្លាចពីការបាក់រលំអាគារ និងរលកយក្សស៊ូណាមិ បានបង្ខំឱ្យប្រជាជនជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ ហ្វីលីពីនបានកត់ត្រាពីរលកស៊ូណាមិកម្ពស់ ១,៤ ម៉ែត្រ ប៉ុន្តែមាន​តែភូមិជាប់ឆ្នេរមួយប៉ុណ្ណោះដែលរង​ការខូចខាត ខណៈរលកដដែលបានធ្វើដំណើរទៅឆ្ងាយរហូតដល់ឥណ្ឌូណេស៊ី កោះបាលូ និងសូម្បីតែភាគខាងត្បូងជប៉ុន។

ចំណុចផ្ចិតនៃការរញ្ជួយដី ៧,៨ រ៉ិចទ័រ ក្បែរកោះ មិនដាណាវ កាលពីថ្ងៃចន្ទ

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) ​បាន​កត់ត្រាការរញ្ជួយតូចៗក្រោយការរញ្ជួយធំ (Aftershocks) ប្រមាណជាង ២ ០០០ ដង ចន្លោះពី​កម្រិត ១,២ រ៉ិចទ័រ ​និងខ្ពស់បំផុតរហូតដល់ ៦,៤ រ៉ិចទ័រ។ Phivolcs ព្រមានថា ការរញ្ជួយតូចៗនឹងបន្តមាន ខណៈអាជ្ញាធរហ្វីលីពីនព្រួយបារម្ភថា បញ្ហានេះអាចបង្កគ្រោះថ្នាក់ និងពន្យឺតកិច្ចប្រឹងប្រែងរបស់ក្រុមអ្នកជួយសង្រ្គោះ។

មកទល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនមិនទាន់ចេញរបាយការណ៍បឋមស្ដីពីទំហំផលខូចខាតគិតជាសេដ្ឋកិច្ចនៅឡើយទេ ខណៈប្រធានាធិបតី ​ហ្វឺឌីណង់ ម៉ាកូស ជូនៀ ​បានបញ្ជាឱ្យបិទថ្នាក់រៀន និង​បញ្ជាឱ្យ​ភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយ​ធ្វើការ​ឱ្យបានលឿនក្នុងខេត្តដែលរងគ្រោះដោយការរញ្ជួយដី ដោយនិយាយថា «រដ្ឋាភិបាលជាតិកំពុង​ធ្វើការសកម្ម​ ហើយយើងនឹងមិនទុកមីនដាណាវចោល​ទេ»។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត​របស់​ហ្វីលីពីន បាននិយាយថា ខ្លួនកំពុងសម្របសម្រួលជាមួយទីក្រុងម៉ានីល ហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតប​គ្រោះរបស់ហ្វីលីពីន។ ​ក្រៅពីនោះ បារាំង ជប៉ុន និងនូវែលសេឡង់ ក៏បានសម្តែងការគាំទ្រផងដែរ។

គួរ​រំឭកផងដែរ​ថា ហ្វីលីពីនគឺជាប្រទេសងាយរងគ្រោះនឹងការរញ្ជួយដីដ៏ខ្លាំងបំផុតមួយលើពិភពលោក ដោយសារតែប្រទេសនេះស្ថិតនៅលើខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក។ គ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ បាន​កើតឡើងក្នុងជម្រៅ ៣៣ គីឡូម៉ែត្រក្រោមបាតសមុទ្រ ដោយផ្ចិតនៃការរញ្ជួយស្ថិតនៅចម្ងាយជាង ៣០ គីឡូម៉ែត្រភាគនិរតី​ក្រុង Maasim ​នៃ Sarangani។  វាគឺជាការរញ្ជួយខ្លាំងបំផុតរាប់តាំងពីឆ្នាំ ១៩៧៦ ដែលកាលនោះ ចលនាស្នាមភ្លោះសមុទ្រ Cotabato Trench ដូចគ្នា បាន​បង្កការរញ្ជួយ ៨,១​ រ៉ិចទ័រ ក្បែរកោះមិនដាណាវ ដែលបណ្ដាលឱ្យមានរលកយក្សស៊ូណាមិកម្ពស់ ៨-១០ ម៉ែត្រ វាយប្រហារភូមិឋាន និងក្រុងជាប់មាត់ឆ្នេរជាច្រើន សម្លាប់មនុស្សរហូតដល់ទៅ ៨ ០០០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម