Connect with us

សេដ្ឋកិច្ច

​អភិបាលខេត្តតាកែវ​ លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន​ ពង្រីកការវិនិយោគ​នៅកម្ពុជា​

បានផុស

នៅ

លោក វ៉ី សំណាង ​អភិបាលខេត្តតាកែវ​ នៅថ្ងៃទី២២ ខែ​ឧសភា​ ឆ្នាំ២០២៦​បានដឹកនាំគណៈ​ប្រតិភូខេត្ត ​អញ្ជើញធ្វើទស្សនកិច្ចសិក្សា ​និង​ពិនិត្យសក្តានុពលវិនិយោគ ​នៅក្រុង Zhengzhou ខេត្តហឺ​ណាន ​នៃសាធារណរដ្ឋប្រជាមានិត​ចិន ដោយបានចូលទស្សនាក្រុមហ៊ុនផលិតសាច់មាន់ និងភ្ញាស់​កូន​មាន់ ដែលបច្ចុប្បន្នកំពុងធ្វើការសាកល្បងដំណើរការវិនិយោគនៅក្នុងខេត្តតាកែវ ព្រមទាំង​រោងចក្រ​ផលិតចំណីសត្វ ​រោងចក្រផលិតខ្សែភ្លើង ​និង​គ្រឿងបង្គុំអគ្គិសនីផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការពង្រឹងកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងទាក់ទាញអ្នកវិនិយោគបរទេស មកកាន់ខេត្តតាកែវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យកសិ-ឧស្សាហកម្ម និងការបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។​

លោកអភិបាលខេត្ត បានសិក្សាស្វែងយល់អំពីខ្សែសង្វាក់ផលិតកម្មទំនើប ចាប់ពីការភ្ញាស់កូនមាន់ ការចិញ្ចឹមតាមបច្ចេកវិទ្យាស្តង់ដារ ការផលិតចំណីសត្វ រហូតដល់ការកែច្នៃសាច់មាន់សម្រាប់​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។

ក្រុមហ៊ុនក៏បានបង្ហាញពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងអនាម័យ និងបច្ចេកវិទ្យាបរិស្ថាន ដែលជាកត្តាសំខាន់ក្នុងការធានាគុណភាពផលិតផល និងសុខុមាលភាពសត្វ។

គណៈប្រតិភូក៏បានទស្សនារោងចក្រផលិតខ្សែភ្លើង និងគ្រឿងបង្គុំអគ្គិសនី ដែលជាវិស័យឧស្សាហកម្មមានសក្តានុពលខ្ពស់ សម្រាប់ការពង្រីកការវិនិយោគនៅកម្ពុជា ខណៈតម្រូវការផ្នែកអគ្គិសនី និងឧបករណ៍បច្ចេកវិទ្យាកំពុង​កើន​ឡើងជាបន្តបន្ទាប់។

រោងចក្រនេះបានប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងប្រព័ន្ធផលិតកម្មទំនើប ដែលអាចជួយបង្កើនផលិតភាព កាត់បន្ថយចំណាយ និងធានាគុណភាពផលិតផលតាមស្តង់ដារអន្តរជាតិ។

លោក វ៉ី សំណាង បានមានប្រសាសន៍ថា ខេត្តតាកែវ មានសក្តានុពលយ៉ាងច្រើនលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យឧស្សាហកម្មធុនស្រាល ដោយសារមានទីតាំងភូមិសាស្ត្រអំណោយផល ប្រព័ន្ធដឹកជញ្ជូនងាយស្រួល និងកម្លាំង​​ពលកម្មសម្បូរបែប។

លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន បន្តពង្រីកការវិនិយោគនៅខេត្តតាកែវ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងបង្កើតឱកាសការងារបន្ថែម។

គួរបញ្ជាក់ថា ការចូលមកវិនិយោគលើវិស័យផលិតកម្មសាច់មាន់ និងចំណីសត្វ អាចជួយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់វិស័យកសិកម្មនៅកម្ពុជា កាត់បន្ថយការនាំចូល និងជំរុញសមត្ថភាពផលិតក្នុងស្រុក។

ដោយឡែក វិស័យផលិតខ្សែភ្លើង និងគ្រឿងបង្គុំអគ្គិសនី នឹងក្លាយជាកម្លាំងចលករសំខាន់មួយ ក្នុងការគាំទ្រដល់ការរីកចម្រើននៃវិស័យសំណង់ ឧស្សាហកម្ម និងបច្ចេកវិទ្យានាពេលអនាគត៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម