ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលកាន់តែច្រើនជុំវិញពិភពលោក ងាកចេញពីប្រាក់ដុល្លារ ដោយសារហានិភ័យគោលនយោបាយអាមេរិក
ធនាគារកណ្ដាលកាន់តែច្រើននៅជុំវិញពិភពលោកងាកចេញពីប្រាក់ដុល្លារ ដោយគ្រោងកាត់បន្ថយការកាន់កាប់រូបិយប័ណ្ណអាមេរិកមួយនេះក្នុងរយៈពេលមួយទសវត្សរ៍ទៅមុខ ក្រោមហានិភ័យពាក់ព័ន្ធនឹងគោលនយោបាយសហរដ្ឋអាមេរិក ខណៈធ្វើពិពិធកម្មទៅរករូបិយប័ណ្ណជំនួសពីប្រទេសផ្សេងៗ និងមាស។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN កាលពីថ្ងៃអង្គារ។

ព័ត៌មាននេះ បានដកស្រង់ចេញពីការស្ទង់មតិទូទាំងពិភពលោកមួយ ដែលធ្វើឡើងក្រោយសង្រ្គាមប្រឆាំងអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរំខានដល់ទីផ្សារថាមពលសកល ខណៈរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមរិះរកវិធីសាស្រ្តដាក់ពន្ធលើទំនិញនាំចូលពីប្រទេសនានា ដែលនោះបង្ហាញពីភាពកាន់តែមិនប្រាកដប្រជានៃគោលនយោបាយរបស់អាមេរិក។
ការស្ទង់មតិ ដែលចេញផ្សាយនៅថ្ងៃអង្គារ និងរៀបចំដោយវេទិកាស្ថាប័នរូបិយវត្ថុ និងហិរញ្ញវត្ថុផ្លូវការ (OMFIF) មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ត្រូវបានធ្វើឡើងចន្លោះខែមីនា និងខែឧសភា ដោយមានការឆ្លើយតបពីធនាគារកណ្ដាលចំនួន ៧៤ ប្រទេស ជុំវិញពិភពលោក។
វាគឺជាលើកដំបូងហើយ ដែលការស្ទង់មតិរកឃើញថា ធនាគារកណ្តាលកាន់តែច្រើនមានគម្រោងកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារ ជាជាងបង្កើនការកាន់កាប់ រាប់តាំងពី OMFIF បានចាប់ផ្តើមតាមដានទស្សនវិស័យវិនិយោគរបស់ធនាគារកណ្តាលក្នុងឆ្នាំ ២០២៣។
លទ្ធផលនៃការស្ទង់មតិដដែល គឺជាសញ្ញាចុងក្រោយបំផុតនៃការងាកចេញពីប្រាក់ដុល្លារអាមេរិកជាសកល ឬគេហៅថា «បដិដុល្លារូបនីយកម្ម» ដែលសំដៅទៅលើការប្រើប្រាស់ប្រាក់ដុល្លារតិចជាងមុននៅក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុសកល ដោយកាត់បន្ថយតម្រូវការរូបិយប័ណ្ណប្រភេទនេះ ហើយធ្វើឱ្យតម្លៃវាចុះខ្សោយ។
យោងតាមធនាគារ JPMorgan ចំណែកនៃប្រាក់ដុល្លារអាមេរិកនៃទុនបម្រុងប្តូរប្រាក់បរទេសរបស់ធនាគារកណ្តាលជុំវិញពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ ទសវត្សរ៍ កាលពីឆ្នាំមុន។
របាយការណ៍ OMFIF បាននិយាយថា៖ «ឆ្នាំនេះ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានវ៉ាដាច់បរិយាកាសនយោបាយក្នុងស្រុកអាមេរិក ក្លាយជាមូលហេតុចម្បងឱ្យគេកាត់បន្ថយការវិនិយោគលើប្រាក់ដុល្លារ ដែលឆ្លុះបញ្ចាំងពីទស្សនៈដែលថា សហរដ្ឋអាមេរិកកំពុងបង្កើនហានិភ័យភូមិសាស្ត្រនយោបាយ»។

យ៉ាងណាមិញ របាយការណ៍ដដែលបានកត់សម្គាល់ថា ប្រាក់ដុល្លារនៅតែគ្របដណ្ដប់លើផលប័ត្រធនាគារកណ្តាល ហើយរំពឹងថានឹងនៅតែជារូបិយប័ណ្ណបម្រុងឈានមុខគេនាពេលខាងមុខ។ ប្រធានផ្នែកស្រាវជ្រាវរបស់ OMFIF លោក Andrea Correa បានប្រាប់ CNN ថា ប្រាក់ដុល្លាររួមចំណែកប្រហែល ៥៨% នៃការកាន់កាប់របស់ធនាគារកណ្តាលក្នុងរយៈពេល ៥ ឆ្នាំ កន្លងមក។
ប៉ុន្តែ របាយការណ៍បាននិយាយទៀតថា ការងាកចេញបន្តិចម្តងៗពីប្រាក់ដុល្លារ កំពុងនាំឱ្យធនាគារកណ្តាលបង្កើនការទិញ/កាន់កាប់ប្រាក់អឺរ៉ូ និងប្រាក់យន់ចិន។ ធនាគារកណ្តាលស្ទើរតែទាំងអស់ ដែលឆ្លើយតបការស្ទង់មតិ បាននិយាយថា ប្រាក់យន់ជួយធ្វើពិពិធកម្មទុនបម្រុងរបស់ពួកគេ ខណៈ ២/៣ នៃធនាគារកណ្ដាលបាននិយាយថា ប្រាក់អឺរ៉ូកាន់តែមានភាពទាក់ទាញសម្រាប់ពាណិជ្ជកម្មសកល ដោយកើនឡើងពី ៤៣% កាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ អ្នកឆ្លើយតប ២៩% បាននិយាយថា ពួកគេមានគម្រោងបង្កើនការកាន់កាប់ប្រាក់អឺរ៉ូក្នុងរយៈពេលវែង បើប្រៀបធៀបទៅនឹង ២២% កាលពីឆ្នាំមុន។
ក្រៅពីនោះ តម្រូវការរូបិយប័ណ្ណជំនួសផ្សេងៗ រួមទាំងប្រាក់ដុល្លារសិង្ហបុរី ប្រាក់វ៉ុនកូរ៉េខាងត្បូង និងប្រាក់រ៉ង់អាហ្វ្រិកខាងត្បូង ក៏កំពុងកើនឡើងផងដែរ។
ក្នុងពេលដំណាលគ្នា ហានិភ័យភូមិសាស្ត្រនយោបាយ ក៏កំពុងបង្កើនតម្រូវការមាស។ ចំនួនធនាគារកណ្តាលជាច្រើនបាននិយាយថា ពួកគេមានគម្រោងទិញមាសបន្ថែមទៀត ទោះបីជាតម្លៃកើនឡើងជាង ២០% ក្នុងរយៈពេល ១ ឆ្នាំកន្លងមកក៏ដោយ។
របាយការណ៍ OMFIF បាននិយាយថា និន្នាការនេះ ជំរុញដោយតម្រូវការមាសដែលជាទ្រព្យសុវត្ថិភាព ការពារហានិភ័យភូមិសាស្ត្រនយោបាយ និងកំណើនក្ដីបារម្ភស្ដីពីស្ថិរភាពនៃប្រព័ន្ធរូបិយវត្ថុពិភពលោក។ ជាលទ្ធផល មាសបានក្លាយជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្របម្រុងរបស់ធនាគារកណ្តាល។ ប្រហែល ៥១% នៃធនាគារកណ្តាលបានលើកឡើងពីហានិភ័យភូមិសាស្ត្រនយោបាយថាជាហេតុផលសម្រាប់ការបង្កើនការកាន់កាប់មាស ដែលកើនឡើងពីត្រឹមតែ ១១% ពីឆ្នាំ ២០២៤៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


