Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាសអន្តរជាតិរំពឹងធ្លាក់ចុះគំហុក ៤ខែ ជាប់ៗគ្នា ជុំវិញលទ្ធភាពដំឡើងអត្រាការប្រាក់របស់អាមេរិក

បានផុស

នៅ

តម្លៃមាសអន្តរជាតិ​បន្តធ្លាក់ចុះជាង​ ១% ទៀតនៅថ្ងៃអង្គារនេះ ​ហើយ​កំពុងឆ្ពោះទៅរកការដាំក្បាលចុះ ៤ ខែជាប់ៗ​គ្នាសម្រាប់ខែមិថុនា ​ចំពេលដែល​ភាពតានតឹងនៅមជ្ឈិមបូព៌ា ​បង្កើនលទ្ធភាពនៃការដំឡើងអត្រាការប្រាក់ពី​ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​មាសជួញដូរ​ភ្លាមៗ​ បាន​ធ្លាក់ចុះ ១,៥% ​មក​នៅ​ត្រឹម ៣ ៩៥៧,៧៤ ដុល្លារ/អោន គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃអង្គារ ទី៣០ មិថុនា នៅទីក្រុងហុងកុង។ តម្លៃមាសដដែល រំពឹងថានឹង​ធ្លាក់ចុះរហូតដល់ទៅ ១២,៧% ពេលបិទការជួញដូរប្រចាំខែមិថុនានេះ។

តម្លៃប្រាក់ដុល្លារឯណោះវិញ រំពឹងថានឹង​កើនឡើងក្នុងអត្រាប្រចាំខែដូចគ្នា ដែលរួមចំណែកធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។

យ៉ាងណាមិញ និន្នាការតម្លៃទ្រព្យសម្បត្តិសុវត្ថិភាពដដែល គឺអាស្រ័យដោយស្ថានការណ៍នៅមជ្ឈិមបូព៌ា។ តម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់នាពេលកន្លងមក ដោយសារតែជម្លោះអ៊ីរ៉ង់ និងអាមេរិក ដែលធ្វើឱ្យប្រេងឡើងថ្លៃ ហើយបង្កការភ័យខ្លាចពីកំណើនអតិផរណា ដែលអាចជំរុញឱ្យ Fed ដំឡើងអត្រាការប្រាក់។ ទោះបីអាមេរិក និងអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងសន្ដិភាពបណ្ដោះអាសន្នក្ដី ភាពមិនប្រកដប្រជានៅតែមាន ​ខណៈការរំខានផ្នែកផ្គត់ផ្គង់ប្រេងនៅតែបន្ត។

វិនិយោគិនរំពឹងថា Fed អាចនឹងដំឡើងអត្រាការប្រាក់ចំនួន ៣ ដងនៅឆ្នាំនេះ។ យោងតាមឧបករណ៍ CME FedWatch Tool បច្ចុប្បន្ន ទីផ្សារវាយតម្លៃថា មានឱកាសប្រហែល ៦៣% ដែល Fed នឹងដំឡើងអត្រាការប្រាក់ម្តង​​ក្នុងខែកញ្ញាខាងមុខ។ .

ក្រៅពី​នោះ​ ក៏មាន​កត្តាផ្សេងៗទៀត ដែលធ្វើឱ្យតម្លៃមាសធ្លាក់ចុះផងដែរ។ តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បាន​ច្រានចោលការទាមទាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់​បណ្តេញលោកស្រី Lisa Cook ​ទេសាភិបាលធនាគារកណ្តាល​អាមេរិក។ ការណ៍នេះ បង្ហាញពីឯករាជ្យភាពរបស់ Fed បង្កើនភាពប្រាកដប្រជាលើគោលនយោបាយរបស់ស្ថាប័នដដែលដោយគ្មានការជ្រៀតជ្រែកនយោបាយ ដែល​ធ្វើឱ្យទ្រព្យសម្បត្តិអាមេរិកទាក់ទាញជាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម