Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាសអន្តរជាតិ​ដាំក្បាលចុះជាង ១ ៣០០ ដុល្លារ​​ រាប់តាំងពី​ចុង​ខែមករា ធ្ងន់បំផុតគឺ​សប្ដាហ៍មុន

បានផុស

នៅ

តម្លៃមាសអន្តរជាតិ​បាន​ធ្លាក់ដាំក្បាលចុះជាបន្តបន្ទាប់អស់ជាង ១ ០០០ ដុល្លារ/អោន ក្រោយហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅចុងខែមករា ដែលការធ្លាក់ចុះនោះធ្ងន់ធ្ងរបំផុតនៅសប្ដាហ៍មុន ​ចំពេលដែល​ជម្លោះនៅ​មជ្ឈិមបូព៌ាកំពុង​បង្កក្ដីបារម្ភពីសម្ពាធអតិផរណាទូទាំងសកល ដែលឱ្យបណ្ដាធនាគារកណ្ដាលរឹតបណ្ដឹងអត្រាការប្រាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃមាសសម្រាប់ការជួញដូរ​ភ្លាមៗ (Spot Gold) ​បាន​ធ្លាក់ចុះ ៥,៨% មក​នៅ​ត្រឹម ៤ ២២៦ ដុល្លារ/អោន ​គិត​ត្រឹមម៉ោង ២ កន្លះរសៀល ថ្ងៃចន្ទ (២៣ មីនា) នៅទីក្រុងហុងកុង ដែលនោះជាតម្លៃទាបបំផុតរាប់តាំងពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំមុន និងជាការធ្លាក់ចុះសម្រាប់ការជួញដូរ ៩ ថ្ងៃជាប់ៗគ្នា។ ​​

កាលពីសប្ដាហ៍មុន វាបាន​ធ្លាក់ចុះរហូតដល់ ១០% ដែលជាការធ្លាក់ចុះក្នុងអត្រាតម្លៃប្រចាំសប្ដាហ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល ៤៣ ឆ្នាំ ពោលគឺរាប់តាំងពីខែកុម្ភៈ ឆ្នាំ ១៩៨៣។

​រាប់ពី​កម្រិត​ខ្ពស់បំផុត​ក្នុងប្រវត្តិសាស្រ្ត ​៥ ៥៩២ ដុល្លារ/អោន នៅថ្ងៃទី ២៩ មករា មក តម្លៃមាសនៅពេលនេះ បាន​ធ្លាក់ចុះប្រមាណ ២៤,៥% រួចទៅហើយ ​ពោលគឺប្រមាណ ១ ​៣៦៨ ដុល្លារ/អោន។

អ្នកជំនាញបានប្រាប់រ៉យទ័រថា ដោយសារជម្លោះអ៊ីរ៉ង់នៅតែបន្ត ហើយតម្លៃប្រេងនៅតែខ្ពស់ វិនិយោគិនបាន​ផ្លាស់ប្ដូរការរំពឹងទុករបស់ពួកគេលើធនាគារកណ្ដាលជុំវិញពិភព​លោក​ ពីការកាត់បន្ថយអត្រាការប្រាក់ ទៅដំឡើងអត្រាការប្រាក់វិញ ដែលនោះហើយ ធ្វើឱ្យការទិញមាសលែងសូវទាក់ទាញ។

បច្ចុប្បន្ននេះ តម្លៃប្រេងឆៅអន្តរជាតិនៅតែខ្ពស់ ប្រមាណជាង ១១០ ដុល្លារ/បារ៉ែល (ការជួញដូរនៅថ្ងៃចន្ទ ២៣​ មីនា) ​ដោយសារតែភាពតានតឹងនៅជុំវិញច្រកសមុទ្រហ័រមូហ្ស ដែលបញ្ហានេះ ជំរុញឱ្យមានការភ័យខ្លាចអំពីអតិផរណា។ ​

ជាធម្មតា អតិផរណាខ្ពស់អាចជំរុញតម្លៃមាស ដែលគេរាប់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព​ ដោយសារតែវាបង្កើតភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ យ៉ាងណាមិញ អត្រាការប្រាក់ខ្ពស់ ដែលសំដៅលើភាពតឹងរុឹងនៃគោលនយោបាយហិរញ្ញវត្ថុ អាចបញ្ច្រាសនិន្នាការបែបនេះ។

ការធ្លាក់ចុះនៃតម្លៃមាសឥឡូវនេះ ​ក៏រួមចំណែកផងដែរដោយ​ភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិក និងការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) កាលពីសប្ដាហ៍មុន ក្នុងការរក្សាអត្រាការប្រាក់គោលឱ្យនៅដដែល (៣,៥-៣,៧៥%) ដោយ​សំអាងលើភាពមិនប្រាកដប្រជានៃជម្លោះនៅអ៊ីរ៉ង់លើសេដ្ឋកិច្ចអាមេរិក។ ការសម្រេចចិត្តនេះ កំពុងបង្កើនក្ដីរំពឹងថា​ Fed អាចនឹង​ដំឡើងអត្រាការប្រាក់ម្ដងទៀត ដោយបញ្ច្រាស់ទៅនឹងអ្វីដែលខ្លួនបាន​ធ្វើនៅឆ្នាំមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម