Connect with us

សេដ្ឋកិច្ច

​អ្នក​ជំនាញ​ស្នើ​ឱ្យ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ ដើម្បី​ស្ដារ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​

បានផុស

នៅ

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ​(PATA) ​លោក ធួន ស៊ីណាន ​ថ្លែងថា​ ​ការស្តារកំណើនភ្ញៀវទេសចរ​ ជា​ការទទួលខុសត្រូវរួមរបស់រាជរដ្ឋាភិបាល ​វិស័យឯកជន ​សហគមន៍មូលដ្ឋាន និងប្រជាពល​រដ្ឋទាំងអស់ ​ព្រោះទេសចរណ៍​គឺជាឧស្សាហកម្មដែលពាក់ព័ន្ធនឹងវិស័យជាច្រើន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ធួន ស៊ីណានយល់ឃើញថា៖ «យើងត្រូវបន្តពង្រឹងការផ្សព្វផ្សាយកម្ពុជា​ទៅកាន់ទីផ្សារ​អន្តរ​ជាតិ ដោយ​ផ្តោតលើទីផ្សារ ដែលមានសក្តានុពលខ្ពស់ ដូចជា ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អឺរ៉ុប អាមេរិក និងទីផ្សារអាស៊ាន ​ព្រមទាំងប្រើប្រាស់ប្រព័ន្ធឌីជីថល ​និង​បណ្តាញ​សង្គមឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព»។​

​បើតាមលោក ធួន ស៊ីណា ​កម្ពុជា​ត្រូវបន្តពង្រឹងការតភ្ជាប់ជើងហោះហើរអន្តរជាតិ​ និងជំរុញក្រុមហ៊ុន​អាកាស​ចរណ៍​​ឱ្យបើកជើងហោះហើរត្រង់មកកាន់កម្ពុជា ​ព្រោះការធ្វើដំណើរងាយស្រួល គឺជាកត្តា​សំខាន់ក្នុងការសម្រេចចិត្តរបស់ភ្ញៀវទេសចរ។​

​កម្ពុជាត្រូវបន្តអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ មិនអាស្រ័យតែអង្គរប៉ុណ្ណោះទេ ប៉ុន្តែត្រូវលើក​កម្ពស់​ ទេសចរណ៍ឆ្នេរ និងកោះ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ទេសចរណ៍កសិកម្ម ទេសចរណ៍ ម្ហូបអាហារ ទេសចរណ៍សុខុមាលភាព ​និង​ទេសចរណ៍កីឡា ​ដើម្បីបង្កើន​រយៈពេល​ស្នាក់​នៅ ​និង​ការចំណាយរបស់ភ្ញៀវ។

យោងតាមក្រសួងទេសចរណ៍ ​គិតត្រឹមរយៈពេល ៥ ខែ ២០២៦ ​កម្ពុជាស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ ១,៥ ​លាននាក់​ ថយចុះ ​៤៧% ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​នៅ​ឆ្នាំ​ ២០២៥។ ​

​ក្នុង​ចំណោមភ្ញៀវទេសចរណ៍​អន្តរជាតិជាង ១,៥ ​លាននាក់​ មាន​ទេសចរចិនជិត ៤០ ម៉ឺននាក់ ធ្លាក់ចុះ ១៩% វៀតណាម ៣៨ ម៉ឺននាក់ ធ្លាក់ចុះជិត ២៦% អាមេរិកជាង ៩ ម៉ឺននាក់ ធ្លាក់ចុះជាង ១១% អង់គ្លេសជាង ៦ ម៉ឺននាក់ ធ្លាក់ចុះ ១៤,៥% និងបារាំងជាង ៥ ម៉ឺននាក់ ធ្លាក់ចុះ ១៦,៥%។​

​នៅ​ក្នុងឆ្នាំ ​២០២៥ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរអន្តរជាតិចំនួន​ ៥,៥៧ ​លាននាក់ ​ធ្លាក់ចុះ ១៦,៧% ​ធៀបនឹងឆ្នាំ ២០២៤ ​ខណៈចំណូលបានពី​វិស័យ​ទេសចរណ៍​មាន​ចំនួន ៣.៨៧៨ លាន​ដុល្លារ​ កើន​ឡើង ៦,៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម