Connect with us

សេដ្ឋកិច្ច

​កម្ពុជា ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​​ប្រតិភូទេសចរណ៍​​ឥណ្ឌា ៣៥ ​ក្រុមហ៊ុន​ រយៈពេលមួយសប្ដាហ៍

បានផុស

នៅ

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ​(PATA) ​ប្រកាសត្រៀមទទួលបដិសណ្ឋារកិច្ចគណៈ​ប្រតិ​ភូ​ធុរកិច្ច ​ទេសចរណ៍​ពីប្រទេសឥណ្ឌាចំនួន ​៣៥ ​ក្រុមហ៊ុន​ សម្រាប់ព្រឹត្តិការណ៍ ​CTM 2026 ​ដែលកម្មវិធីពិសេស​សម្រាប់ទីផ្សារឥណ្ឌា ​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ​ដល់ ទី២៣ ​ខែកក្កដា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ នឹងប្រមូលផ្តុំប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារ​ទេសចរណ៍ និងថ្នាក់ដឹកនាំធុរកិច្ចទេសចរណ៍មកពី​ប្រទេសឥណ្ឌាសរុបចំនួន ​៣៥ ​ក្រុមហ៊ុន ដើម្បី​ធ្វើ​ការ​វាយ​តម្លៃលើសក្តា​នុ​ពល​ទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​

​ក្រោមការរៀបចំដោយសមាគមទេសចរណ៍ PATA​ និងការចូលរួមគាំទ្រយ៉ាង​ពេញ​ទំហឹងពីក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សភាពាណិជ្ជកម្មឥណ្ឌា​នៅ​កម្ពុជា​ ព្រមទាំងរដ្ឋបាលខេត្តតាមគោលដៅនីមួយៗ ព្រមទាំងដៃគូពាណិជ្ជកម្មនានា។ ​

ព្រឹត្តិការណ៍នេះ ​មានគោលដៅយុទ្ធសាស្ត្រ​ក្នុងការជំរុញ​ឱកាសធុរកិច្ចដោយផ្ទាល់ ​(B2B) ​ព្រម​ទាំង​លើកកម្ពស់​​កិត្យានុភាព​កម្ពុជា ​ជាគោលដៅទេសចរណ៍​ប្រកបដោយភាពប្រកួតប្រជែង​ភាព​ចម្រុះ​ និង​គោលដៅទេសចរណ៍​ប្រកបដោយតម្លៃខ្ពស់។

ក្នុងរយៈពេល ៦ យប់ ៧ ថ្ងៃ នៃកម្មវិធី គណៈប្រតិភូឥណ្ឌានឹងអញ្ជើញចូលរួមក្នុង​ទស្សនកិច្ចវាយ​តម្លៃ​គោល​ដៅ​ទេសចរណ៍ ជំនួបពាណិជ្ជកម្មទល់មុខ (B2B Meetings) កម្មវិធីបង្កើតបណ្ដាញ​ទំនាក់​ទំនង ពិព័រណ៍​ផលិត​ផលទេសចរណ៍ និងការដកស្រង់បទពិសោធន៍វប្បធម៌ នៅតាមគោលដៅយុទ្ធសាស្ត្ររួមមាន ខេត្តសៀមរាប រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកោះរ៉ុង។

កម្មវិធីនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីបង្ហាញ​ជូនអ្នកទិញអន្តរជាតិ​មិនត្រឹមតែ​អំពីតំបន់​បេតិ​កភណ្ឌប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងរំលេច​នូវផលិតផលទេសចរណ៍ថ្មីៗ ​រួមមាន ទេសចរណ៍ទីក្រុង តំបន់ឆ្នេរ កោះ សុខុមាលភាព ទេសចរណ៍ ប្រណីតភាព កម្មវិធី MICE និងទេសចរណ៍បែបបទពិសោធន៍។

ការរៀបចំកម្មវិធីពិសេសសម្រាប់ទីផ្សារឥណ្ឌា គឺជាយុទ្ធសាស្ត្រស្នូល​រយៈពេលវែង​របស់សមាគម ក្នុងការធ្វើ​ទីផ្សារ​ទេសចរអន្តរជាតិរបស់កម្ពុជា និងពង្រឹងភាពជាដៃគូពាណិជ្ជកម្មជា​មួយ​ទីផ្សារដែលមាន​កំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅលើពិភពលោក។

CTM 2026 Mini-Series ​ជាវេទិកាដ៏មានតម្លៃសម្រាប់សហគ្រាសទេសចរណ៍ក្នុងស្រុក រួមមាន សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុន DMCs និងអ្នកផ្តល់សេវាទេសចរណ៍នានា ក្នុងការតភ្ជាប់​ទំនាក់​ទំនង​ពាណិជ្ជកម្មដោយផ្ទាល់ជាមួយអ្នក ទិញពីឥណ្ឌាដែលមានសក្តានុពលខ្ពស់ ដើម្បីពង្រីកទំហំ​អាជីវកម្ម និងទីផ្សាររបស់ខ្លួន។

​គិតចាប់តាំងពីការដាក់ឱ្យដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ CTM ទទួលបានជោគជ័យ​​ក្នុងការស្វាគមន៍ប្រតិភូអ្នកទិញអន្តរជាតិចំនួន ៨០ស្ថាប័ន ពីទីផ្សារគោលដៅចំនួន ៧ ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មដែលអាចវាស់វែងបានយ៉ាងច្បាស់លាស់។

សមិទ្ធផលលេចធ្លោរួមមាន៖ កំណើនទេសចរណ៍ក្រុមហ៊ុនមកពីវៀតណាម ការពង្រីក​ទីផ្សារ​ថ្មីពី​ឥណ្ឌូ​នេស៊ី​ សក្តានុពលទេសចរណ៍វាយកូនហ្គោលពីសិង្ហបុរី ការតភ្ជាប់​កញ្ចប់ទស្សន​កិច្ចពីមី​យ៉ាន់ម៉ា ​និង​ការរក្សាបាននូវកំណើនពាណិជ្ជកម្មរឹងមាំជាមួយទីផ្សារចិន។

​លោកបណ្ឌិត​ ធួន ស៊ីណាន ​ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា​ មានប្រ​សាសន៍​ថា៖ «CTM ​មិនមែនត្រឹមតែជាព្រឹត្តិការណ៍ជួបជុំទេសចរណ៍នោះទេ ប៉ុន្តែវាជាវេទិកា​ធុរកិច្ច​ជាក់ស្តែង​ដែលតភ្ជាប់អ្នកទិញអន្តរជាតិជាមួយប្រតិបត្តិករក្នុងស្រុក ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច​ពិត​ប្រាកដ និងគាំទ្រដល់ចីរភាពនៃឧស្សាហកម្មទេសចរណ៍កម្ពុជា។ យើងជឿជាក់​យ៉ាង​មុត​មាំថា ភាព​ជោគ​ជ័យនៃវិស័យនេះ កើតចេញពីភាពជាដៃគូដ៏រឹងមាំ និងសកម្មភាពជាក់ស្តែង ហើយយើង​អាចរួបរួមគ្នាដើម្បីលើកស្ទួយកម្ពុជា ឱ្យក្លាយជា​គោល​ដៅ​ទេសចរណ៍ដ៏លេច​ធ្លោបំផុត​នៅអាស៊ី»។

​យោងតាមក្រសួងទេសចរណ៍ ​កម្ពុជាស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ ១,៥ ​លាននាក់​ នៅ​ក្នុង​រយៈពេល ៥ ​ខែ ២០២៦ ​ធ្លាក់ចុះ ​៤៧% ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​នៅ​ឆ្នាំ​ ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម