Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងបើកព្រលានយន្តហោះខ្នាតយក្សនៅចុងឆ្នាំ ក្នុងមហិច្ឆតាប្រកួតប្រជែងជាមួយសិង្ហបុរី

បានផុស

នៅ

វៀតណាមកំពុងបោះជំហានធំមួយដើម្បីប្រជែងជាមួយសិង្ហបុរីក្នុងការក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ប្រចាំតំបន់ ដោយគ្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋាន​អន្តរជាតិ ឡុង ថាញ់ (Long Thanh) នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ និងផ្ទេរជើងហោះហើរអន្តរជាតិភាគច្រើនពីព្រលានយន្តហោះ Tan Son Nhat នៅទីក្រុងហូជីមិញ ទៅកាន់ព្រលានយន្តហោះថ្មី​ក្នុងរយៈពេលប្រមាណ ១ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត​ VnExpress។

អាកាសយានដ្ឋាន​អន្តរជាតិ ឡុង ថាញ់ (Long Thanh) ដែលវៀតណាមគ្រោងដាក់ដំណើរការនៅចុងឆ្នាំ ២០២៦ ដែលស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីភាគខាងកើតទីក្រុងហូជីមិញ ក្នុងស្រុក Long Thanh ខេត្ត Đồng Nai។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយនឹងការដាក់ដំណើរការនោះ វៀតណាម​មាន​មហិច្ឆតាទាក់ទាញជើងហោះហើរឆ្លងកាត់ (Transit) ដែលបច្ចុប្បន្នកំពុងប្រមូលផ្តុំនៅព្រលានយន្តហោះធំៗក្នុងតំបន់​នៅសិង្ហបុរី (Changi) ​បាងកក និងគូឡាឡាំពួរ ដោយវៀតណាមចង់ប្រែក្លាយព្រលាន Long Thanh ឱ្យក្លាយជាច្រកអាកាសចរណ៍ដ៏សំខាន់មួយរបស់អាស៊ី។

Long Thanh គឺជាគម្រោង​អាកាសយានដ្ឋាន​ធំបំផុត​ និងចំណាយថវិកា​វិនិយោគច្រើនជាងគេក្នុងប្រវត្តិសាស្ត្រវៀតណាម ​ក្រោម​តម្លៃប្រមាណ ៣៣៦,៦៣ ទ្រីលានដុង (១២,៨ ពាន់លានដុល្លារ)។ ព្រលាន​នេះ ស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីភាគខាងកើតទីក្រុងហូជីមិញ និងត្រូវបានសាងសង់ឡើងដើម្បីបន្ធូរភាពកកស្ទះនៅព្រលានយន្តហោះ Tan Son Nhat ដែលបានដំណើរការលើសសមត្ថភាពអស់ជាច្រើនឆ្នាំមកហើយ​។

​ពេលបើកដំណើរការដំបូង Long Thanh នឹងអាចទទួលអ្នកដំណើរបាន ២៥លាននាក់/ឆ្នាំ ខណៈនៅពេលបញ្ចប់គម្រោងគ្រប់ដំណាក់កាល សមត្ថភាពរបស់វានឹងកើនដល់ ១០០លាននាក់/ឆ្នាំ។ តួលេខនេះនឹងលើសព្រលានយន្តហោះ Changi របស់សិង្ហបុរី ដែលបានទទួលអ្នកដំណើរជិត ៧០លាននាក់ ក្នុងឆ្នាំ២០២៥ និងកំពុងពង្រីកសមត្ថភាពដល់ ១៤០លាននាក់ នាពេលអនាគត។

តាមផែនការរបស់សាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) ការផ្ទេរជើងហោះហើរនឹងធ្វើឡើងជា ៣ ដំណាក់កាល។ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ Long Thanh នឹងទទួលជើងហោះហើរអន្តរជាតិផ្លូវឆ្ងាយទាំងអស់ ជើងហោះហើរដឹកទំនិញ និងផ្លូវហោះហើរអន្តរជាតិថ្មីៗ។

ស្ថានីយអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ តាន់ សឺនញ៉ាត់ (Tan Son Nhat) ក្នុងទីក្រុងហូជីមិញ ភាគខាងត្បូងប្រទេសវៀតណាម។

ចាប់ពីខែមីនា ឆ្នាំ២០២៧ ជើងហោះហើរទៅកាន់អឺរ៉ុប អាមេរិក អូសេអានី អាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងអាស៊ីកណ្ដាល នឹងត្រូវផ្ទេរទាំងស្រុងទៅព្រលាន​ Long Thanh។ រហូតដល់ដើមឆ្នាំ ២០២៨ ព្រលានយន្តហោះថ្មីនេះនឹងគ្រប់គ្រងស្ទើរតែគ្រប់ជើងហោះហើរអន្តរជាតិទាំងអស់ ខណៈ Tan Son Nhat នឹងរក្សាទុកតែជើងហោះហើរអន្តរជាតិចម្ងាយខ្លីមួយចំនួនប៉ុណ្ណោះ។

ACV រំពឹងថា នៅឆ្នាំ២០២៧ ព្រលានយន្តហោះ Long Thanh នឹងទទួលអ្នកដំណើរអន្តរជាតិជាង ៩០% នៃតំបន់ទីក្រុងហូជីមិញ ខណៈជើងហោះហើរក្នុងស្រុកភាគច្រើននឹងបន្តប្រើប្រាស់ព្រលាន Tan Son Nhat។

ដើម្បីឱ្យផែនការនេះសម្រេចតាមកាលវិភាគ រដ្ឋាភិបាលវៀតណាមក៏កំពុងជំរុញការពង្រីកផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗទៅកាន់ព្រលានយន្តហោះ Long Thanh ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម