Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃទុរេនវៀតណាមបន្តធ្លាក់ចុះ​នៅ​ត្រឹម ១ ដុល្លារ/គីឡូក្រាម ខណៈភ្លៀងធ្លាក់ខ្លាំងប៉ះពាល់ដល់គុណភាព

បានផុស

នៅ

តម្លៃទុរេននៅវៀតណាមបានធ្លាក់ចុះ ២០-៣០% បើធៀបនឹងតម្លៃឆ្នាំមុន ខណៈភ្លៀងធ្លាក់អូសបន្លាយនៅតំបន់ដាំដុះជាច្រើនបានប៉ះពាល់ដល់គុណភាពផ្លែ និងធ្វើឱ្យអាជីវករប្រុងប្រយ័ត្នក្នុងការទិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទុរេនពូជ Ri6 ​នៅចម្ការ បច្ចុប្បន្នលក់ក្នុងតម្លៃទាបបំផុតត្រឹម ២៨ ០០០ដុង (ប្រហែល ១,០៦ដុល្លារ) ក្នុងមួយគីឡូក្រាម ខណៈទុរេនពូជ Monthong ​លក់នៅ​តម្លៃចន្លោះ ៤៦​ ០០០-៦៨​ ០០០ ដុង​/គីឡូក្រាម។

លោក Vo Tan Loi ប្រធានសមាគមទុរេនខេត្ត Dong Thap បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទុរេនប្រមាណ ៣០-៤០% មានសាច់រឹង រសជាតិមិនឆ្ងាញ់ និងពិបាករកផ្លែគុណភាពខ្ពស់សម្រាប់នាំចេញ។ ជាហេតុធ្វើឱ្យអាជីវករជាច្រើនមិនហ៊ានទិញក្នុងបរិមាណច្រើន។

ទន្ទឹមនឹងនោះ កសិករនៅខេត្ត Dong Nai និង Dak Lak បាននិយាយថា តម្លៃបច្ចុប្បន្នគឺទាបខ្លាំង ខណៈថ្លៃជី និងថ្លៃពលកម្មបានកើនឡើង ដែលធ្វើឱ្យពួកគេទទួលបានប្រាក់ចំណេញតិចតួច។

លោក Hoang ដែលជា​អាជីវករម្នាក់នៅតំបន់ដីសណ្ដទន្លេមេគង្គ បានឱ្យដឹងថា ឆ្នាំនេះលោកទិញទុរេនត្រឹម ១/៣ ប៉ុណ្ណោះ បើធៀបនឹងបរិមាណ​ឆ្នាំមុន ដោយបារម្ភថា ប្រសិនបើការនាំចេញរកឃើញសំណល់លោហៈធ្ងន់ Cadmium លើសកម្រិតកំណត់នោះ នឹងបណ្តាលឱ្យលោក​ខាតបង់ធ្ងន់ធ្ងរ។

​ក្រៅពីនេះ ក៏មាន​កត្តាផ្សេងទៀត ដែលធ្វើឱ្យតម្លៃទុរេនវៀតណាមបន្តធ្លាក់ចុះ។ ចិន​បានរឹតបន្តឹងស្តង់ដារនាំចូលទុរេន ដោយផ្តោតលើគុណភាព សុវត្ថិភាពចំណីអាហារ និងការតាមដានប្រភពផលិតផល។ អាជ្ញាធរចិនបានបញ្ជាក់ថា ការអនុវត្តតាមស្តង់ដារទាំងនេះ នឹងជួយកាត់បន្ថយការត្រួតពិនិត្យនៅច្រកព្រំដែន និងពន្លឿនដំណើរការពាណិជ្ជកម្ម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម