Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងសាងសង់ផ្លូវរថភ្លើងក្រុង តភ្ជាប់ទៅព្រលានខ្នាតយក្សថ្មីក្បែរទីក្រុងហូជីមិញ

បានផុស

នៅ

អាជ្ញាធរគ្រប់គ្រងផ្លូវរថភ្លើងទីក្រុងហូជីមិញ (MAUR) បានស្នើឱ្យរដ្ឋបាលទីក្រុងសិក្សាគម្រោងពង្រីក ខ្សែរថភ្លើងក្រុង (Metro) លេខ ៣ ដើម្បីតភ្ជាប់ពីទីក្រុងឆ្នេរ Vung Tau ទៅកាន់អាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស Long Thanh ដែលគ្រោងបើកដំណើរការនៅចុងឆ្នាំនេះ ហើយ​រំពឹងថានឹងក្លាយជាព្រលានយន្តហោះធំបំផុតរបស់ប្រទេស​វៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមផែនការបច្ចុប្បន្ន ខ្សែរថភ្លើងក្រុងលេខ ៣ មានប្រវែងប្រមាណ ៤០ គីឡូម៉ែត្រ ដោយតភ្ជាប់កណ្តាលទីក្រុង Vung Tau ទៅក្រុង Ba Ria និងកំពង់ផែ Phu My មុនបញ្ចប់នៅជិតផ្លូវជាតិលេខ ៥១ ក្បែរព្រំប្រទល់ខេត្ត Dong Nai។ អាជ្ញាធរវៀតណាម​យល់ថា ការបញ្ចប់ខ្សែរថភ្លើងត្រឹមចំណុចនេះ មិនអាចទាញយកអត្ថប្រយោជន៍ពេញលេញពីការវិនិយោគ និងមិនអាចតភ្ជាប់តំបន់ឆ្នេរទៅកាន់បណ្តាញដឹកជញ្ជូនសំខាន់ៗបានឡើយ។

ប្រសិនបើគម្រោងពង្រីក​ខ្សែរថភ្លើងពង្រីកនេះ ត្រូវបានអនុម័ត អ្នកដំណើរពីក្រុង​ Vung Tau, Ba Ria និង Phu My នឹងអាចធ្វើដំណើរតាមខ្សែរថភ្លើងក្រុងដោយផ្ទាល់ទៅកាន់អាកាសយានដ្ឋាន Long Thanh និងបន្តទៅកាន់កណ្តាលទីក្រុងហូជីមិញ ដោយមិនចាំបាច់ផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរឡើយ​។

បច្ចុប្បន្ន ការធ្វើដំណើរពីតំបន់ឆ្នេរទៅអាកាសយានដ្ឋាន Long Thanh នៅតែពឹងផ្អែកលើផ្លូវជាតិលេខ ៥១ ដែលកំពុងរងសម្ពាធពីការកកស្ទះចរាចរណ៍។ អាកាសយានដ្ឋាន Long Thanh ដែលស្ថិតនៅក្នុងខេត្ត Dong Nai ក្បែរទីក្រុងហូជីមិញ គ្រោងនឹងបើកដំណើរសម្រាប់គោលបំណងពាណិជ្ជកម្មឆ្នាំនេះ ហើយវៀតណាមក៏នឹងប្រើវា​ជាមជ្ឈមណ្ឌលដឹកជញ្ជូន​ដ៏សំខាន់ ដោយតភ្ជាប់ជាមួយគម្រោងផ្លូវរថភ្លើងល្បឿនលឿនជើង-ត្បូង ខ្សែ​រថភ្លើងហូជីមិញ-ព្រលាន​ Long Thanh និងការពង្រីកខ្សែរថភ្លើងក្រុងទី១របស់ទីក្រុងហូជីមិញ (Ben Thanh-Suoi Tien)។

គួរគូសបញ្ជាក់ថា គម្រោងពង្រីកខ្សែរថភ្លើងក្រុងនេះ គឺជាផ្នែកមួយនៃផែនការពង្រីកបណ្តាញរថភ្លើងក្រុងរបស់ទីក្រុងហូជីមិញ បន្ទាប់ពីការរៀបចំរដ្ឋបាលថ្មី ដែលបានបញ្ចូលអតីតខេត្ត Binh Duong និង Ba Ria–Vung Tau មកជាផ្នែកមួយនៃទីក្រុង។

តាមផែនការថ្មី ទីក្រុងហូជីមិញនឹងមានខ្សែរថភ្លើងក្រុងសរុប ២៧ ខ្សែ ដែលមានប្រវែងសរុបជាង ១​ ០០០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់តំបន់ឆ្នេរ Vung Tau ទៅកាន់តំបន់ឧស្សាហកម្ម និងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ។ ក្នុងចំណោមនោះ ខ្សែរថភ្លើងក្រុងលេខ ៣ និងគម្រោងផ្សេងទៀតនៅតំបន់ Vung Tau ត្រូវបានគ្រោងអនុវត្តក្រោយឆ្នាំ ២០៣០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម