Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ចិនបន្ថែមទុន​វិនិយោគ​ជាង ២០០ លាន​ដុល្លារ​ ពង្រីក​រោងចក្រ​​ផលិត​សំបក​កង់​យានយន្ត​នៅកម្ពុជា

បានផុស

នៅ

បើ​តាម​ការ​អះអាង​ពី​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​ទី ១ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ ក្រុមហ៊ុន​ផលិត​សំបក​កង់​យានយន្ត​​មួយ​នៅតំបន់សេដ្ឋកិច្ច​ពិសេស​​ខេត្ត​ស្វាយរៀង ​នឹង​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម​ដោយ​គ្រោង​បោះ​ទុន​វិនិយោគ​បន្ថែម​ជាង ២០០ លាន​ដុល្លារ​ដើម្បី​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​ទី ៣ នៅ​កម្ពុជា។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​លោក ស៊ុន ចាន់ថុល ចុះ​ទស្សនកិច្ច​ស្វែង​យល់​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ស្វាយ​រៀង​កាល​ពី​ម្សិលមិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល​ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​វិនិយោគ​រោងចក្រ​ផលិត​សំបក​កង់​យានយន្តនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយរៀង​ជាង ៥០០ លាន​ដុល្លារ​ដុល្លារ​អាមេរិក ​បង្កើត​ការងារ​ជាង ២ ពាន់​កន្លែង។ ​ក្រុមហ៊ុន​បាន​ប្រកាស​នឹង​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម​ដោយ​បង្កើត​រោងចក្រ​ទី ៣ ​ដោយ​គ្រោង​ប្រើប្រាស់​ទុន​វិនិយោគ​ជាង ២០០ លាន​ដុល្លារ ដែល​អាច​បង្កើត​ការងារ​បាន​ជាង ១ ០០០ កន្លែង​បន្ថែម​ទៀត។

«រោងចក្រ​នេះ​ធំ​ណាស់ ក្រុមហ៊ុន​បាន​ដាក់​ទុន​វិនិយោគ​ដំណាក់​កាលទីមួយ​និង​ទី​ពីរ​អស់​ជាង ៥០០ លាន​ដុល្លារ។ ហើយ​​ក្រុមហ៊ុន​ប្រកាស​នឹង​ដាក់​ទុន​បន្ថែម​ជាង ២០០ លាន​ដុល្លារ​ទៀត ក្នុង​ការ​ពង្រីក​រោងចក្រ​នៅ​កម្ពុជា​»។

បើ​តាម​លោកឧប​នាយក​រដ្ឋមន្រ្តី បណ្តាក្រុមហ៊ុនវិនិយោគដែលបានសម្រេចចិត្តចូលមកបណ្តាក់ទុន និងបានពង្រីក​គម្រោង​វិនិយោគ​របស់ខ្លួនជាបន្តបន្ទាប់នៅកម្ពុជា ដែលនេះ​បង្ហាញពីជំនឿទុកចិត្ត​មកលើរាជរដ្ឋាភិបាល​កម្ពុជា​។

បច្ចុប្បន្នមានក្រុមហ៊ុន​ផលិត​សំបក​កង់​យានយន្ត​ចំនួន ៣ កំពុង​បោះទុន​វិនិយោគ​បង្កើត​​រោងចក្រ​នៅ​កម្ពុជា​។

នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្រុមហ៊ុន Cart Tire បានបង្កើត​រោងចក្រ​ផលិត​សំបកកង់យានយន្តដែល​បោះទុនវិនិយោគ ៥៧៤ លានដុល្លារអាមេរិក នាំចេញទៅកាន់សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង និងបានបង្កើតការងារចំនួន ២.០៥៨កន្លែង។

នៅខេត្តព្រះសីហនុ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេក​ណឡជី (ខេមបូឌា) ទើប​សម្ពោធរោងចក្រ​ផលិត​សំបក​​កង់​យានយន្ត​​តម្លៃ​ជាង ៣០០ លាន​ដុល្លារ​ ដោយមានសមត្ថភាពផលិតកង់រថយន្តប្រមាណ ១,៣ លានកង់ក្នុងមួយឆ្នាំ។​

នៅ​ខេត្តក្រចេះ រោងចក្រផលិតសំប​ក​កង់យានយន្ត​មួយ​ទៀត កំពុងដំណើរការ​សាងសង់​គ្រោង​ដាក់​​ឲ្យ​ដំណើរការក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយរៀង​​កាល​ពីម្សិលមិញពេញមួយ​ថ្ងៃ​ លោក ស៊ុន ចាន់ថុល ​បាន​ដឹកនាំ​ប្រតិភូ​ចុះ​ទៅ​សិក្សា​ស្វែងយល់ពីវឌ្ឍនភាពនៃការអភិវឌ្ឍ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៣ ក្នុង​នោះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត ២) តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ និង ៣) តំបន់​សេដ្ឋកិច្ច​ពិសេស ឈីលូ ជាន ពុ ចាយ។

ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្រ្តី​ក៏​បាន​ចុះ​ពិនិត្យ​ដល់​រោងចក្រ​មួយ​ចំនួន​ ដែល​កំពុង​ផលិតសម្ភាៈប្រើប្រាស់​ផ្សេងៗ​​ដើម្បីនាំ​ចេញទៅទីផ្សារ​អន្តរជាតិ។

បើតាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩ តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២ គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១.៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួន ៧៥.០៨៦កន្លែង៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម