ព័ត៌មានជាតិ
CSX ដាក់ទិសដៅបង្កើនតម្លៃជួញដូរប្រចាំថ្ងៃឱ្យសម្រេចបាន៣០ម៉ឺនដុល្លារ និង ចំនួនគណនីជួញដូរថ្មីឱ្យបាន ១៥,០០០គណនីបន្ថែមក្នុងឆ្នាំ២០២៥នេះ

យោងតាមការព្យាករណ៍របស់ ធនាគារអភិវឌ្ឍន៏អាស៊ី កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០២៤ គឺប្រមាណ ៥.៨% និងបន្តកំណើនទៅ ៦.០% ក្នុងឆ្នាំ ២០២៥ ប៉ុន្តែស្ថានភាពនៃការវិនិយោគនៅមានភាពស្រពេចស្រពិលនៅឡើយ ដោយសារភាពវិបត្តិនយោបាយជាសកល ដែលជះឥទ្ធិពលដល់វិនិយោគិន ក្នុងការរក្សាសាច់ប្រាក់នៅក្នុងដៃ។
«ទោះបីជាយ៉ាងណា ផ្សារមូលបត្រកម្ពុជា (CSX) ជឿជាក់ថា ឆ្នាំ ២០២៥ នឹងក្លាយជាឆ្នាំដ៏ជោគជ័យសម្រាប់ទីផ្សារទាំងមូល និងជាឱកាសមាសសម្រាប់វិនិយោគិនរបស់ខ្លួន។ វិនិយោគិនមានការយល់ឃើញថ្មីមកលើភាគហ៊ុន ដែលជាផលិតផល វិនិយោគមានសន្ទនីយភាពខ្ពស់ ងាយស្រួលក្នុងការទិញលក់ ស្របពេលដែលវិនិយោគិនសកម្មក្នុងទីផ្សារមានការកើនឡើង និងជឿជាក់ពីផលចំណេញលើការវិនិយោគភាគហ៊ុនក្នុងថ្លៃបច្ចុប្បន្ន»។
«ក្នុងឆ្នាំ២០២៥នេះផងដែរ យើងនឹងមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ជាបន្តបន្ទាប់។ ដោយបច្ចុប្បន្ន មានក្រុមហ៊ុនខ្លះកំពុងរៀបចំខ្លួន និងខ្លះទៀតបាននឹងកំពុងរៀបចំឯកសារ និងដាក់ពាក្យស្នើសុំ ពិនិត្យលទ្ធភាពអាចចុះបញ្ជីមកកាន់ CSX» ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX កាលពីល្ងាចថ្ងៃទី១០ខែមករា។
ស្ថានភាព ផមក ឆ្នាំ ២០២៤
ក្នុងឆ្នាំ ២០២៤កន្លងមកនេះ ផមកបានទទួលស្វាគមន៍ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ២ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន តែល កូថេក និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ កាលពីឆ្នាំ២០១៦។

ផ្អែកលើទិន្នន័យក្នុងឆ្នាំនេះ យើងសង្កេតឃើញថា គណនីជួញដូរសរុបចំនួន ៥៨,៣៩៤ ត្រូវបានបើកដំណើរការ ដែលក្នុងនោះមាន មានការកើនឡើងគណនីថ្មីចំនួន ១២.៧៤៥ គណនី កើនឡើងជាង ២៦% បើធៀបនឹងចំនួនគណនីសរុបត្រឹមឆ្នាំ ២០២៣។ តម្លៃជួញដូរជាមធ្យមក្នុងឆ្នាំ ២០២៤ មានជាង ៥៣៥លានរៀល (ប្រមាណ ១៣៣.៩៦៣ ដុល្លារ) ដែលមានការថយចុះប្រមាណ ៣៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺការទទួលបានចំណាប់អារម្មណ៍ និងការចូលរួមរបស់វិនិយោគិនក្នុងស្រុក ក្នុងវិស័យមូលបត្របានកើនឡើងជាលំដាប់។ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមស្មើនឹង ១០១,៨៤៣ ភាគហ៊ុន ដោយ ៩៣% ត្រូវបានជួញដូរដោយវិនិយោគិនក្នុងស្រុក។ ការដាក់បញ្ជាទិញលក់ជាមធ្យមប្រចាំថ្ងៃមានចំនួន ៣,៦២៧ បញ្ជាក្នុងឆ្នាំ ២០២៤ កើនឡើង ២០% បើធៀបនឹងឆ្នាំ ២០២៣ ។
បើតាម CSX ក្រៅពីការជួញដូរតាមទីផ្សារប្រតិបត្តិការតាមរយៈវិធីសាស្ត្រជួញដូរតាមការចរចា (NTM) ក្នុងឆ្នាំ២០២៤ យើងទទួលបាន ១០ ប្រតិបត្តិការ ដែលក្នុងនោះមានភាគហ៊ុនដូចជា PAS, GTI និង PWSA។ ទំហំជួញដូរសរុបនៃប្រតិបត្តិការទាំងនេះមានចំនួន ១,២១៣,៥៥៤ ហ៊ុន ដែលស្មើនឹង ៦.២៦៦ ពាន់លានរៀល ដែលធ្វើការជួញដូរដោយវិនិយោគិនបរទេស ៦០% ខណៈដែលវិនិយោគិនក្នុងស្រុកបានរួមចំណែក ៤០%។
CSX ថា៖«នៅក្នុងឆ្នាំ២០២៤ យើងសង្កេតឃើញថា ផ្សាររបស់យើងក៏ទទួលបានការចូលរួមពីវិនិយោគិនបរទេសតាមបណ្ដាប្រទេសនានា ដែលក្នុងនោះមានវិនិយោគិនតៃវ៉ាន់នាំមុខគេក្នុងទំហំជួញដូរដែលមានចំនួន ៣៩.៥០% នៃវិនិយោគិនបរទេសសរុប។ ជប៉ុន ចិន និងថៃ តាមពីក្រោយដោយ ២១,៣១%, ១៤,១៨% និង ៥,៣៦% រៀងគ្នា»។
ការបង្កើនទំនុកចិត្តវិនិយោគិននៅតែជាការងារស្នូលរបស់ CSX ដោយក្នុងឆ្នាំ ២០២៤ ខ្លួនក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្ទាល់ និងតាមរយៈអនឡាញ ក្នុងគោលដៅបង្កើនចំណេះដឹង និងផ្តល់ព័ត៌មានសម្រាប់សាធារណជន, វិនិយោគិន, ម្ចាស់អាជីវកម្ម, និង វិនិយោគិនសក្តានុពលរបស់យើង។ យើងបានរៀបចំវគ្គបណ្តុះបណ្តាលប្រចាំខែ, វេទិកាក្រុមហ៊ុនចុះបញ្ជី, Earnings Forum, សិក្ខាសាលាពិសេសសម្រាប់សាស្ត្រាចារ្យសាកលវិទ្យាល័យ, កម្មវិធី ៤៥នាទី អំពីការវិនិយោគ, កម្មវិធី ៣៥នាទីអំពីអាជីវកម្ម, និង វគ្គបណ្តុះបណ្តាល ដើម្បីបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការចុះបញ្ជី ទៅកាន់បណ្ដាក្រុមហ៊ុន នានា។ លើសពីនេះ ផមក បានសហការជាមួយសមាជិក និងអ្នកចូលរួមរបស់យើងដើម្បីរៀបចំកម្មវិធីសប្បុរសធម៌ “ក្តីសង្ឃឹមនៃជីវិត” ឆ្នាំ២០២៤, និងព្រឹត្តិការណ៍ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First STOCK ឆ្នាំ២០២៤ ជាលើកទី៧។

ឱកាសនៅក្នុងវិបត្តិ
យោងតាម CSX ក្រៅពីភាគហ៊ុន GTI ដែលមានកំណើនថ្លៃជាង ៧៨% ភាគហ៊ុនចំនួន ១០ ផ្សេងទៀតបានធ្លាក់ចុះ ដែលបណ្តាលឱ្យសន្ទស្សន៍ ផមក ធ្លាក់ ១២,៦៨% ក្នុងឆ្នាំ ២០២៤នេះ។ ការធ្លាក់ចុះនៃថ្លៃភាគហ៊ុននេះ មិនបណ្តាលមកពីកត្តាអាជីវកម្មរបស់ក្រុមហ៊ុនទាំងស្រុងទេ តែមូលហេតុចម្បង គឺដោយសារកត្តាមួយចំនួនដូចជា៖
- កត្តាខាងក្រៅ: ការអូសបន្លាយនៃសង្គ្រាមលើពិភពលោកដែលបានជះឥទ្ធិពលទៅលើតម្លៃនៃប្រាក់ដុល្លារ ភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកបណ្តាលមកពីការជាប់គាំងនៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃការចំណាយសរុបក្នុងស្រុក ដែលធ្វើឱ្យវិនិយោគិនភាគច្រើនបម្រុងសាច់ប្រាក់ទុក ជាជាងយកទៅប្រើប្រាស់លើការវិនិយោគផ្សេងៗ ស្របពេលដែលការកើនឡើងនូវព័ត៌មាននៃការឆបោកជាបន្តបន្ទាប់ដោយការប្រើប្រាស់ពាក្យ“វិនិយោគ”។
- កត្តាខាងក្នុង : ដោយសារមិនមានសាច់ប្រាក់បន្ថែមចូលមកក្នុងទីផ្សារ ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនភាគច្រើន នៅលើទីផ្សារក្នុងឆ្នាំ២០២៤ មិនសូវមានការឡើងចុះខ្លាំង ដែលធ្វើឲ្យទីផ្សារមិនសូវមានភាពទាក់ទាញ និងខ្វះសន្ទនីយភាព ក៏ដូចជាការសម្រុកលក់ចេញភាគហ៊ុនរបស់វិនិយោគិនមួយចំនួន ដើម្បីដោះស្រាយបញ្ហាខ្វះខាតសាច់ប្រាក់របស់ខ្លួន ជាហេតុធ្វើឱ្យតម្លៃភាគហ៊ុនខ្លះធ្លាក់ចុះខ្លាំង បើទោះបីជាក្រុមហ៊ុនចុះបញ្ជីទាំងនោះកំពុងតែបោះជំហាន និងអភិវឌ្ឍទៅមុខជាប្រចាំក្តី។
CSX ថា៖«ទោះបីជាស្ថានភាពទីផ្សារប្រចាំ២០២៤ មិនសូវជាទីគាប់ចិត្តសម្រាប់វិនិយោគិន ក៏នៅតែមានគេមើលឃើញថា ទីផ្សារមួយនេះ នៅតែមានសក្តានុពលខ្ពស់ដោយសារតែការធ្លាក់ចុះតម្លៃភាគហ៊ុនក្រុមហ៊ុនល្អៗទាំងនេះកំពុងតែបានផ្តល់ ឱកាសដល់វិនិយោគិនធ្វើការទិញភាគហ៊ុននៅក្នុងតម្លៃក្រោមទីផ្សារ ដើម្បីត្រៀមលក់ចេញនៅពេលទីផ្សារត្រឡប់មករកភាពប្រក្រតីវិញ»។
ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរកប្រទេសដែលមានមានចំណូលមធ្យមកម្រិតខ្ពស់ CSX នឹងបន្តដើរតួជាស្ថាប័នមួយក្នុងការជួយជ្រោមជ្រែង កៀរគរទុន និងជំរុញការវិនិយោគ ប្រកបដោយចេរភាព និងនិរន្តភាព ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ ស្របពេលជាមួយគ្នានេះ ការចុះបញ្ជីនូវមូលបត្រកម្មសិទ្ធិថ្មីក្នុងឆ្នាំ ២០២៥នេះ ក៏ជាកត្តាលីករមួយ ដើម្បីជម្រុញឱ្យមានការជួញដូរ និងទាក់ទាញវិនិយោគិនបន្ថែមទៀត។
«ឆ្នាំ ២០២៥នេះ រំពឹងថានឹងក្លាយជាឱកាសមាសសម្រាប់វិនិយោគិនរបស់យើង។ យើងប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបានគោលដៅធំៗសម្រាប់ឆ្នាំ២០២៥នេះ ដោយបន្តបង្កើនតម្លៃជួញដូរប្រចាំថ្ងៃឱ្យបានទ្វេដង ពោលគឺប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក, ចំនួនគណនីជួញដូរថ្មីឲ្យបាន ១៥,០០០គណនីបន្ថែម, និងបង្កើនចំនួនក្រុមហ៊ុនចុះបញ្ជីឱ្យបានយ៉ាងតិច ចំនួន ៦»។នេះបើយោងតាម CSX៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


