ព័ត៌មានជាតិ
រដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្ររយៈពេលវែង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ២០២៥-២០៣៥ ដែលយុទ្ធសាស្រ្តរយៈពេលវែងនេះនឹងផ្តល់នូវដំណោះស្រាយ សក្តានុពលចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមដែលនឹងកើតឡើងនាពេលអនាគត។

បើយោងតាមនិយ័តករមូលបត្រកម្ពុជា (SERC) បានចេញផ្សាយនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រនេះកាលពីថ្ងៃទី២២ ខែកក្កដា ក្រោយពីបានទទួលការឯកភាពពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារក្នុងសម័យប្រជុំអាណត្តិទី១ លើកទី២៥ កាលពីថ្ងៃទី១០ ខែកក្កដា ថ្មីៗកន្លងទៅនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងឯកសារយុទ្ធសាស្រ្តនោះថាវិស័យមូលបត្រ ដែលមានមុខងារក្នុងការសម្រួលដល់ការកៀរគរមូលធន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវចក្ខុវិស័យជាយុទ្ធសាស្ត្រ។
លោកថា៖«អាស្រ័យហេតុនេះ វាពិតជាមានភាពចាំបាច់ដែលត្រូវធានាឱ្យបាននូវការអភិវឌ្ឍ វិស័យមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ភាពធន់ ជីវភាព បរិយាបន្ន និរន្តរភាព និងនវានុវត្តន៍ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ដែលមានភាពគ្រប់ ជ្រុងជ្រោយ»។

លោកបានរំលេចថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រនេះ នឹងបង្ហាញពីក្របខ័ណ្ឌយុទ្ធសាស្ត្រពង្រឹងទីផ្សារមូលបត្រនិង ពង្រីកទីផ្សារមូលបត្រ ដែលរួមបញ្ចូលទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងហិរញ្ញវត្ថុចីរភាព និងគាំទ្រការអភិវឌ្ឍទីផ្សារ មូលបត្រ។
លោកថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ក៏រួមបញ្ចូលផងដែរនូវសកម្មភាពជំរុញការ អភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ដែលបានចូលរួមចំណែកនៅក្នុងការបង្កើតការងារប្រមាណ ៧០% និងរួមចំណែកនៅក្នុងផលិតផលក្នុងស្រុកសរុបប្រមាណជា ៦០% ដោយគិតគូរទៅលើការបំពេញនូវតម្រូវការ ហិរញ្ញវត្ថុ និងផ្តល់នូវជម្រើសហិរញ្ញប្បទានផ្សេងៗ ដែលអាចឆ្លើយតបនឹងលក្ខខណ្ឌ និងស្ថានភាពផ្សេងៗគ្នា របស់សហគ្រាសទាំងនោះ។
លោកឧបនាយករដ្ឋមន្រ្តីលើកឡើងថា៖«យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់មួយ របស់កម្ពុជា ដែលនឹងគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០»។

លោក ស៊ូ សុជាតិ អគ្គនាយកនៃ SERC ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍក្នុងស្រុកតាមរយៈការដាក់ចេញនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងផែនការ យុទ្ធសាស្រ្តពាក់ព័ន្ធ កំពុងបង្កើតនូវកាលានុវត្តភាពជាច្រើនសម្រាប់សកម្មភាពផលិតក្នុងស្រុក ដែលអាច ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង។ ការណ៍នេះ ផ្តល់នូវឥទ្ធិពលជាវិជ្ជមានសម្រាប់វិស័យហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល ជាពិសេសការកើនឡើងនូវតម្រូវការនៃការវិនិយោគ និងហិរញ្ញប្បទានសំខាន់ៗ ជាច្រើន ដើម្បីពង្រីកអាជីវកម្ម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
លោកថា៖«ដូចនេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ត្រូវបានរៀបចំឡើងក្នុងពេលវេលាដែលសមស្របបំផុត ដោយមានការវាយតម្លៃគ្រប់ ជ្រុងជ្រោយអំពីភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាម នៃវិស័យមូលបត្រ។ ដោយគិតគូរ ពិចារណាយ៉ាងល្អិតល្អន់នូវកត្តាទាំងនេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រនេះ នឹងផ្តល់នូវដំណោះស្រាយ សក្តានុពលចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមដែលនឹងកើតឡើងនាពេលអនាគត ក៏ ដូចជាការទាញយកផលប្រយោជន៍ពីកាលានុវត្តភាពនៃកំណើនថ្មីៗ ព្រមទាំងទប់ស្កាត់នូវបញ្ហា ឬបញ្ហាប្រឈមដែលនឹងអាចកើតឡើង នៅពេលដែលវិស័យមូលបត្រសម្រេចបាននូវការអភិវឌ្ឍក្នុងកម្រិតជាក់លាក់មួយនាពេលអនាគត»។
បើយោងតាម SERC វិស័យមូលបត្រនៅកម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាង ១៥ ឆ្នាំមកនេះ ជាពិសេស ការរៀបចំបទប្បញ្ញត្តិ ហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងអន្តរការីមូលបត្រ។ SERC ដែលត្រូវបាន បង្កើតឡើងក្នុងឆ្នាំ២០០៨។ បើគិតត្រឹមឆ្នាំ២០២៤ SERC បានដាក់ចេញប្រកាស និងបទប្បញ្ញត្តិចំនួន ៨២ ដើម្បីគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រ ដែលឆ្លើយតបនឹងតម្រូវការ និងបរិបទនៃវិស័យនេះ។

លោក ហុង សុហ៊ួរ អគ្គនាយនៃផ្សារមូលបត្រកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា អស់រយៈពេលជាង ១៣ ឆ្នាំ នៃការបើកដំណើរការផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជា ផ្សារមូលបត្របានចូលរួមកៀរគរថវិកាបានប្រមាណជិត ៥០០ លានដុល្លារអាមេរិក។ ចាប់តាំងពីទីផ្សារហ៊ុនបើកដំណើរការនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនដែលចុះបញ្ជីជាភាគហ៊ុនជាមួយមានចំនួន ១១ ក្រុមហ៊ុន ដោយក្នុងនោះក្រៅពីភាគហ៊ុន ក៏នៅមានផលិតផលផ្សេងទៀតគឺមានសញ្ញាប័ណ្ណចំនួន ១៤ បន្ថែម សរុបក្រុមហ៊ុនទាំងអស់មានចំនួន ២៥។ ក្រុមហ៊ុនទាំង ២៥ នេះ បានកៀរគរទុនជូនដល់រាជរដ្ឋាភិបាលកម្ពុជា បានប្រមាណជិត ៥០០លានដុល្លារ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង