Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនអាមេរិកកំពុងស្វែងរកឱកាសវិនិយោគ​លើវិស័យមូលបត្រនៅកម្ពុជា

បានផុស

នៅ

ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុ​នអាមេរិក Argentem Creek បានកំពុងបំពេញបេសកកម្មរបស់ខ្លួននៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ​ហិរញ្ញវត្ថុនានា ជាពិសេសធនាគារ និងមូលបត្រ ដែលជាការបោះជំហ៊ានក្នុងការពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីជួបថ្នាក់ដឹកនាំកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រួមមានធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងនិងស្ថាប័នមួយចំនួនទៀត កាលពីថ្ងសទី៤ខែសីហា គណៈប្រតិភូក្រុមហ៊ុនហិរញ្ញវត្ថុ Argentem Creek របស់សហរដ្ឋអាម៉េរិក ដែលដឹកនាំដោយលោក Maarten Terlouw និងលោក Pavel Fedorov ក៏បានជួបពិភាក្សាការងារជាមួយលោករស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារដើម្បីស្វែងរកឱកាសលើការវិនិយោគក្នុងវិស័យមូលបត្រនេះផងដែរ។

ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន។ លោក Pravel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group បានលើកឡើងអំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន Salmon Group គំរូអាជីវកម្មដែលផ្តោតលើហិរញ្ញវត្ថុឌីជីថល និងសារៈសំខាន់នៃបទប្បញ្ញាត្តិដែលមានភាពអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍនវានុវត្តហិរញ្ញវត្ថុថែមទៀត។

លោក  ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដែលបានជួបក្រុមហ៊ុន និងថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៦ ខែសីហាថា ក្នុងជំនួបនោះក្រុមហ៊ុនបានសម្តែងនូវការតាំងចិត្តក្នុងការវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជាដែលរួមទាំងវិស័យមូលបត្របានកំពុងមានការរីកចំរើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការប្រឈមខ្លាំងក្តី។

លោកបានថ្លែងថា៖«តាមរយៈកិច្ចប្រជុំនោះយើងឃើញថា ក្រុមហ៊ុននេះបានចាប់អារម្មណ៍ខ្លាំងលើវិស័យហិរញ្ញវត្ថុរបស់យើង ដែលមានរួមទាំងធនារគារ និងមូលបត្រ។ ដូច្នេះយើងស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនធំៗបែបនេះ។ ការណ៍នេះបង្ហាញឱ្យឃើញថា ប្រទេសយើងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាវិនិយោគិនអន្តរជាតិ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់បានប្រឈមក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះក្តី»។

បើយោងតាម SERC ​នាពេលបច្ចុប្បន្ន កម្ពុជាមានផលិតផលចំនួន ៥ នៅលើទីផ្សារមូលបត្រកម្ពុជា រួមមានមូលបត្រកម្មសិទ្ធិ ដែលហៅថាភាគហ៊ុន, មូលបត្របំណុល ដែលហៅថាសញ្ញាបណ្ណ, មូលនិធិនៃគម្រោងវិនិយោគរួម ឧបករណ៍និស្សន្ទ និងទ្រព្យឌីជីថល ខណៈដែលឧបករណ៍ និងសេវាថ្មីៗផ្សេងទៀត ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ និងនឹងត្រូវដាក់ឱ្យដំណើរការជាបន្តបន្ទាប់។

បើយោងតាម SERC  នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រចំនួន ២៥ ដែលក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់មូលបត្របំណុល ដែលរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលស្របតាមស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនទាំង ២៥ នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារជិត ៥៤០លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម