Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុនក្នុងវិស័យកសិកម្ម​ដំបូងគេ​ចូលផ្សារហ៊ុន ​កៀរគរ​ទុនជិត​ ៥០ លានដុល្លារ​

បានផុស

នៅ

ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ​ បានក្លាយជាក្រុមហ៊ុនមកពីវិស័យកសិឧស្សាហកម្មដំបូងគេ ដោយបាន​ចុះបញ្ជីបោះផ្សាយ​លក់​មូលបត្រ​បំណុល​នៅលើផ្សារមូលបត្រកម្ពុជា (CSX) ដោយបានប្រមូលទុន ក្នុង​ទំហំទឹកប្រាក់ ៤៩ លានដុល្លារ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិស័យឯកជនមកលើវិស័យហិរញ្ញវត្ថុកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនបានធ្វើការ​កៀរគរ​ទុន​វិនិយោគគុណវុឌ្ឍិជាមួយទំហំទឹកប្រាក់សរុប ៤៩ លានដុល្លារ ដែលមានអត្រាគូប៉ុង ៥,២៥% ជាមួយឥណប្រតិទាន ៨ ឆ្នាំ និងមានការធានាពីក្រុមហ៊ុន GuarantCo។​

​ទុនរយៈពេលវែងនេះ នឹងត្រូវចំណាយទៅលើការពង្រីកសក្តានុពលផ្គត់ផ្គង់ ដូចជាបន្តពង្រីក​ផ្ទៃដី​ដាំដុះ វិនិយោគលើប្រព័ន្ធធារាសាស្ត្រ និងគ្រឿងចក្រធុនធ្ងន់ ដែលមានបច្ចេកវិទ្យាទំនើប ដើម្បីពន្លឿននូវខ្សែច្រវាក់ផលិតកម្ម ពង្រីកឃ្លាំងស្តុក និងរោងចក្រកែច្នៃ។​

​ការដែលក្រុមហ៊ុនក្នុងវិស័យកសិកម្មសម្រេចចិត្តកៀរគរ​ទុនតាមរយៈផ្សារមូលបត្រ មានសារៈសំ​ខាន់ ព្រោះវាអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបានទុនរយៈពេលវែង ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីយក​ទៅប្រើប្រាស់តាមផែនការអាជីវកម្មរបស់ក្រុមហ៊ុន។​

​លោក ហុង សុហួរ យល់ឃើញថា៖ «នេះមិនត្រឹមតែជួយឱ្យក្រុមហ៊ុនរីកចម្រើន ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជួយបង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរយើងថែម ទៀតផង»។ ​

​លោក ស៊ូ សុជាតិ ​អគ្គនាយកនិយ័តករមូលបត្រកម្ពុជា ​មានប្រសាសន៍ថា ក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ​ ជាក្រុមហ៊ុនកសិកម្ម ដែលដាំដំណាំហូបផ្លែ រួមមាន ចេក ម្នាស់ មៀន និងស្វាយ សម្រាប់​នាំចេញទៅក្រៅប្រទេស លើមាត្រដ្ឋាន​កសិឧស្សាហកម្ម ដើម្បីគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិ​បាល ដែលរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល​របស់កសិករ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងខេត្តរតនគីរី។

​ក្រុមហ៊ុន ​ដូនពេញ អាហ្គ្រីកូ បានបោះផ្សាយលក់មូលបត្របំណុលសម្រាប់វិនិយោគគុណវុឌ្ឍិ ដែលជាប្រភេទសញ្ញាបណ្ណមានបុគ្គលធានាជិត ២ លាន សញ្ញាបណ្ណ (១ ៩៦០ ០០០) ក្នុងទំហំទឹក​ប្រាក់សរុបចំនួន ១៩៦ ប៊ីលានរៀល ប្រមាណ ៤៩ លានដុល្លារ ដែលសញ្ញាបណ្ណនេះ មានតម្លៃ ១០ ម៉ឺនរៀល ក្នុងមួយឯកតា ជាមួយនឹងអត្រា ៥,២៥% ដែលត្រូវទូទាត់ជាប្រ​ចាំត្រី​មាស និងមានឥណប្រតិទាន ៨ ឆ្នាំ (២០២៥-២០៣៣)។

​លោក ហ៊ាន សាហ៊ីប ​រដ្ឋលេខាធិការ ​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ​ចុះបញ្ជី​បោះ​ផ្សាយ​លក់​មូលបត្ររបស់ក្រុមហ៊ុន ​ដូនពេញ អាហ្គ្រីកូ ឆ្លុះបញ្ចាំងពីការកើន​ឡើងខ្ពស់នូវទំនុក​ចិត្ត​របស់វិស័យឯកជនមកលើវិស័យហិរញ្ញវត្ថុកម្ពុជានិយាយជារួម និងវិស័យមូល​បត្រកម្ពុជា​និយា​យ​ដោយឡែក។

​គិតមកដល់ពេលនេះ ក្រុមហ៊ុន​ដែលបានបោះផ្សាយ​ និងចុះបញ្ជីលក់មូលបត្រ​នៅផ្សារ​មូល​បត្រកម្ពុជា ​បានប្រមូលសាច់ប្រាក់​ពីទីផ្សារក្នុងរង្វង់ ​៧០០ លានដុល្លារ ​ក្នុងនោះ​មានក្រុមហ៊ុនចំនួន ១២ ​បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ​និងក្រុមហ៊ុនចំនួន ១៥ ​បោះផ្សាយលក់មូល​បត្របំណុល៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម