សេដ្ឋកិច្ច
លោក ស៊ូ សុជាតិ៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ឆ្នាំ២០២៥-២០៣៥ ជាផែនការមេក្នុងការអភិវឌ្ឍន៍វិស័យមូលបត្រកម្ពុជា
លោក ស៊ូ សុជាតិ អគ្គនាយកនៃ SERC បានលើកឡើងថា ពាក់ព័ន្ធនិងផែនការមេ ១០ឆ្នាំនៃវិស័យមូលបត្រកម្ពុជាគឺជាផែនទីចង្អុលផ្លូវដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យមូលបត្រកម្ពុជាឱ្យកាន់តែមានភាពសម្បូរបែប ទំនើបកម្ម និងផលិតផលកាន់តែច្រើនដើម្បីទាក់ទាញក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនសាធារណចូលរួមកាន់តែច្រើន។

ថ្លែងមកកាន់កម្ពុជាថ្មី លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា៖« ចំពោះការរៀបចំវិស័យមូលបត្រដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៨ មក គឺយើងបានអនុវត្តន៍តាមយុទ្ធសាស្ត្រវិស័យហិរញ្ញវត្ថុ ដែលយុទ្ធសាស្ត្រនេះ គឺជាគន្លងផ្លូវគោលសម្រាប់វិស័យហិរញ្ញវត្ថុ និងត្រូវបានធ្វើបច្ចុប្បន្នកម្មរៀងរាល់ ៥ ឆ្នាំម្តង ចុងក្រោយ យើងបានធ្វើបច្ចុប្បន្នកម្មផែនការមេយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០២៥-២០៣៥»។
លោកបានបន្យល់ថា ផ្អែកតាមផែនការមេយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០២៥-២០៣៥ និយតករមូលបត្របានរៀបចំឱ្យមានផែនការមេសម្រាប់រយៈពេល ១០ ឆ្នាំពេញ មានន័យថា ដើម្បីក្លាយជាផែនការមេរយៈកាលគួរតែ ១០ឆ្នាំ តាមនវានុវត្តន៍អន្តរជាតិ ហើយការរៀបចំផែនការនេះសម្រាប់រយៈពេល ១០ឆ្នាំ ត្រូវបានបែងចេកជា រយៈពេលខ្លី ២ឆ្នាំ រយៈពេលមធ្យមចំនួន ៥ ឆ្នាំ ហើយសម្រាប់រយៈពេលយូរគឺ ១០ឆ្នាំ ដែលសម្រេចថា រយៈពេលខ្លី ២ឆ្នាំ រយៈកាលមធ្យម ៥ឆ្នាំមានអ្វីខ្លះ និងរយៈកាលយូរ ១០ឆ្នាំ។
យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រនេះ ត្រូវបាននិយ័តករមូលបត្រកម្ពុជា (SERC) ចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ក្រោយពីបានទទួលការឯកភាពពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារក្នុងសម័យប្រជុំអាណត្តិទី១ លើកទី២៥ កាលពីថ្ងៃទី១០ ខែកក្កដា ថ្មីៗកន្លងទៅនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងឯកសារយុទ្ធសាស្រ្តនោះថាវិស័យមូលបត្រ ដែលមានមុខងារក្នុងការសម្រួលដល់ការកៀរគរមូលធន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវចក្ខុវិស័យជាយុទ្ធសាស្ត្រ។

លោកថា៖«អាស្រ័យហេតុនេះ វាពិតជាមានភាពចាំបាច់ដែលត្រូវធានាឱ្យបាននូវការអភិវឌ្ឍ វិស័យមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ភាពធន់ ជីវភាព បរិយាបន្ន និរន្តរភាព និងនវានុវត្តន៍ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ដែលមានភាពគ្រប់ ជ្រុងជ្រោយ»។
បើតាមលោក ស៊ូ សុជាតិ សម្រាប់ផែនការមេ ត្រូវបានបែងចែក ជាយុទ្ធសាស្ត្រធំៗចំនួន ៣ សម្រាប់អនុវត្តន៍ ទី១ យុទ្ធសាស្ត្រពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងអ្វីៗដែលនិយតករមូលបត្របានអនុវត្តន៍រួច មានរួច។ ឧទាហរណ៍៖ ដូចជាផ្នែក ផលិត ថាតើយើងត្រូវបន្ថែមអ្វីទៀតដើម្បីឱ្យកាន់តែមានសន្ទុះទីផ្សារ ផ្នែកហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ត្រូវរៀបចំអ្វីបន្ថែម ការធ្វើប្រព្រឹត្តិកម្មទីផ្សារត្រូវមានអ្វីបន្ថែម ការបង្កើនការបោះផ្សាយពាក់ព័ន្ធទៅនិងការបង្កើនអ្នកវិនិយោគ និងការទាក់ទាញវិនិយោគិនពីក្រៅប្រទេស ទាំងអស់នេះ គឺជាផ្នែកនៃការពង្រឹងការអភិវឌ្ឍន៍វិស័យមូលបត្រដែលមានស្រាប់ ហើយត្រូវបានឱ្យឈ្មោះថា វិធានការ ៤ នៃការពង្រឹង។
ដោយឡែក វិធានការ ៤ទៀត នៃការពង្រីកទីផ្សារ ឬពង្រីកការអភិវឌ្ឍន៍ទីផ្សារដោយផ្តោតជាសំខាន់ទៅលើរឿងថ្មីៗដែលពាក់ព័ន្ធទៅនិងវិស័យអាកាសធាតុ ដោយឱ្យឈ្មោះថា ការអភិវឌ្ឍន៍ដោយចីរភាព ដោយបញ្ចូលទៅដល់ការគិតគូរអំពីកិច្ចការពារបរិស្ថាន និងអាកាសធាតុ ដូច្នេះយើងនិងរចនានូវការផលិត ក៏ដូចជារចនានូវប្រព័ន្ធអេកូស៊ីស្ទឹមបន្ថែមពាក់ព័ន្ធទៅនិងការយកទីផ្សារមូលបត្រជាច្រកមួយដែលអាចប្រមូលសាច់ប្រាក់ដើម្បីយកទៅអភិវឌ្ឍន៍ ប៉ុន្តែការអភិវឌ្ឍន៍នេះមិននាំទៅដល់ការប៉ះពាល់ដល់បរិស្ថាន និងធានាបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ចំណុចធំមួយទៀត គឺពាក់ព័ន្ធនិងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដែលមានការអភិវឌ្ឍន៍ខ្លាំង យើងអាចចាប់យកដើម្បីមកអភិវឌ្ឍន៍ ដូចជាការរៀបចំសេវាថ្មី ឬអភិវឌ្ឍន៍រៀបចំជាការផលិតថ្មីដែលពាក់ព័ន្ធជាមួយផ្នែកនេះ ដែលមកបម្រើឱ្យផលិតផល បម្រើឱ្យសេវា ហើយវានឹងក្លាយទៅជាទិសដៅពង្រីកថ្មីមួយទៀតដែលបម្រើឱ្យវិស័យមូលបត្រ។
ជាមួយគ្នានេះ លោក ស៊ូ សុជាតិ បានបន្ថែមដែរថា យើងក៏ត្រូវគិតគូរអំពីការរៀបចំនូវបទបញ្ញត្តិថ្មីបន្ថែមស្របទៅតាមបរិក្ខារថ្មី និងការរៀបចំនូវការពង្រឹងសមត្ថភាពរបស់អាជ្ញាធរ ដើម្បីស្របទៅតាមបរិបទថ្មី ដូច្នេះហើយចំណុច ៤ នេះ យើងឱ្យឈ្មោះថា ការពង្រីក ៤ សម្រាប់ការអភិវឌ្ឍន៍វិស័យមូលបត្រ។
ក្រៅពីនេះ នៅចំណុចចុងក្រោយ ដែលជាយុទ្ធសាស្ត្រគាំទ្រ មានន័យថា តើមានអ្វីខ្លះដែលអាចជួយដល់ការគាំទ្រពាក់ព័ន្ធនិងការពង្រឹង និងការពង្រីកទាំងអស់នេះតាំងពីការអភិវឌ្ឍន៍សមត្ថភាពនិយ័តករ ការអភិវឌ្ឍន៍សមត្ថភាពអ្នកចូលរួមនៅក្នុងទីផ្សារ ទំនាក់ទំនងអន្តរជាតិ ក៏ដូចជាតម្រូវឱ្យមានការគិតគូរអំពីកញ្ចប់ថវិកា ដំណើរការនៃការអនុវត្តន៍ថវិកា ក៏ដូចជាការគិតគូរនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត ដែលជាធម្មតាទាំងស្ថាប័ន និងទីផ្សារដែលត្រូវការជាដើម។

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ២០២៥-២០៣៥ ដែលយុទ្ធសាស្រ្តរយៈពេលវែងនេះនឹងផ្តល់នូវដំណោះស្រាយ សក្តានុពលចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមដែលនឹងកើតឡើងនាពេលអនាគត។
បើតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជា អស់រយៈពេលជាង ១៣ ឆ្នាំ នៃការបើកដំណើរការផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជា ផ្សារមូលបត្របានចូលរួមកៀរគរថវិកាបានប្រមាណជិត ៥០០ លានដុល្លារអាមេរិក។ ចាប់តាំងពីទីផ្សារហ៊ុនបើកដំណើរការនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនដែលចុះបញ្ជីជាភាគហ៊ុនជាមួយមានចំនួន ១១ ក្រុមហ៊ុន ដោយក្នុងនោះក្រៅពីភាគហ៊ុន ក៏នៅមានផលិតផលផ្សេងទៀតគឺមានសញ្ញាប័ណ្ណចំនួន ១៤ បន្ថែម សរុបក្រុមហ៊ុនទាំងអស់មានចំនួន ២៥។ ក្រុមហ៊ុនទាំង ២៥ នេះ បានកៀរគរទុនជូនដល់រាជរដ្ឋាភិបាលកម្ពុជា បានប្រមាណជិត ៥០០លានដុល្លារ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


