សេដ្ឋកិច្ច
រដ្ឋចាប់ដៃជាមួយវិស័យឯកជន ស្ដារចម្ការដើមមន និងចិញ្ចឹមដង្កូវនាង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ដៃ សហការជាមួយក្រុមហ៊ុនសិប្បករអង្គរ ស្ដារឡើងវិញចម្ការដើមមន និងការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់សិប្បកម្មតម្បាញរបស់ក្រុមហ៊ុន។

ជាលទ្ធផល កិច្ចសហការ យ៉ាងជាប់លាប់រវាងក្រសួងនិងក្រុមហ៊ុន បានជួយឱ្យសិប្បកម្មតម្បាញសូត្រអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ នៅចុងខែសីហា ឆ្នាំ២០២៤ ពោលគឺក្នុងរយៈពេលតែ ៥ខែប៉ុណ្ណោះ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តធ្វើការយ៉ាងជាប់លាប់ជាមួយក្រុមហ៊ុន ដោយបានផ្ដល់ដើមមន និងពងដង្កូវនាង ព្រមទាំងបច្ចេកទេសចាំបាច់នានា ធ្វើយ៉ាងណារក្សាឱ្យបាននូវដំណើរកសាងខ្សែច្រវាក់ផលិតកម្មសូត្រខ្មែរ ដែលជាមរតកវប្បធម៌អរូបីរបស់ជាតិ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ចម្ការមន និងសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនសិប្បករអង្គរ នាចុងខែមីនា ឆ្នាំ២០២៥កញ្ញា អ៊ឹម រចនា បានរំឭកឡើងវិញនូវប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដែលបានលើកឡើងថា ការស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករ និងចូលរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់មួយរបស់ខ្មែរឱ្យបានគង់វង្សយូរអង្វែង។
បើតាមកញ្ញា អ៊ឹម រចនា ក្រសួងកសិកម្ម នឹងបន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ទៅតាមលទ្ធភាព លើផ្នែកដាំដុះដើមមន និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង។

ការស្រាវជ្រាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រកឃើញថា សូត្រខ្មែរមានប្រវត្តិយូរអង្វែងណាស់ ហើយទំនងជាបានចាប់កំណើតតាំងពីសម័យបុរេប្រវត្តិ តាមរយៈការរកឃើញភស្ដុតាងមួយចំនួន នៅស្ថានីយសំរោងសែន ក្នុងខេត្តកំពង់ឆ្នាំង និងស្ថានីយម្លូព្រៃ ក្នុងខេត្តព្រះវិហារ គឺតាំងពីមុនខ្មែរ ទទួលឥទ្ធិពលពីឥណ្ឌាទៅទៀត។
កាលសម័យនោះ គេត្បាញសូត្រ ដើម្បីស្លៀកពាក់ក្នុងកុលសម្ព័ន្ធ ក្នុងក្រុម ឬក្នុងសហគមន៍ ដែលរស់នៅតាមតំបន់ភ្នំ ឬតំបន់ខ្ពង់រាប។ លុះមកដល់សម័យដែលខ្មែរមានស្តេចគ្រងរាជ្យ គេបែងចែកសម្លៀកបំពាក់ដែលត្បាញពីសូត្រតាមលំដាប់ តាំងពីប្រជាជនធម្មតា រហូតដល់ព្រះមហាក្សត្រ ដោយកំណត់តាមពណ៌ និងក្បាច់ផ្កា។
ប្រជាជនចាប់ផ្ដើមចិញ្ចឹមនាង ដាំមនជាដើម ដែលធ្វើឱ្យសូត្រខ្មែរកាន់តែល្បី ហើយឥណ្ឌា និងចិនចេញចូលខ្មែរច្រើន ដើម្បីធ្វើជំនួញ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


