Connect with us

សេដ្ឋកិច្ច

ទីផ្សារដូងក្រអូបនៅតែមានតម្រូវការខ្ពស់ ខណៈការផ្គត់ផ្គង់នៅខ្វះខាត

បានផុស

នៅ

ម្ចាស់កសិដ្ឋានដូងក្រអូបមួយក្នុងខេត្តបាត់ដំបង បានឱ្យដឹងថា សម្រាប់ពេលបច្ចុប្បន្ន ទីផ្សារដូងក្រអូបនៅតែមានតម្រូវការខ្ពស់ ខណៈការផ្គត់ផ្គង់នៅខ្វះខាតនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាម្ចាស់ចម្ការដូងក្រអូប «Darling Farm» ដែលស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង កញ្ញា កេង សុចិន្តា បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ឆ្នាំ២០២៥នេះ ទិន្នផលដូងក្រអូបនៅចម្ការបស់កញ្ញា នៅតែមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារបាននៅឡើយ ខណៈជារៀងរាល់ដូងក្រអូបកំពុងមានតម្រូវការរាប់ម៉ឺនផ្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

កញ្ញា បន្តថា សម្រាប់ការផ្គត់ផ្គង់ដូងក្រអូបទៅកាន់ទីផ្សារវិញ ចម្ការរបស់កញ្ញា អាចមានសមត្ថភាពលក់ដូងស្រស់បានចន្លោះត្រឹម ៧ពាន់ផ្លែ ទៅ៨ពាន់ផ្លែ ក្នុងមួយខែ។ ចិន្តា បន្ថែមថា ប្រសិនបើធៀបនឹងឆ្នាំ២០២៤វិញ កសិដ្ឋានកញ្ញា អាចអាចផ្គត់ផ្គង់ដូងក្រអូបទៅកាន់ទីផ្សារបានប្រមាណជាង១ម៉ឺនផ្លែ ក្នុងមួយខែ។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ ដូងក្រអូបអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ២០០០រៀល​ ទៅ ២៥០០រៀល ក្នុងមួយផ្លែ ពោលគឺមានតម្លៃថ្លៃជាងឆ្នាំមុនៗ ដែលដូងក្រអូប អាចលក់ចេញបានត្រឹមតែ ១៥០០រៀល​ ទៅ២០០០រៀល តែប៉ុណ្ណោះ។

ចិន្តា បានបញ្ជាក់ទៀតដែរថា ដូងក្រអូប ជាដំណាំម្យ៉ាងដែលតែងតែមានតម្រូវការជារៀងរាល់ថ្ងៃ ខណៈបច្ចុប្បន្នដូងក្រអូប ត្រូវបានយកទៅកែច្នៃធ្វើជាភេសជ្ជៈ នំ និងកាហ្វេ នៅតាមបណ្ដាហាង និងផ្សារទំនើ​ប ជាច្រើន ទើបធ្វើឱ្យដូងក្រអូបកាន់តែមានតម្រូវការខ្ពស់បែបនេះ។

គួរឱ្យដឹងថា កសិដ្ឋាន «Darling Farm» ជាកសិដ្ឋានមួយ ដែលស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បច្ចុប្បន្នកសិដ្ឋានមានផ្ទៃដីដាំដូងក្រអូបសរុបប្រមាណជាង៥ហិកតា និងអាចផ្គត់ផ្គង់ដូងស្រស់ទៅកាន់ទីផ្សារបានចន្លោះពី ៧០០០ផ្លែ ទៅ៨០០០ផ្លែ ក្នុងមួយខែ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម