Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបន្តការផ្តល់លើកទឹកចិត្តពន្ធដល់ម្ចាស់អគារជាប់គាំងនៅខេត្តព្រះសីហនុដល់ចុងឆ្នាំ២០២៨

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានបន្តផ្តល់ការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដោយពន្យាពេល​រាល់សំណង់អគារជាប់គាំងដែលបានសាងសង់រួចនៅក្នុងខេត្តព្រះសីហនុដែលនឹងត្រូវផុតកំណត់នៅដំណាច់ឆ្នាំ២០២៥នេះ រហូតដល់ចុងឆ្នាំ២០២៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ MEF ចុះថ្ងៃទី២៣ខែមេសា​ អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបជូនដំណឹងដល់ ម្ចាស់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ​ជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្តី។

ក្រសួងថា៖«ការផ្តល់ជូននេះមានវិសាលភាព គ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ «ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់យ៉ាងមុតមាំថា ម្ចាស់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខាន»។

បើតាម​​ MEF សម្រាប់ម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែង ពន្ធលើអចលនទ្រព្យនេះ។

ការអនុគ្រោះនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម