សេដ្ឋកិច្ច
ការរឹតត្បិតនាំចូលទុរេនរបស់ចិន ផ្ដល់ទាំងឱកាស និងផលអវិជ្ជមានសម្រាប់ទុរេនកម្ពុជា
ប្រទេសចិនដែលជាទីផ្សារស្រូបទាញទុរេនដ៏ធំរបស់វៀតណាម និងថៃ បានរឹតបន្តឹងការនាំចូលទុរេនពីវៀតណាម និងថៃ ដោយបានធ្វើតេស្តរកសារធាតុគីមីម្យ៉ាង ដែលអាចបង្កជាជំងឺមហារីក ក្រោយចិនរកឃើញសារធាតុនេះនៅលើផ្លែទុរេនថៃកាលពីដំណាច់ឆ្នាំមុន។

លោក ឃឹម ប៊ុនឡែន ប្រធានសហគមន៍ចម្ការស្តេចទុរេន បានលើកឡើងថា ការរឹតបន្តឹងការនាំចូលទុរេនរបស់ប្រទេសចិនពីវៀតណាម និងថៃ ផ្ដល់ទាំងឱកាស និងផលអវិជ្ជមានសម្រាប់ទុរេនកម្ពុជា។
លោក ឃឹម ប៊ុនឡែន បានលើកឡើងថា បញ្ហាគុណភាព សុវត្ថិភាពទុរេននៅប្រទេសជិតខាងរបស់កម្ពុជា គឺបានធ្វើឱ្យមានការផ្លាស់ប្ដូរការគិតរបស់ប្រជាពលរដ្ឋក្នុងការយកចិត្តទុកដាក់មកលើទុរេនខ្មែរ ខណៈប្រទេសចិនបានអនុញ្ញាតឱ្យកម្ពុជានាំចូលទៅកាន់ទីផ្សារខ្លួន ដែលជាឱកាសឱ្យយើងបង្កើតម៉ាកទុរេនខ្មែរ។
លោក ឃឹម ប៊ុនឡែនបន្ថែមថា៖ «វាជាមេរៀនសម្រាប់យើង ដោយសារបញ្ហាគុណភាព សុវត្ថិភាព ធ្វើឱ្យស្ថានភាពនៅថៃ និងវៀតណាមមានការរង្គោះរង្គើ អញ្ចឹងតើយើងត្រូវត្រៀមខ្លួនម៉េច ព្រោះយើងអត់ទាន់បានចូលប្រឡូកក្នុងសៃវៀននៅឡើយទេ ផលិតផលរបស់យើងរាល់ថ្ងៃគឺចេញតាមច្រកប្រទេសជិតខាង ហើយបាននាំបន្តទៅចិន អញ្ចឹងវាគឺជាមេរៀនល្អមួយដែល ដែលកម្ពុជាយើងត្រូវរៀនសូត្រហើយ ហើយកុំពឹងផ្អែកទៅលើតែទីផ្សារចិនតែមួយ យើងត្រូវមើលទីផ្សារផ្សេងទៀត»។

ទន្ទឹមនឹងគុណសម្បត្តិ ក៏មានគុណវិបត្តិដែរ ប្រសិនបើបញ្ហានេះ នៅអូសបន្លាយវាអាចប៉ះពាល់ទៅលើតម្លៃ នៅចំពេលដែលយើងប្រមូលផលទុរេននៅចុងខែ ឧសភានេះ ចាប់ផ្ដើមប្រមូលច្រើនប្រភេទពូជមាន់ថង។
បើតាមលោក ឃឹម ប៊ុនឡែន៖ «កាលណាទុរេននៅប្រទេសជិតខាងចុះថោក អាចមានលំហូរទុរេនចូលមកស្រុកខ្មែរយើងដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ទុរេនដែលហូរចូលមក មិនមែនជាទុរេនមានស្ដង់ដាខ្ពស់ដើម្បីនាំចេញទេ ទុរេនដែលល្អ គឺគេនាំចេញទៅលក់នៅក្រៅប្រទេសហើយ ទុរេនដែលនាំចូលមកស្រុកខ្មែរខ្ញុំហាននិយាយថា ភាគច្រើនគឺជាទុរេនដែលគេបានបដិសេធគុណភាពស្ដង់ដា បានគេនាំយកមកស្រុកខ្មែរយើងលក់ថោកៗទុរេនថ្លៃគេលក់អស់ហើយ អញ្ចឹងខ្ញូំចង់ឱ្យបងប្អូនគិតគូសុខភាព សុវត្ថិភាពផ្ទាល់ខ្លួនហើយអាហ្នឹងគឺមានផលប៉ះពាល់ខ្លាំងណាស់ ហើយវាក៏អាចប៉ះពាល់ដល់តម្លៃរបស់ទុរេនក្នុងស្រុករបស់យើងពេលប្រមូលផល»។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធបានដាក់ចេញវិធានទប់ស្កាត់ការហាមឃាត់ទុរេនដែលមានសារធាតុគីមីលួចនាំចូលមក។

លោក ប៉ែន សុវិជាតិ បន្ថែមថា ក្រសួងពាណិជ្ជកម្មបានអប់រំឱ្យម្ចាស់ចម្ការទុរេន និងអ្នកលក់ផ្លែឈើទាំងអស់កុំឱ្យនាំចូលទុរេនបរទេសហើយកុហកបន្លំថា ជាទុរេនរបស់ខ្មែរ ដើម្បីការពារអ្នកប្រើប្រាស់ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោក ប៉ែន សុវិជាតិ បញ្ជាក់ថា៖ «ក្រសួងមិនព្រងើយកន្តើយទេ បច្ចុប្បន្ននេះ ហើយក៏សុំអំពាវនាវឱ្យមានកិច្ចសហការពីប្រជាជនអ្នកប្រើប្រាស់ អាចជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ក្នុងករណីសង្ស័យថា ទុរេនដែលនាំចូល ឬដាក់លក់នៅកន្លែងណាមួយអាចជាទុរេនដែលមានផ្ទុកសារធាតុគីមី ឬទុរេននាំចូលពីក្រៅប្រទេស ហើយក្លែងបន្លំជាទុរេនកម្ពុជា ពីព្រោះឥឡូវនេះ យើងកំពុងយកចិត្តទុកដាក់ខ្ពស់បញ្ហាទុរេនដែលមានផ្ទុកសារធាតុដែលអាចបង្ករជាជំងឺផ្សេងៗ ខណៈជំងឺមហារីកកំពុងកើនឡើងនៅកម្ពុជា»។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


