ព័ត៌មានអន្ដរជាតិ
តម្លៃទុរេននៅចិនធ្លាក់ចុះគំហុក ដោយសារការផ្គត់ផ្គង់លើសលុបពីអាស៊ីអាគ្នេយ៍
តម្លៃផ្លែទុរេន ដែលគេធ្លាប់ចាត់ទុកថាជាផ្លែឈើប្រណីតនៅចិន បានធ្លាក់ចុះជាគំហុកនាពេលបច្ចុប្បន្ន ខណៈភាពប្រសើរឡើងផ្នែកភស្តុភារ បង្កភាពងាយស្រួលដល់ការផ្គត់ផ្គង់ដ៏ច្រើនលើសលុបពីអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ពីមុនមក អាជីវករនៅចិនធ្លាប់លក់ទុរេន ២០០ យ៉ន់ ឬប្រហែល ២៩ ដុល្លារ/គីឡូក្រាម ប៉ុន្តែតម្លៃឥឡូវនេះថោកជាងមុនឆ្ងាយណាស់។ សារព័ត៌មានស៊ីនហួ បានផ្សាយថា នៅផ្សារបោះដុំមួយនៅទីក្រុង គុនមីង ខេត្ត យូណាន ទុរេនពូជថៃ Monthong ឥឡូវនេះ ត្រូវបានគេលក់ក្នុងតម្លៃ ២៨ យ៉ន់ ឬប្រហែល ៤ ដុល្លារ/គីឡូក្រាម។
បើតាមអនឡាញ អ្នកប្រើប្រាស់ទូទាំងប្រទេសចិន ក៏អាចទិញផ្លែទុរេនដែលមានទម្ងន់លើសពី ២គីឡូក្រាម និងមានសាច់ផ្លែធំៗ ៦ ក្លែប ក្នុងតម្លៃត្រឹមតែ ១២៩ យ៉ន់ គិតទាំងថ្លៃដឹកជញ្ជូន។
ការធ្លាក់ចុះជាគំហុកនៃតម្លៃទុរេន បានក្លាយជាប្រធានបទដ៏ក្ដៅមួយនៅលើបណ្ដាញសង្គមចិនកាលពីចុងខែមេសា ដោយសារតែការដឹកជញ្ជូនជាច្រើនបានទៅដល់តាមកំពង់ផែសមុទ្រ និងផ្លូវគោកចិន។ សេវាកម្មដឹកជញ្ជូនតាមផ្លូវរថភ្លើងថៃ-ឡាវ-យូណាន បានធ្វើឱ្យការដឹកជញ្ជូនទុរេនពីអាស៊ីអាគ្នេយ៍កាន់តែរហ័សជាងមុន។ សេវាកម្មនេះ មានទាំងទូរថភ្លើងត្រជាក់ ១៣ អង្សាសេ ចេញពីកំពង់ផែឡាំឆាបាងរបស់ប្រទេសថៃ ឆ្លងកាត់ឡាវ ទៅកាន់ទីក្រុងគុនមីង។ ទុរេនថៃឥឡូវនេះ ត្រូវការពេលត្រឹមតែ ២៦ ម៉ោង ដើម្បីទៅដល់ទីក្រុង គុនមីង និងត្រឹមតែ ២ ថ្ងៃ ដើម្បីទៅដល់ជាង ៣០ ទីក្រុងនៅចិន។
ភាពប្រសើរឡើងនៃបណ្ដាញភស្តុភារ បានកាត់បន្ថយពេលដឹកជញ្ចូនទៅក្រុង Chengdu មកត្រឹម ៥ ថ្ងៃ ពីប្រហែល ១ សប្ដាហ៍កាលពីមុន ខណៈអត្រាខូចធ្លាក់ចុះពី ១០% មកត្រឹម ៣% ដោយសារតែផ្លូវរថភ្លើងថ្មី។ ជាលទ្ធផល តម្លៃទុរេនលក់រាយនៅ Chengdu បានធ្លាក់ចុះពីប្រហែល ៧០ យ៉ន់ មកត្រឹមប្រហែល ៤០ យ៉ន់/គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់កាសែតចិន China Daily។

គួរគូសបញ្ជាក់ថា ចិនគឺជាទីផ្សារទុរេនដ៏ធំបំផុតរបស់ពិភពលោក ដោយនាំចូលផ្លែឈើប្រភេទនេះក្នុងតម្លៃ ៧,៥ ប៊ីលានដុល្លារកាលពីឆ្នាំមុន។ ក្នុងនោះ ថៃផ្គត់ផ្គង់ប្រហែល ៤ ប៊ីលានដុល្លារ វៀតណាម ៣,៤ ប៊ីលានដុល្លារ ខណៈម៉ាឡេស៊ី កម្ពុជា ឡាវ និងហ្វីលីពីន មានចំណែកទីផ្សារតូចតាច។
អ្នកជំនាញទុរេនម្នាក់បានប្រាប់កាសែត South China Morning Post ថា ការដឹកជញ្ជូនតាមផ្លូវដែកផ្តល់ជូនអ្នកនាំចេញនូវជម្រើសដែលមានតម្លៃថោក ជាងការដឹកជញ្ជូនតាមផ្លូវអាកាស និងលឿនជាងមុនជាមួយនឹងហានិភ័ចខូចផ្លែទាបជាងការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ អ្នកជំនាញដដែលថា ផ្លូវរថភ្លើងចិន-ឡាវ កំពុងក្លាយជាផ្លូវសំខាន់មួយសម្រាប់ការនាំចេញផ្លែទុរេន ពីព្រោះវាធ្វើឱ្យមានតុល្យភាពរវាងល្បឿន ថ្លៃដើម និងការរក្សាគុណភាពផ្លែឈើ។ ឡាវ ថៃ និងវៀតណាម អាចទទួលបានអត្ថប្រយោជន៍ ដោយសារតែទីតាំងទាំង ៣ នេះ។
ការគួរឱ្យកត់សម្គាល់គឺថា ខណៈការផ្គត់ផ្គង់ផ្លែទុរេនកើនឡើង អ្នកប្រើប្រាស់ចិនកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើគុណភាព ដែលជំរុញឱ្យក្រុមហ៊ុននាំចេញនៅអាស៊ីអាគ្នេយ៍រឹតបន្តឹងស្តង់ដារ និងប្រើប្រាស់បច្ចេកវិទ្យាដូចជាប្រព័ន្ធតម្រៀប AI និងប្រព័ន្ធតាមដាន QR។
ប្រទេសម៉ាឡេស៊ីឯណោះវិញ ក៏កំពុងធ្វើការជាមួយចិនដើម្បីការពារការដាក់ឈ្មោះ និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃផ្លែទុរេនលំដាប់ខ្ពស់របស់ខ្លួនផងដែរ ចំពេលមានកង្វល់ថាផ្លែទុរេនបរទេសមួយចំនួនត្រូវបានគេផ្សព្វផ្សាយដោយក្លែងក្លាយថាជារបស់ម៉ាឡេស៊ី។ អ្នកជំនាញនិយាយថា ការប្រកួតប្រជែងកំពុងផ្លាស់ប្តូរពីតម្លៃទៅលើគុណភាព៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


