ព័ត៌មានអន្ដរជាតិ
លោក មហាធៀរ៖ ចិននឹងវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចកំពូលពិភពលោក
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀរ មហាម៉ាត់ បានថ្លែងកាលពីថ្ងៃសុក្រថា ចិនកំណត់ថានឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចកំពូលរបស់ពិភពលោកនាពេលអនាគត ហើយមិនអាចបញ្ឈប់ចិនបានទេ ដោយសារតែអាមេរិកផ្ដោតលើបញ្ហាក្នុងស្រុកខ្លួនឯងខ្លាំងពេក។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។

លោកថ្លែងបែបនេះ នៅក្នុងវេទិកា Nikkei ស្តីពី «អនាគតរបស់អាស៊ី លើកទី៣០» ដែលកំពុងរៀបចំឡើងនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ លោកបន្តថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ហាក់ដូចជារងការគំរាមកំហែងដោយការរីកចម្រើនឡើងរបស់ចិន ប៉ុន្តែអរិយធម៌ និងភាពធន់ដ៏យូរអង្វែងរបស់ចិន នឹងធ្វើឱ្យប្រទេសនេះទទួលបានជោគជ័យ។
កាសែត Nikkei Asia បានស្រង់សម្ដីលោក មហាធៀរ ដែលនិយាយយ៉ាងដូច្នេះថា៖ «ប្រទេសចិនបានបានឈរជើងយូរជាងសហរដ្ឋអាមេរិក។ ខ្ញុំមិនគិតថាប្រទេសចិននឹងចាញ់ងាយៗដោយសារសហរដ្ឋអាមេរិកនោះទេ»។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដដែលបន្តថា៖ «ខ្ញុំមិនគិតថា សហរដ្ឋអាមេរិកនឹងងើបឡើងវិញ ហើយក្លាយជាប្រទេសលេខ ១ ម្តងទៀតនោះទេ។ ចិនមើលទៅ ដូចនឹងក្លាយជាប្រទេសលេខ ១ នៅលើពិភពលោក»។
ទន្ទឹមនឹងនេះ លោក មហាធៀរ ក៏បានរិះគន់ការប្រើប្រាស់ពន្ធគយរបស់លោក ត្រាំ ផងដែរ ដោយនិយាយថា គោលនយោបាយពន្ធធ្វើឱ្យសហរដ្ឋអាមេរិកដាច់ឆ្ងាយពីសកលលោក ហើយទីបំផុត នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក ដោយសារតែអាមេរិកជាប្រទេសពឹងផ្អែកលើការនាំចូល រួមទាំងសមាសធាតុបច្ចេកវិទ្យាទំនើប ដូចជាមីក្រូឈីបជាដើម។

លោកបានបន្តយ៉ាងដូច្នេះថា៖ «លោក ត្រាំ បានធ្វើឱ្យពិភពលោកទាំងមូលក្លាយជាសត្រូវ។ ខ្ញុំថាទៅ ៣ ខែ លោក ត្រាំ នឹងលុបចោលពន្ធខ្លួនឯងហើយ»។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី TIME កាលពីដើមខែនេះ លោក មហាធៀរ បានហៅសហរដ្ឋអាមេរិកថាជាប្រទេសលាក់ពុត ហើយគោលនយោបាយការបរទេសក្រោមការដឹកនាំរបស់ ត្រាំ ពោរពេញដោយមហន្តរាយ។
ជាមួយគ្នានោះ លោក មហាធៀរ បានគូសបញ្ជាក់ការយល់ឃើញរបស់លោកផងដែរថា ឥណ្ឌាមិនអាចប្រកួតប្រជែងជាមួយនឹងឥទ្ធិពលចិននោះទេ ដោយសារតែរចនាសម្ព័ន្ធសង្គមដ៏ស្មុគស្មាញ និងអភិបាលកិច្ចវិមជ្ឈការរបស់ឥណ្ឌា ដែលធ្វើឱ្យប្រទេសនេះមានការលំបាកក្នុងការប្រកាន់យកជំហរសកលរួមមួយ។
គួរគូសបញ្ជាក់ថា ការលើកឡើងរបស់លោក មហាធៀរ ជុំវិញលទ្ធភាពដែលចិនក្លាយមហាអំណាចកំពូលពិភពលោក ធ្វើឡើងចំពេលដែលទំនាក់ទំនងសហរដ្ឋអាមេរិក និងចិន ធ្លាក់ចុះជាគំហុកនៅឆ្នាំនេះ ជាពិសេសជុំវិញសង្រ្គាមពាណិជ្ជកម្មពាក់ព័ន្ធនឹងការដំឡើងពន្ធគយ។

មែនទែនទៅ ពន្ធគយរបស់លោក ត្រាំ គឺជាប្រធានបទដ៏ធំ ដែលអ្នកជំនាញចាត់ទុកថាជា ឧបករណ៍គំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសកល ដែលបង្កការផ្លាស់ប្ដូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មពិភពលោក។ គេមើលឃើញថា ទោះបីជាចិនពឹងផ្អែកខ្លាំងលើការនាំចេញទៅសហរដ្ឋអាមេរិក ចិននៅតែប្ដេជ្ញាសងសឹកលើការដំឡើងពន្ធបកទៅកាន់សហរដ្ឋអាមេរិក មុនភាគីទាំង ២ បន្ធូរដៃដាក់គ្នាទៅវិញទៅមក នៅពាក់កណ្ដាលខែឧសភានេះ។
គួររំឭកផងដែរថា វេទិកា Nikkei ចាប់ផ្ដើមឡើងនៅថ្ងៃសុក្រ ទី ៣០ ឧសភា នេះក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» ចំពេលដែលប្រទេសនៅអាស៊ីជាច្រើន ជាពិសេសអាស៊ីអាគ្នេយ៍ រងការគំរាមកំហែងពន្ធគយបដិការខ្ពស់របស់សហរដ្ឋអាមេរិក។
ក្នុងនោះ គឺឃើញមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់ជាច្រើន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Chi Dung រួមជាមួយគណៈប្រតិភូនៃប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត។
ថ្លែងក្នុងវេទិកាដដែល នាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីសូលីត បានថ្លែងថា ភាពខ្លាំងរបស់អាស៊ីស្ថិតនៅលើសមត្ថភាពរបស់ខ្លួនក្នុងការរួបរួមគ្នាក្នុងគ្រាលំបាក ដោយសារតែភាពមិនច្បាស់លាស់ជុំវិញពន្ធគយរបស់សហរដ្ឋអាមេរិកមិនមានសញ្ញាថានឹងចប់នោះទេ។ ក្រោមការអំពាវនាឱ្យរួបរួមគ្នាបែបនេះ លោកថា ប្រព័ន្ធពាណិជ្ជកម្មសកលកាន់តែមានទំនោរលើការការពារនិយម ដែលនឹងរំខានដល់ភាពស្មើគ្នានៃសកល ហើយបង្កើនភាពតានតឹង៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


