Connect with us

សេដ្ឋកិច្ច

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ៣,៧ លាននាក់ នៅរយៈពេល ៧ ខែ

បានផុស

នៅ

នៅក្នុងរយៈពេល៧ ខែ (មករា-កក្កដា) ឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរ​អន្តរ​ជាតិ​ប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ មានប្រសាសន៍នៅក្នុងពិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ថា វិស័យទេសចរណ៍បានរួមចំណែក​យ៉ាងសំខាន់​ដល់ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេស​លំហូរចូលយ៉ាងច្រើននៃភ្ញៀវទេស​ចរចិន​មកកម្ពុជានៅ​មុនវិបត្តិជំងឺកូវីដ-១៩ មានចំនួនប្រមាណ ២,៤ លាននាក់ នៅឆ្នាំ២០១៩។

កាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរចិន មានចំនួនប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ៥៥%។

លោករដ្ឋមន្រ្ដីសង្ឃឹមថា តាមនិន្នាការនេះ ការកំណត់យកឆ្នាំ២០២៥ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា បង្កើនការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ សំដៅរួមចំណែកដល់ការសម្រេចបំណងប្រាថ្នាក្នុងការកសាងសហគមន៍ជោគ​វាស​នារួម កម្ពុជា-ចិន។

យោងនិន្នាការនៃស្ថិតិខាងលើ អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូប​ទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។

លោករដ្ឋមន្រ្ដីក្រសួងទេសចរណ៍បញ្ជាក់ថា ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងកម្ពុជា-ចិន ពិសេសតាមរយៈយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ដែលយើងបានអនុវត្តន៍រួមគ្នា ពេញមួយឆ្នាំ២០២៤ កន្លងមក ក្រសួងទេសចរណ៍បានសហការជាមួយមិត្តចិន បានរៀបចំឱ្យមានព្រឹត្តិការណ៍ និងកម្មវិធីដ៏សម្បូរបែបច្នៃប្រឌិត មានភាពទាក់ទាញ និងរស់រវើក ដែលរួមមាន៖ ព្រឹត្តិការណ៍វប្បធម៌ផ្សារភ្ជាប់ទេសចរណ៍, ព្រឹត្តិការណ៍ពិព័រណ៌, ព្រមជាមួយការរៀបចំ និងចូលរួមកម្មវិធីមួយចំនួនទៀត ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសចិន។

សម្រាប់ឆ្នាំ២០២៥នេះ កម្ពុជាក៏នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ដូចនេះទៀត ក្នុងរយៈពេលមួយឆ្នាំពេញ គិតចាប់ពីការប្រកាសបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» កាលពីខែឧសភា ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ​២០២៦ និងបន្តទៅឆ្នាំបន្តបន្ទាប់ទៀតខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម