Connect with us

សេដ្ឋកិច្ច

​កូរ៉េ​សិក្សា​លទ្ធភាព ​បង្កើត​រោងចក្រ​កែច្នៃ​ស្វាយចន្ទី​ នៅ​កម្ពុជា​

បានផុស

នៅ

សមាគម​ស្វាយចន្ទី​កម្ពុជា​នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៥ ​បាន​រៀបចំ​កិច្ច​ប្រជុំ​ធុរកិច្ច​ជាមួយ​លេខាធិការទី២​ នៃ​ស្ថាន​ទូត​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ និង​អគ្គនាយក​នៃ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម-វិនិយោគ​កូរ៉េ (KOTRA) ដើម្បី​ស្វែងយល់​ពី​កិច្ច​សហការ​ដ៏​មាន​សក្តា​នុពល​នៅ​ក្នុង​ឧស្សាហកម្ម​ស្វាយចន្ទី​របស់​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីភ្នាក់ងារ KOTRA ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​យល់​ពីឧស្សាហកម្មស្វាយ​ចន្ទី​របស់​កម្ពុជា រួមទាំង​រចនាសម្ព័ន្ធប្រតិបត្តិការ សក្តា​នុពលវិនិយោគ និង​តួនាទីដែលសមាគមស្វាយចន្ទីកម្ពុជា អាច​ដើរ​តួ​ក្នុងការគាំ​ទ្រវិនិយោគិនកូរ៉េ។

​ការពិភាក្សាបានផ្តោតលើលទ្ធភាពនៃការបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា និងរបៀបដែលវិនិយោគិន​អាច​ទទួលបាន​អត្ថប្រយោជន៍ពីការគាំទ្រ និងការលើកទឹកចិត្តក្នុងស្រុក។

​លោក អួន ស៊ីឡុត ប្រធានសមាគម​ស្វាយចន្ទី​កម្ពុជា​ បានប្រាប់ឱ្យដឹងថា គោលនយោបាយ​លើកទឹកចិត្តវិនិយោគ​ស្ថិតនៅ​ក្រោមដែន​សមត្ថកិច្ច​របស់​ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ហើយបានសង្កត់ធ្ងន់លើសមត្ថភាពរបស់ខ្លួនក្នុង​ការគាំទ្រអ្នក​វិនិយោគកូរ៉េ នៅក្នុងផ្នែកសំខាន់ៗដទៃទៀត។

បើតាមលោក អួន ស៊ីឡុត សមាគម​ស្វាយចន្ទី​កម្ពុជា អាចជួយសម្រួលដល់​ការតភ្ជាប់រវាងអ្នកវិនិយោគ និងកសិករក្នុងស្រុក និងសហគមន៍កសិកម្ម។

លើសពីនេះ សមាគម​ស្វាយចន្ទី​កម្ពុជា មានសមត្ថភាពរៀបចំការផ្គូផ្គងអាជីវកម្ម និងការរៀបចំការធ្វើកិច្ចសន្យា កសិកម្ម ដោយជួយធានាបាននូវការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅសម្រាប់រោចក្រកែច្នៃប្រកបដោយស្ថិរភាព។

ការផលិតគ្រាប់ចន្ទីជាមធ្យមប្រចាំឆ្នាំរបស់កម្ពុជាមានចំនួនប្រប្រមាណ ៨០ ម៉ឺនតោន។ ជាមួយនឹងការសម្របសម្រួល និងការគាំទ្រត្រឹមត្រូវពីអាជ្ញាធរ សមាគម​ស្វាយចន្ទី​កម្ពុជា​ជឿ​ជាក់ថា គំនិតផ្តួចផ្តើមទាំងនេះអាចជួយអ្នកវិនិយោគធានាបាននូវវត្ថុធាតុដើមពេញមួយឆ្នាំ និងបង្កើនភាព​ជឿ​ជាក់​ជារួមនៃខ្សែច្រវាក់ផ្គត់ផ្គង់ ជាការពិចារណាដ៏សំខាន់សម្រាប់ក្រុមហ៊ុន​បរទេសដែល​ចូលមក​ក្នុង​ទីផ្សារ​កម្ពុជា។​

អគ្គនាយក​នៃ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម-វិនិយោគ​កូរ៉េ (KOTRA) បានស្វាគមន៍ចំពោះ​ការយល់ដឹង​ពីផែន​ការ​របស់ សមាគម​ស្វាយចន្ទី​កម្ពុជា និងគ្រោងស្វះស្វែងពិគ្រោះយោបល់បន្ថែមជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែល​ទទួល​ខុសត្រូវក្នុងការអភិវឌ្ឍន៍វិស័យស្វាយចន្ទី ដើម្បីប្រមូលព័ត៌មានលម្អិតអំពីការលើក​ទឹកចិត្តដែលមាន​សម្រាប់​ការវិនិយោគ។

កិច្ចសហការនេះ គឺជាជំហានដ៏ជោគជ័យមួយ ឆ្ពោះទៅរកការពង្រឹងទំនាក់​ទំនងសេដ្ឋកិច្ច​រវាងកូរ៉េខាងត្បូង និង​កម្ពុជា ជាពិសេសនៅក្នុងវិស័យកែច្នៃកសិ-ឧស្សាហកម្មគ្រាប់ស្វាយចន្ទី។

អគ្គនាយក​នៃ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម-វិនិយោគ​កូរ៉េ (KOTRA) ជាទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងការវិនិ​យោគ​បរ​ទេស​​របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដំណើរការ​ការិយាល័យចំនួន ១២៨ នៅក្នុងប្រទេសចំនួន ៨៣។

អង្គការនេះដើរតួនាទីយ៉ាងសំខាន់​ក្នុងការសម្រួល​ពាណិជ្ជកម្មសកល ដោយភ្ជាប់អ្នកទិញបរទេស អ្នកវិនិយោគ និងសហគ្រិនកូរ៉េ តាមរយៈការតាំងពិព័រណ៍​ពាណិ​ជ្ជកម្ម និងគណៈប្រតិភូអាជីវកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម