Connect with us

សេដ្ឋកិច្ច

កសិករវ័យក្មេងម្នាក់ ចាប់យករបរចិញ្ចឹមត្រី រកប្រាក់ចំណូលបាន១០លានរៀល ក្នុង១ខែ

បានផុស

នៅ

ស្ថិតក្នុងវ័យ ២៥ឆ្នាំ យុវជន អ៊ុត ឃាំង ជាប្រជាកសិករវ័យក្មេងម្នាក់រស់នៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងជោគជ័យក្នុងអាជីពជាអ្នកចិញ្ចឹមត្រី ពិសេសត្រីអណ្តែង ងាយចិញ្ចឹម និងមានតម្រូវ​ការទីផ្សារច្រើន ក្នុង១ខែលោកលក់ចេញបានចន្លោះពី ២០ ទៅ៣០តោន ដែលមុខរបរនេះអាចរកចំណូលជាមធ្យមចន្លោះពី ៨លានរៀលទៅ១០លានរៀល ក្នុងមួយខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុត ឃាំង ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីធីខេ ៨៨៨ បានឱ្យដឹងថា បច្ចេកទេសចិញ្ចឹមត្រីនេះ លោកបានចេះវាគឺបន្តពីជីតារបស់លោក ដែលរស់នៅឯខេត្តកោះកុង ខណៈពេលមានគ្រួសារមកនៅកំពង់ត្រាច ពេលឃើញដីនៅទំនេរទុកចោល ក៏ស្តាយគិតថាចិញ្ចឹមជ្រូក និងមាន់ទា តែលោកគិតថាខ្លាចរំខាន និងប៉ះពល់ដល់អ្នកជិតខាង ទើបសម្រេចចិត្តចិញ្ចឹមត្រីទឹកសាប មានដូចជា៖ ត្រីអណ្តែង ត្រីកន្ធរ ត្រីប្រា និងត្រីក្រាញ់ ចំនួន៣អាង តែម្ដងទៅ។

ក្រោយមកដោយឃើញថា ទីផ្សារត្រីអណ្តែងល្អគួរសម និងមានតម្រូវការច្រើន ហើយងាយស្រួលចិញ្ចឹម លោកក៏បន្តពង្រីកអាងចិញ្ចឹមត្រីបន្ថែម។ មួយឆ្នាំមកនេះ លោក អ៊ុត ឃាំង បានពង្រីកអាងបាន៣០ទាំងតូចទាំងធំ និងស្រះទឹកធំមួយទៀតផងដែរ។

សម្រាប់ទៅថ្ងៃខាងមុខ លោកគ្រោងពង្រីកអាង២០បន្ថែមទៀត។ ទាក់ទងទៅនឹងបច្ចេកទេសចិញ្ចឹមត្រីអណ្តែងនេះវិញ គិតចាប់ពីថ្ងៃភ្ញាស់កូនដល់ថ្ងៃចាប់ ត្រូវចំណាយពេល៤ ទៅ៥ខែ ប៉ុន្តែបើចិញ្ចឹមកូនធំ អាចពី១កន្លះ ទៅ២ខែ ទើបអាចប្រមូលផលបាន។

កសិករវ័យក្មេងរូបនេះ បានបញ្ជាក់ទៀតថា ប្រភេទត្រីអណ្តែងនេះ ភាគច្រើនមានឈ្មួញចុះមកទិញដល់កន្លែងតែម្ដង ប៉ុន្ដែចំពោះតម្លៃវិញ បើទិញចាប់ពីជាង១តោនឡើង ទើបលោកអាចលក់ឱ្យ ៥ពាន់រៀល ក្នុងមួយគីឡូ តែបើលក់រាយនៅនឹងកន្លែង គឺចាប់ពី ៦ ទៅ៧ ពាន់រៀល ក្នុង១គីឡូក្រាម។

បើតាមការបញ្ជាក់ របស់ម្ចាស់កសិដ្ឋានរូបនេះ ការចិញ្ចឹមត្រីអណ្តែងត្រូវការប្រភពទឹកស្អាត សម្រាប់ប្តូរទឹកក្នុងអាងចិញ្ចឹម ៣ទៅ៤ថ្ងៃប្តូរម្តង តាមស្ថានភាពទឹកជាក់ស្តែង ព្រោះត្រីដែលមានសុខភាព និងគុណភាពល្អ រសជាតិឆ្ងាញ់ អាស្រ័យលើទឹក និងចំណីដែលមានគុណភាពខ្ពស់។

គួរឱ្យដឹងថា មុខរបរចិញ្ចឹមត្រី របស់ លោក អ៊ុត ឃាំង ក្នុង១ខែ កសិកររូបនេះ អាចប្រមូលផលត្រីបានជាង៣០តោន និងអាចស្វែងរកចំណូលបានជាមធ្យមបានចន្លោះពី៨លានរៀល ទៅ១០លានរៀល។ ក្រៅការលក់ត្រីរស់ និងកូនត្រី លោក អ៊ុត ឃាំង ក៏បានកែច្នៃធ្វើជាត្រីអណ្តែងងៀត អណ្តែងឆ្អើ និងត្រីផាត់ សម្រាប់ដាក់លក់នៅលើទីផ្សារ ផងដែរ។

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម