អត្ថាធិប្បាយ
បទអត្ថាធិប្បាយ៖ ជ័យជម្នះ ៧ មករា ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា និងវៀតណាម
៤៦ឆ្នាំ (៧ មករា ១៩៧៩ ដល់ ៧ មករា ២០២៥) បានកន្លងផុតទៅ ចាប់តាំងពីថ្ងៃដែលប្រជាជនកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់របប ប៉ុល ពត។ ស្លាកស្នាមដែលបានបន្សល់ទុក នឹងមិនអាចជាសះស្បើយបាន ភាពឈឺចាប់នៅតែមកលងបន្លាចរាល់ពេលដែលទំព័រសោកនាដកម្មដ៏សាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងសតវត្សទី២០ បានរំលឹកឡើងវិញ។
បន្ទាប់ពីរបប ប៉ុល ពត ឡើងកាន់អំណាច ពួកគេបានចាប់ផ្តើមកសាងសង្គមមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដោយកាត់ផ្តាច់ប្រទេសចេញពីពិភពខាងក្រៅ។ ពួកគេបានបង្កើត “រដ្ឋកម្ពុជាប្រជាធិបតេយ្យ” ដោយដាក់ចេញនូវគោលនយោបាយផ្តាច់ការដ៏ឃោរឃៅបំផុតលុបបំបាត់សេរីភាពប្រជាធិបតេយ្យទាំងស្រុងរបស់ប្រជាពលរដ្ឋនិងចាត់ទុកប្រជាជនជាទាសករ ក្រោមការបញ្ជា ដឹកនាំរបស់ “អង្គការ”។ ជាមួយនឹងវោហារសាស្ត្រ និងពាក្យស្លោកថា «លុបបំបាត់វណ្ណៈ» រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានបណ្ដេញប្រជាជនចេញពីទីក្រុងទៅទីជនបទ បង្ខំប្រជាជនឱ្យធ្វើជាទម្ងន់ និងហូបមិនឆ្អែត។
ទាក់ទងនឹងសង្គមនិងវប្បធម៌ បប ប៉ុល ពត បានអនុវត្តនយោបាយល្ងង់ខ្លៅ លុបបំបាត់សាលារៀន សម្លាប់បញ្ញវន្ត លុបបំបាត់ប្រព័ន្ធអប់រំគ្រប់ជាន់ថ្នាក់ បំផ្លាញមរតកវប្បធម៌ដ៏យូរលង់ និងទំនៀមទំលាប់ល្អរបស់ប្រជាពលរដ្ឋខ្មែរ។ បំផ្លាញវត្តអារាម សម្លាប់ព្រះសង្ឃ ប្រជាជនកម្ពុជាដែលមានការអប់រំ វណ្ណៈកណ្តាលរាប់សែននាក់ ត្រូវបានគេធ្វើទារុណកម្ម និងកាត់ទោសប្រហារជីវិតនៅក្នុងពន្ធនាគារដែលបានកំណត់ជាពិសេសនៅក្នុងទីក្រុង ហើយល្បីល្បាញជាងគេ គឺគុកទួលស្លែងនៅភ្នំពេញ ដែលអ្នកទោសប្រហែល ១៧ ០០០ នាក់ មិនថាបុរស ស្ត្រី មនុស្សពេញវ័យ ឬកុមារ ត្រូវបានចាប់ដាក់គុក និងសម្លាប់ក្នុងរបប ប៉ុល ពត។ ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (១៧ មេសា ១៩៧៥ – ៧ មករា ១៩៧៩) ពួកគេបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជិត៣លាននាក់។
ទាក់ទងនឹងកិច្ចការបរទេស ពួកគេអនុវត្តនយោបាយការបរទេសដ៏គ្រោះថ្នាក់បំផុត។ មានការញុះញង់ និងគាំទ្រដោយភាគីខាងក្រៅ ក្រុម ប៉ុល ពត-អៀង សារី បានព្យាយាមបំភ្លៃទំនាក់ទំនងកម្ពុជា-វៀតណាម ញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសសន៍ មនោគមន៍ប្រឆាំងវៀតណាម និងធ្វើសកម្មភាពយោធារំលោភព្រំដែន រំលោភឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីវៀតណាម។
ឆ្លើយតបតាមការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអនុវត្តសិទ្ធិការពារខ្លួនឯងស្របច្បាប់ កងទ័ពស្ម័គ្រចិត្តវៀតណាម សហការជាមួយកងកម្លាំងប្រដាប់អាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ទាប់ពីទទួលបានជ័យជម្នះ កងទ័ពស្ម័គ្រចិត្តវៀតណាម បានបន្តជួយបណ្តុះបណ្តាល រហូតដល់កងទ័ពកម្ពុជាមានសមត្ថភាពអាចទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ដែលលាក់ខ្លួនតាមព្រំដែនកម្ពុជា-ថៃ ទើបកងទ័ពស្ម័គ្រចិត្តវៀតណាមបានសម្រេចចិត្តដកទ័ពចេញពីប្រទេសកម្ពុជាទាំងស្រុងនៅថ្ងៃ២០ ខែកញ្ញា ឆ្នាំ១៩៨៩។
ជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ បានសង្គ្រោះប្រជាជនកម្ពុជាប្រមាណ ៥លាននាក់ ពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ដឹកនាំដោយ ប៉ុល ពត ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ជាង ៣ លាននាក់ ក្នុងពេលគ្រប់គ្រងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ (ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩) ដែលជាជ័យជម្នះរួមរបស់ប្រជាជនទាំងពីរកម្ពុជា និងវៀតណាម ដែលជាលទ្ធផលនៃការសម្របសម្រួលនៃការប្រយុទ្ធរវាងកងកម្លាំងបដិវត្តន៍ស្នេហាជាតិពិតប្រាកដរបស់កម្ពុជា និងការគាំទ្រដ៏ធំធេងរបស់ប្រជាជនកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម។
នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៦ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មហាសន្និបាតក៏បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេស គឺបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជារដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
បន្ទាប់ពីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ និងមានចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ទំនាក់ទំនងកម្ពុជា-វៀតណាម ក៏ត្រូវបានពង្រីក ពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ សំដៅរួមចំណែកយ៉ាងសកម្មដល់ការថែរក្សា សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជុំវិញពិភពលោក។ ក្នុងឆ្នាំ២០២៤ បន្ថែមលើទំនាក់ទំនងនយោបាយល្អរវាងគណៈបក្សទាំងពីរ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងកម្ពុជា និងវៀតណាម។
ជាក់ស្តែងក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជាង៧,៨ពាន់លានដុល្លារអាម៉េរិក កើនឡើង២២.៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ចំណូលទ្វេភាគីរំពឹងថានឹងកើនដល់១០ពាន់លានដុល្លារអាម៉េរិក។ ជាពិសេស វៀតណាម គឺជាទីផ្សារនាំចេញធំជាងគេទី២ របស់កម្ពុជា (បន្ទាប់ពីអាម៉េរិក) ជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់កម្ពុជា និងជាប្រទេសដែលមានដើមទុនពីបរទេស (FDI) ខ្ពស់បំផុតនៅកម្ពុជាក្នុងចំណោមសមាជិកអាស៊ាន និងជាប់ចំណាត់ថ្នាក់ទី៥លើពិភពលោក (២០៥ គម្រោងវិនិយោគ នៅកម្ពុជា ដែលមានដើមទុនសរុប ២,៩៤ ពាន់លានដុល្លារ)។
ក្នុងសារផ្ញើជូនប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ ៧ មករា រាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា តែងតែអះអាងនូវគុណូបការៈដ៏ឧត្តុង្គឧត្តម និងការធ្វើពលីកម្មប្រកបដោយវីរភាពរបស់ពលទាហានស្ម័គ្រចិត្តវៀតណាម និងយោធិនបដិវត្តន៍កម្ពុជានៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានពលីសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុឯករាជ្យជាតិ។ នេះ គឺជាវីរភាព និងប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃស្មារតីសាមគ្គីភាពជាអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងកម្ពុជា និងវៀតណាម ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសវៀតណាមក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ពីថ្ងៃទី១១ ដល់១២ ខែធ្នូ ឆ្នាំ២០២៣) សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីការពិតជាប្រវត្តិសាស្ត្រថា កម្ពុជាបានជួយវៀតណាមបង្រួបបង្រួមប្រទេស ហើយវៀតណាមបានជួយរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គ្មានកម្លាំងប្រតិកិរិយាមអាចបដិសេធរឿងនេះបានឡើយ។ យើងនឹងបន្តអប់រំ និងផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ដឹងឱ្យបានស៊ីជម្រៅ អំពីការពិតនៃប្រវត្តិសាស្រ្តនេះ ក៏ដូចជាសារៈសំខាន់ និងតម្លៃនៃទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម។
ក្រឡេកទៅមើលអតីតកាល ៤៦ឆ្នាំកន្លងមក ទំនាក់ទំនងកម្ពុជា-វៀតណាម បានជំនះពុះពារឧបសគ្គជាច្រើន និងបានអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ ហើយកំពុងរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើន ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងយ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម មិនត្រឹមតែជាទំនាក់ទំនងជាប្រពៃណី ក្នុងភាពជាអ្នកជិតល្អខាងប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងជាបងប្អូន “រួមសុខ រួមទុក្ខជាមួយគ្នា” ក្នុងបុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិរៀងៗខ្លួនរហូតមកដល់សព្វថ្ងៃនេះ។ ទំនាក់ទំនងនេះ តែងតែត្រូវបានថែរក្សា និងបីបាច់គ្រប់ជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ហើយយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងបន្តកសាងចំណងមិត្តភាពនេះ ក្រោមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង”។
(ដោយ៖ អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម)
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ