Connect with us

ព័ត៌មានជាតិ

លោក ក្រាញ់ តូនី៖ ពិព័រណ៍ក្នុងឱកាសទិវាជាតិនៃការចងចាំមិនត្រឹមរម្លឹកដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមទេ ក៏អប់រំដល់យុវជនជំនាន់ក្រោយ

បានផុស

នៅ

លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានលើកឡើងថា ការរៀបចំពិព័រណ៍ស្តីពី “សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា” និងពិព័រណ៍សៀវភៅក្រោមប្រធានបទ “អក្សរ​​សាស្ដ្រ ប្រវត្តិ​សាស្ដ្រដើម្បីការចងចាំ” ក្នុងឱកាសទិវាជាតិនៃការចងចាំ មិនត្រឹមតែជាការរម្លឹកដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមទេ ថែមទាំងបានអប់រំដល់យុវជនជំនាន់ក្រោយ ឱ្យបានយល់ច្បាស់ពីរបបប្រល័យពូជសាសន៍មួយនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីពិព័រណ៍នេះ រៀបចំរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៨យប់។

លោក ក្រាញ់ តូនី បានថ្លែងក្នុងពិធីបើកពិព័រណ៍ នារសៀលថ្ងៃទី២០ ខែឧសភា ថា ការរៀបចំការតាំងពិព័រណ៍សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នេះឡើង គឺដើម្បីបង្ហាញពីសិទ្ធិក្នុងការទាមទារសំណង លើកតម្លៃបទពិសោធ និងតម្រូវការរបស់ដើម្បបណ្តឹងរដ្ឋប្បវេណី និងអ្នករស់រានមានជីវិតក្នុងដំណើរការស្វែងរកយុត្តិធម៌ និងលើកទឹកចិត្តឱ្យមានការបង្កើតភាពជាដៃគូ និងការប្តេជ្ញាចិត្តបន្តដោះស្រាយតម្រូវការរបស់ជនរងគ្រោះនាពេលអនាគត។ ចំណែក ការតាំងពិព័រណ៍សៀវភៅវិញ លោកថា ធ្វើឡើងដើម្បីចូលរួមរម្លឹកដល់ការចងចាំពីព្រឹត្តិការណ៍ក្នុងរបបខ្មែរក្រហម បង្ហាញពីការរួមចំណែករបស់ អ.វ.ត.ក ក្នុងដំណើរការស្វែងរកយុត្តិធម៌ ការផ្សះផ្សារជាតិ ការថែរក្សាសន្តិភាព និងការចងចាំ។

លោក ក្រាញ់ តូនី សង្កត់ធ្ងន់ថា៖ “ព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនជំនាន់ក្រោយ ក្នុងការស្រាវជ្រាវ និងអានសៀវភៅ ការទស្សនាការតាំងពិព័រណ៍ ដើម្បីយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ខ្លួន”។ លោក ក៏បានបន្ថែមទៀតថា៖ “ទោះបីជាយ៉ាងនេះក្តី ក៏នៅមានសំណើ និងតម្រូវការរបស់ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួនទៀតមិនទាន់ត្រូវបានដោះស្រាយបាននៅឡើយ។ ដូច្នេះ តាមរយៈការតាំងពិព័រណ៍នៅថ្ងៃនេះ ខ្ញុំសង្ឃឹមថា អង្គការដៃគូជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងរាជរដ្ឋាភិបាល នឹងបន្តជួយគាំទ្រដល់ពួកគាត់”។

ពិព័រណ៍នេះ មានការចូលរួមពីស្ថាប័នបោះពុម្ពផ្សាយ អង្គការអប់រំ បណ្ណាល័យ និងអង្គការដៃគូជាច្រើន តាមរយៈស្តង់ពិព័រណ៍ចំនួន៤០ស្តង់ ក្នុងនោះក៏មានស្តង់សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីផងដែរ។ ការតាំងបង្ហាញសៀវភៅ គឺពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ អក្សរសាស្ត្រ សិទ្ធិមនុស្ស សន្តិភាព សៀវភៅសម្រាប់កុមារ និងឯកសារអប់រំផ្សេងៗ។ ជាមួយគ្នានេះ ពិព័រណ៍រយៈពេល ៤ថ្ងៃ នឹងមានការពិភាក្សាឬកិច្ចសន្ទនាអន្តរជំនាន់ជាមួយភ្ញៀវកិត្តិយស រួមមាន  លោក ខៀវ កាញារីទ្ធ,  លោក ព្រុំ សុខា , លោកស្រី ប៉ុក ណណ្តា ​(Pok Nanda) និងលោកស្រី សុភីលីន ជាម សាភីរ៉ូ, (Sophiline Cheam Shapiro) ព្រមទាំងមានការចាក់បញ្ចាំងខ្សែភាពយន្តពាក់ព័ន្ធសម័យខ្មែរក្រហម ដែលបានផលិត និងដឹកនាំដោយបញ្ញវ័ន្តខ្មែរ និងអ្នកមានស្នាដៃល្បីទៀតផង។ នេះ បើតាមការបញ្ជាក់របស់ លោក ក្រាញ់ តូនី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម