ព័ត៌មានជាតិ
រំលឹកដល់របបប៉ុលពត នាយករដ្ឋមន្ត្រី បន្តអំពាវនាវឱ្យទប់ស្កាត់របបដ៏ឃោរឃៅនេះ កុំឱ្យកើតឡើងជាថ្មីនៅកម្ពុជា
យកឱកាសទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់ជនជាតិខ្មែរគ្រប់រូបរួមពួតដៃគ្នា ដើម្បីទប់ស្កាត់របបខ្មែរក្រហមដ៏ឃោរឃៅ កុំឱ្យកើតមានឡើងសាជាថ្មីនៅកម្ពុជា។ ដើម្បីកុំឱ្យរបបនេះកើតជាថ្មី សម្ដេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដល់ការចូលរួមថែរក្សា និងការពារឱ្យបាននូវសុខសន្តិភាព។

តាមរយៈសារលិខិតរំលឹកខួបលើកទី៨ ទិវាជាតិនៃការចងចាំ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងដូច្នេះថា «យើងទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត ដោយហេតុថា បើគ្មានសន្តិភាព គឺមានសង្គ្រាម ហើយសង្គ្រាមនឹងធ្វើឱ្យប្រទេសជាតិកាន់តែក្រីក្រ អសន្តិសុខ គ្មានស្ថិរភាព គ្មានការអភិវឌ្ឍ»។ សម្ដេចធិបតី ចាត់ទុកសន្តិភាព គឺមានសក្តានុពល និងសកម្មភាពគ្រប់យ៉ាង ដើម្បីការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ។

សម្ដេចធិបតី បានគូសរំលេចពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដោយយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីមាត់ជ្រោះនរកនៃរបបខ្មែរក្រហម រហូតបានប្រែក្លាយកម្ពុជា ជាប្រទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែលមិនធ្លាប់មានជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ។ សម្ដេចធិបតី អះអាងថា ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះពីអំពើឧក្រិដ្ឋកម្មទាំងឡាយដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមទទួលបានយុត្តិធម៌ តាមរយៈការជំនុំជម្រះក្តីនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ទិវាជាតិនៃការចងចាំ ជាផ្នែកមួយនៃការលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបខ្មែរក្រហម ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះ កើតមាន ឡើងសាជាថ្មី។ ថ្ងៃទី២០ ខែឧសភា ជាទិវាជាតិនៃការចងចាំ ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលឱ្យឈ្មោះថា របបខ្មែរក្រហម ឬរបបប៉ុលពត និងជាមេរៀននៃការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបនោះ។

ក្នុងន័យនេះ ជាថ្មីម្តងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបសិក្សាពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កុំឱ្យកើតមានសាជាថ្មីនៅលើទឹកដីសុវណ្ណភូមិ។ សម្ដេច បន្តថា «សូមចូលរួមគាំទ្រ និងថែរក្សាសន្តិភាព ដើម្បីឱ្យសន្តិភាពនេះនៅស្ថិតស្ថេរ ចីរកាល ដើម្បីបង្កបរិយាកាសដ៏ល្អឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀតសម្រាប់ប្រជាជនកម្ពុជា និងមនុស្សជំនាន់ក្រោយ»៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


