Connect with us

អត្ថាធិប្បាយ

បទវិភាគ៖ ថៃឈ្លានពានដោយស្ងៀមស្ងាត់ និងបង្កហេតុដោយបើកចំហ

បានផុស

នៅ

ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក ភាគីកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយសុឆន្ទៈ និងស្មោះត្រង់ក្នុងស្មារតីស្រឡាញ់សន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ ភាគីថៃវិញ បានបង្ហាញចេតនាបំផ្លាញកិច្ចព្រមព្រៀងនេះយ៉ាងច្បាស់តាមរយៈការប្រើប្រាស់វិធីសាស្ត្រឈ្លានពានដោយស្ងៀមស្ងាត់ ដូចជា ការប្រើកងទ័ពឱ្យរុលចូលទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស ការឈូសផ្លូវចូលក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំង ការបាញ់ចម្ពាមកៅស៊ូជំនួសដោយកាំភ្លើងមកលើកងទ័ពកម្ពុជាជាដើម។ របៀបដែលកងទ័ពថៃធ្វើនេះ គឺជាការឈ្លានពានដោយស្ងៀមស្ងាត់ដែលមានចរិតបង្កហេតុ ដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ បើបើភាគីកម្ពុជាអស់ការអត់ធ្មត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្យ៉ាងទៀត នៅពេលដែលកងទ័ពថៃផ្លាស់ទីចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទាំងបំពាន នៅក្រោយកិច្ចព្រមព្រៀងឈប់បាញ់ ពួកគេបានបង្ហាញចរិតបង្ករឿងជាចំហតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីចោទប្រកាន់កម្ពុជា ក្នុងចេតនាបង្កើតលេស ដើម្បីបិទបាំងអំពើល្មើសរបស់ខ្លួន។ ជាក់ស្តែង ដើម្បីមានលេសចល័តទ័ព ពួកគេតែងតែចោទប្រកាន់កម្ពុជាថាបានចល័តកងទ័ព។ ដើម្បីមានលេសចល័តសព្វាវុធ ពួកគេតែងស្រែកថាកម្ពុជាចល័តសព្វាវុធ។ ដើម្បីមានលេសរុលចូលទឹកដីកម្ពុជា ពួកគេអះអាងថា កងទ័ពកម្ពុជារុលចូលទឹកដីរបស់ថៃ។ ទាំងនេះ គឺជាការបង្ករឿងជាចំហរដោយមិនខ្មាសអៀន ព្រោះតែមហិច្ឆតាចង់បានទឹកដីកម្ពុជាដោយប្រើប្រាស់កលល្បិច«ស្វាស៊ីបាយរួចលាបមាត់ពពែ»។

នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ មានព័ត៌មានថា ទាហានថៃបានដើរជាន់មីនបណ្តាលឱ្យរបួស៣នាក់ ក្នុងនោះ ម្នាក់ដាច់ជើងទាំងសងខាង។ នេះ មិនមែនជាលើកទី១ទេដែលទាហានថៃដើររុលចូលក្នុងដីមានមីនប្រឆាំងមនុស្សដែលសល់ពីសម័យសង្គ្រាម។ ប៉ុន្តែ រាល់លើក ពួកគេតែងចោទកម្ពុជា ជាអ្នកដាក់មីនថ្មីៗ ហើយដាក់នៅលើទឹកដីថៃ។ តាមការពិត មីនទាំងនោះ ជាកាកសំណល់សល់ពីសម័យសង្គ្រាមសោះ។ រឿងនេះងាយយល់ណាស់ ពីព្រោះសូម្បីប្រជាជនសាមញ្ញម្នាក់ក៏យល់បានដែរ ដោយគ្រាន់តែលើកសំណួរមួយយ៉ាងសាមញ្ញសួរថា តើកងទ័ពថៃជាន់មីននៅលើដីថៃ ឬលើដីកម្ពុជា? បើជាន់មីននៅលើទឹកដីថៃ ច្បាស់ណាស់ថា កងទ័ពថៃខ្លួនឯងជាអ្នកដាក់ តែបើជាន់មីននៅលើទឹកដីកម្ពុជា មានន័យថា ពួកគេឈ្លានបានចូលទឹកដីកម្ពុជាដែលមានគ្រាប់មីនសល់ពីសម័យសង្គ្រាម។ ប៉ុន្តែ ពួកគេមិនដែលហានទទួលស្គាល់ការពិតនោះទេ តែបែរជាចោទកងទ័ពកម្ពុជាថា ជាអ្នកដាក់មីនថ្មី ដើម្បីមួលបង្កាច់ចោទប្រកាន់។

កាលពីមុនការផ្ទុះអាវុធថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក៏មានព្រឹត្តិការណ៍ផ្ទុះមីនដូចគ្នាដែរ ហើយការចោទប្រកាន់មកលើកម្ពុជាក៏ដូចគ្នា។ ក្រោយព្រឹត្តិការណ៍ផ្ទុះមីន មេភូមិភាគ២របស់ថៃបានព្រមានបិទប្រាសាទតាមាន់ធំ រួចហើយក៏បើកការវាយប្រហារប្រដាប់អាវុធមកលើកងទ័ពកម្ពុជាតែម្តង។ ឥឡូវនេះ ព្រឹត្តិការណ៍ដូចគ្នាបានកើតឡើងម្តងទៀត ហើយការព្រមានបិទប្រាសាទតាមាន់ធំដោយមេភូមិភាគ ២ ក៏កើតឡើងដូចគ្នា។ ដូច្នេះ បើមានការផ្ទុះអាវុធជាថ្មីដោយបំពានបទឈប់បាញ់ គឺប្រាកដណាស់ថា ថៃជាអ្នកបាញ់មុនតាមគម្រោងផែនការដែលបានរៀបចំទុកមុនរួចស្រេចដូចការផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ដដែល។

សរុបមកវិញ ថៃ គឺជាអ្នកបង្កហេតុដោយគ្មានសង្ស័យឡើយ ហើយការផ្ទុះអាវុធនេះទៀតសោត គឺជាសេណារីយ៉ូដែលត្រូវបានរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ ក្នុងគោលបំណងឈ្លានពានទឹកដីកម្ពុជាតាមផែនទីឯកតោភាគីរបស់ខ្លួន។ ដូច្នេះហើយបានជានៅពេលបទឈប់បាញ់ចូលជាធរមាន ពួកគេក៏ប្រើវិធីដើរចូលទន្ទ្រានទឹកដីខ្មែរ ដែលពួកគេប៉ុនប៉ងយកធ្វើជាកម្មសិទ្ធិទាំងនោះ ដោយបំពានលើបទឈប់បាញ់ ជាពិសេស បំពានការព្រមព្រៀងគ្នា១៣ចំណុចនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានចិន និងសហរដ្ឋអាមេរិកចូលរួមសង្កេតការណ៍ដែលមានចែងពីការហាមប្រាមការចល័តទ័ព និងការដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើង។

ដូចនេះ សូមសហគមន៍អន្តរជាតិដែលមានអនុព័ន្ធយោធាបរទេស បេសកកម្មការទូត ក្រុមអ្នកសង្កេតការណ៍អន្តរកាល ជាពិសេសសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងចិន ដែលជាអ្នកដើរតួនាទីគន្លឹះក្នុងការបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់នេះ ជួយធ្វើជាសាក្សី និងថ្កោលទោសការបំពានបទឈប់បាញ់របស់ថៃ ហើយការពារបុព្វហេតុការពារបូរណភាពទឹកដីដោយស្មោះត្រង់របស់កម្ពុជា៕

ដោយ៖ វង្ស មករា សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម