Connect with us

អត្ថាធិប្បាយ

បណ្ឌិត សូ ណារ៉ូ ៖ ខ្មែររួបរួមសាមគ្គី ជឿជាក់លើរាជរដ្ឋាភិបាល ខ្មែរនឹងឈ្នះនៅទឹកចុងក្រោយមិនខាន!

បានផុស

នៅ

យើងអាចហៅសង្គ្រាម៥ថ្ងៃប្រឆាំងការឈ្លានពានថៃមកលើប្រទេសកម្ពុជានាចុងខែកក្កដា ឆ្នាំ២០២៥ ថា ជាសង្គ្រាមលួសបន្លា ក៏មិនខុសដែរ ដ្បិតសង្គ្រាមនេះ កើតឡើងដោយសារការព័ទ្ធបន្លាលួសនៅប្រាសាទតាមាន់ធំរបស់ក្រុមទាហានថៃនៅក្នុងទឹកដីកម្ពុជា។ ត្បិតថា បទឈប់បាញ់កំពុងត្រូវបានភាគីកម្ពុជាអនុវត្តយ៉ាងពេញលេញក៏ដោយ ក៏ភាគីថៃ នៅតែរកលេសរករឿងកម្ពុជា ជាពិសេស គឺការរាយបន្លាសលួសចូលក្នុងទឹកដីកម្ពុជាតែម្តង។ ចំពោះបញ្ហានេះ ខ្មែរគ្រប់រូបត្រូវអត់ធ្មត់ រួបរួមសាមគ្គី ជឿជាក់លើរាជរដ្ឋាភិបាល នោះខ្មែរនឹងឈ្នះនៅទឹកចុងក្រោយមិនខានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចយើងបានដឹងហើយ ប្រឈមនឹងការប៉ុនប៉ងឈ្លានពានជាហូរហែររបស់ទាហានថៃចាប់ពីខែឧសភាមក និងដើម្បីថែរក្សាសន្តិភាព និងប្រាប់ឱ្យភាគីថៃ កុំឱ្យធ្វើអំពើជ្រុលហួសការអត់ធ្មត់របស់យើង សម្តេចធិបតី តែងតែប្រកាសថា ការព័ទ្ធយកប្រាសាទតាមាន់ធំ គឺជាបន្ទាត់ក្រហមដែលកម្ពុជានឹងប្រតិកម្មតបតមិនខាន។ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ បាត ឃ្លាំង បានបញ្ជាឱ្យកងទ័ពថៃរាយលួសបន្លាជាច្រើនជាន់នៅខាងភាគីខ្មែរកាន់កាប់ ដោយយកលេសថាដើម្បីទប់ស្កាត់ប្រជាជនកម្ពុជាមិនឱ្យឡើងប្រសាទតាមាន់ធំបង្កភាពអនាធិបតេយ្យនៅទីនោះ។

ធាតុពិតការព័ទ្ធបន្លាលួសនេះ គឺជាការប៉ុនប៉ងកាន់កាប់ប្រាសាទយកជាកម្មសិទ្ធិផ្តាច់មុខ រំលោភអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា រំលោភបន្ទាត់ក្រហមដែលសម្តេចធិបតីបានប្រកាស។ កងទ័ពកម្ពុជា បានទទួលបញ្ជាឱ្យរើរុះបន្លាលួសនោះចេញ។ ទាហានថៃ ក៏ប្រតិកម្មបើកការបាញ់រះមកលើកងទ័ពកម្ពុជា។ កងទ័ពយើងបាញ់តបវិញ ដើម្បីការពារខ្លួន។ សង្គ្រាម៥ថ្ងៃស៊ីសាច់ហុចឈាម ក៏ផ្ទុះឡើង។ ទាហានថៃស្លាប់ របួសគជើងគ្នា ឯទាហានខ្មែរពលី របួសក៏មិនតិចដែរ ដោយសារថៃប្រើអាវុធសាហាវៗបំផុតមកលើយើង ដូចជា គ្រាប់បែកចង្កោម គ្រាប់យក្ស MK84 យន្តហោះចម្បាំង ផ្សែងពុល។ ល។

ពេលនោះ ទោះបីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី  Anwar ប្រធានអាស៊ាន បានទូរស័ព្ទឱ្យភាគីទាំងពីរយល់ព្រមឈប់បាញ់គ្នាក្តី តែភាគីថៃបន្ទាប់ពីយល់ព្រមហើយ បានបដិសេធវិញ ដ្បិតពួកទាហានថៃមិនអាចទទួលបទឈប់បាញ់គ្នាបានទេ ដោយសារកងទ័ពកម្ពុជាកាន់កាប់បានទីតាំងទាំងស្រុង។ សង្គ្រាម ក៏បន្តរហូតដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លូកដៃដាក់សម្ពាធថាបើនៅបន្តបាញ់គ្នា សហរដ្ឋអាមេរិកនឹងមិនចរចារពន្ធបដិកាជាមួយទេ។ ពេលនោះ ពន្ធបដិកាអាមេរិកដាក់មកលើថៃ គឺ៣៦% ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចថៃ អាចដួលសន្លប់ដោយសារចាញ់ប្រៀបប្រកួតប្រជែងប្រទេសក្នុងតំបន់មានអត្រាតែ១៩-២០% ។ ប្រឈមនឹងជម្រើសដ៏លំបាកទាំង២នេះ ថៃសុខចិត្តទទួលយកបទឈប់បាញ់តាមការទាមទាររបស់លោក ត្រាំ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិទាំងមូល។ តែពួកទាហានថៃមិនសុខចិត្តទេ ដោយសារបាត់បង់ទីតាំងមកឱ្យកងទ័ពខ្មែរកាន់កាប់។ បើសិនទីតាំងទាំងអស់ ត្រូវបានទាហានថៃកាន់កាប់ ដូចការ ភូតកុហករបស់ខាងថៃ និងពួកខ្មែរជ្រុលនិយមកាន់ជើងថៃមែននោះ សមតែភាគីថៃ មានអំណរខ្លាំងក្លាចំពោះបទឈប់បាញ់នេះ ដ្បិតដណ្តើមបានផលអស់ហើយ រួចបានបទឈប់បាញ់គ្នាជួយទប់មិនឱ្យភាគីខ្មែរផ្ទុះអាវុធដណ្តើមយកមកវិញ។

ហេតុដូចខាងលើនេះហើយ ដែលថៃទទួលបទឈប់បាញ់ដោយការបង្ខំចិត្ត ហើយប្រជាជនថៃស្អប់លោក ត្រាំ ណាស់។ បើមិនមែនដោយសារពន្ធបដិការជាមួយអាមេរិកដើម្បីសង្គ្រោះសេដ្ឋកិច្ចថៃទាំងមូលទេ ទាហានថៃ នៅតែបន្តធ្វើសង្គ្រាមរហូតដល់ពេលនេះក៏មិនដឹង ហើយការស្លាប់ របួស វិនាសព្រាត់ប្រាស់មិនដឹងជាមានទំហំធំធេងប៉ុណ្ណាទេសម្រាប់ប្រជាជនប្រទេសទាំង២។ នេះ ក៏ជាមូលហេតុដែលទាហានថៃនៅតែរកគ្រប់វិធីរុកគួន ជំរុញឱ្យទាហានយើងអត់ទ្រាំមិនបាន ផ្ទុះអាវុធមុនដើម្បីគេមានលេសចោទប្រកាន់កម្ពុជារំលោភបទឈប់បាញ់គ្នា ផ្ទុះអាវុធធ្វើសង្គ្រាមសារជាថ្មីដើម្បីដណ្តើមទីតាំងដែលខ្លួនបាត់បង់។ គេប្រើគ្រប់ក្បួនញុះញង់ បង្ករឿង គួបផ្សំសង្គ្រាមចិត្តសាស្ត្រគ្រប់យ៉ាងដើម្បីបំបែកធ្លុងសាមគ្គីរវាងប្រជាជនជាមួយកងទ័ព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យមានការសង្ស័យគ្នា បំបាក់ទឹកចិត្ត អស់សង្ឃឹម អស់ជំនឿ បណ្តែតបណ្តោយលែងចង់តស៊ូ។ល។ ល្បិចកលថោកទាបទាំងនេះ ត្រូវបានពួកប្រឆាំងជ្រុលនិយម ពួកក្បត់ជាតិស៊ីលុយថៃចូលដៃជាមួយសត្រូវ ជួយបន្ទរ ញុះញង់ ចាក់រុកបន្ថែមដើម្បីប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បម្រើនយោបាយប្រាក់ឌួងរបស់ថៃ។

ចុងក្រោយនេះ ថៃបានប្រើល្បិចដដែលៗរាយបន្លាលួស ដាក់ថែមកង់ឡាន នៅកណ្តាលវាល កណ្តាលផ្លូវ កណ្តាលថ្ងៃរះដូចគេធ្លាប់រាយន្លាលួសនៅប្រសាទតាមាន់ធំ ធ្វើឱ្យផ្ទុះសង្គ្រាមកាលមុនអញ្ចឹងដែរ។ រូបភាពបន្លាលួសនេះ ជាព្រួញ១មានពិស២ គឺទី១. បំផុសការឈឺចាប់ រួចដុតកម្តៅកំហឹងរបស់ប្រជាជនកម្ពុជាថា ហេតុអ្វីរាជរដ្ឋាភិបាលធ្វើប្រងើយមិនការពារទឹកដីដូនតា ទុកឱ្យចោរឈ្លានពានធ្វើអីស្រេចតែចិត្ត? ម្តេចទុកឱ្យប្រជាជនការពារដី កងទ័ពនៅឯណា? ទី.២បំផ្លាញទឹកចិត្តកងទ័ពដែលទ្រាំមិនបានក៏ឈានទៅផ្ទុះអាវុធបែបអនាធិបតេយ្យ មិនស្តាប់មេ មិនស្តាប់កើយ ក៏ដូចជា បង្ខំចិត្តថ្នាក់ដឹកនាំជាតិដែលមិនឆ្អិននឹងល្បែងសត្រូវ បង្ខំចិត្តសម្រេចខុសនាំដល់ផ្ទុះអាវុធបែបអន្តរាយ។ ពេលនោះ អន្តរជាតិទាំងអស់មើលឃើញថា កម្ពុជា ជាភាគីរំលោភបទឈប់បាញ់គ្នា យើងនឹងរងទណ្ឌកម្មអន្តរជាតិ ប្រទេសត្រូវខូចខាតខ្ទេចខ្ទី ថៃជាអ្នកសើចចុងក្រោយថា ខ្មែរចូលអន្ទាក់វា។

ដូច្នេះ ការតស៊ូការទូតដោយអត់ធ្មត់ ផ្អែកលើច្បាប់អន្តរជាតិដើម្បីគោរពបទឈប់បាញ់គ្នារបស់ថ្នាក់ដឹកនាំជាតិដែលមានបទពិសោធធ្វើសង្គ្រាម និងកសាងសន្តិភាពជាងពួកថៃណាៗទាំងអស់ គឺជាមានសារៈសំខាន់បំផុត ដើម្បីការពារសមទ្ធិផលយើង ការពារអាយុជីវិតកងទ័ព និងប្រជាជនយើង ថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី និងបន្តអភិវឌ្ឍជាតិកាន់តែរឹងមាំខ្លាំងក្លា។ ទន្ទឹមនឹងនោះ ចលនាប្រជាជនមូលដ្ឋានចូលរួមការពារផ្ទះសម្បែង ភូមិឋាន ទឹកដីកំណើតរបស់ខ្លួននៅហ្នឹងកន្លែង កុំឱ្យពួកចោរចូលមករាយបន្លាលួសស្រេចតែចិត្តដូចគំរូចលនាប្រជាជនកម្ទេចបន្លាលួសនៅភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ គឺជាគំរូមួយនៃការតស៊ូអហិង្សាសកម្មរបស់ប្រជាជនស៊ីវិលប្រឆាំងនឹងការវាទីនិយម រាយបន្លាលួសរបស់ចោរឈ្លានពានសៀម។ ដើម្បីធានាចលនាការពារភូមិឋានរបស់ប្រជាជនមូលដ្ឋានប្រឆាំងការឈ្លានពានបានទទួលជោគជ័យ មិនរំលោភបទឈប់បាញ់គ្នាដែលកាមេរ៉ាសត្រូវចាំចាប់កំហុសជានិច្ច ទាមទារឱ្យយើងមិនត្រូវប្រើអាវុធជាតិផ្ទុះជាដាច់ខាត មិនញុះញង់ប្រើហិង្សា និងប្រុងប្រយ័ត្នជានិច្ចនៅចំពោះមុខអាវុធបង្ក្រាបដ៏ឃោឃៅរបស់សត្រូវ។

ខ្មែររួបរួមសាមគ្គីជឿជាក់លើរាជរដ្ឋាភិបាល ខ្មែរនឹងឈ្នះនៅទឹកចុងក្រោយមិនខាន។ មិនមែនឱ្យតែព័ទ្ធលួសបន្លាចោរហើយ សន្មត់ថាជាដីរបស់ខ្លួននោះទេ ត្រូវផ្អែកលើផែនទី និងច្បាប់។ លួសបន្លាទាំងនោះ ថ្ងៃណាមួយនឹងត្រូវរុះចេញមិនខានឡើយ៕

ដោយ៖ បណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម