Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ស្នើអាជ្ញាធរអប្សរា ពន្យល់ចំពោះគោលបំណង នៃការកាប់ដើមឈើនៅតំបន់អង្គរ

បានផុស

នៅ

តារា​សម្តែង និង​ជា​គ្រូបង្ហាត់​គុន​ល្បុក្កតោ​ខ្មែរ កញ្ញា ពេជ្រ ចរណៃ បាន​ចេញមុខ​ស្នើសុំ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ពន្យល់​ចំពោះ​គោលបំណង នៃ​ការ​កាប់​ដើមឈើ​នៅ​តំបន់​អង្គរ​ក្នុង​ទឹកដី​ខេត្ត​សៀមរាប បន្ទាប់ពី​មាន​ការ​ចែករំលែក​រូបភាព​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ការ​បង្ហោះ​របស់​តារា​សម្តែង​ស្រី​រូប​ស្រស់ កញ្ញា ពេជ្រ ចរណៃ បាន​ភ្ជាប់​រូបភាព និង​ខ្លឹមសារ​ថា «ខ្ញុំ​ស្នើសុំ​ទៅ​កាន់​អាជ្ញាធរ​អប្សរា មេត្តា​ជូន​ជា​ដំណឹង​ជាមុន និង​ពន្យល់​ឲ្យ​ក្បោះក្បាយ​ទៅ​កាន់​សាធារណជន​ឲ្យ​យល់​អំពី​គោលបំណង នៃ​ការ​កាប់​ដើមឈើ​ទាំងអស់​នេះ ជាពិសេស​ត្រូវ​ភ្ជាប់​ជាមួយ​តឹកតាង​ឲ្យ​ច្បាស់លាស់​បង្ហាញ​ឲ្យ​ឃើញ​អំពី​ស្ថានភាព​ដើមឈើ​ដែល​នឹង​អាច​បង្ក​ជា​គ្រោះ​ហានិភ័យ​ទាំងអស់​នេះ​ផង»។

តារា​សម្តែង​ស្រី កញ្ញា ពេជ្រ ចរណៃ និយាយ​បន្ថែម​ទៀត​ថា «បើ​កាប់​ដើមឈើ​ទាំងអស់​នេះ​ក្រោម​ហេតុផល​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ និង​ប្រាសាទ​នោះ ខ្ញុំ​មិន​ប្រតិកម្ម​ទេ»។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ការ​បញ្ចេញ​មតិ​វែកញែក​មួយ​ចំនួន ក្រោយ ពេជ្រ ចរណៃ បាន​លើក​ជា​ចម្ងល់​ខាង​លើ​នេះ។

តារា​សម្តែង ពេជ្រ ចរណៃ លើក​ឡើង​ដែរ​ថា «ខ្ញុំ​ពិត​ជា​មិន​ចង់​ឃើញ​មហាជន​បង្ហាញ​ការ​មិន ពេញ​ចិត្ត​ចំពោះ​រូបភាព​ទាំងអស់​នេះ និង​ឈាន​ឆ្ពោះ​ទៅ​ការ​ចោទ​ប្រកាន់​អាជ្ញាធរ​កាប់​ដើមឈើ​ទាំងអស់​នេះ​ទេ»។

គួរ​បញ្ជាក់​ថា កាលពី​ថ្មីៗ នេះ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក អាជ្ញាធរ​អប្សរា បាន​ជូនដំណឹង​ពី​សកម្មភាព​កាត់​ក្រី និង​ដក​ហូត​ដើមឈើ​មាន​ហានិភ័យ​នៅ​រមណីយដ្ឋាន​អង្គរ។

អាជ្ញាធរ​អប្សរា បញ្ជាក់​ថា ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ និង​អនុវត្តន៍​វិធានការ​បន្ទាន់​ចំពោះ​ដើមឈើ​មួយ​ចំនួន​ដែល​មាន​ហានិភ័យ​នៅ​រមណីយដ្ឋាន​អង្គរ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ជាដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម