Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល៖ ការវាយប្រហារនៅក្រុងបេរូត បានសម្លាប់​មេ​ដឹកនាំ​ជាន់ខ្ពស់​ហេសបូឡា

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ​ទី​២៣​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ អ៊ីស្រាអែលបាន​បើក​ការវាយប្រហារតាមផ្លូវអាកាសនៅជាយ​ទីក្រុងបេរូត ដោយសម្លាប់លោក Haytham Tabtabai នាយអគ្គសេនាធិការរបស់ក្រុមសកម្ម​ប្រយុទ្ធ​ហេសបូឡា ដែលជាការវាយប្រហារលើកដំបូងលើរដ្ឋធានីលីបង់ចាប់តាំងពីខែមិថុនា។

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីក្រុង​បេរូត​ថ្ងៃ​២៣​វិច្ឆិកា២០២៥ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ​ព័ត៍មាន AP ក្រសួងសុខាភិបាលលីបង់ បាន​ឲ្យ​ដឹងថា ការវាយប្រហារនេះបានសម្លាប់មនុស្ស៥នាក់ និងបង្ករបួស២៥នាក់។ លោក Mahmoud Qamati​ អនុ​ប្រធាន​ប្រឹក្សា​គោល​នយោបាយ​របស់​ក្រុមហេសបូឡា បានបញ្ជាក់ពីការស្លាប់របស់លោក Tabtabai និងបានព្រមានថា ការវាយប្រហារនេះ​អាច​នាំ​ទៅរកការកើនឡើងនៃអំពើហិង្សាពាសពេញប្រទេសលីបង់។ លោក​ Qamati បាន​បញ្ជាក់ថា ហេសបូឡាមិនបានធ្វើការវាយប្រហារធំៗលើអ៊ីស្រាអែលទេ ចាប់តាំងពីកិច្ចព្រមព្រៀង​បទ​ឈប់បាញ់​ឆ្នាំ​២០២៣ ក្រៅតែ​ពីការបាញ់រ៉ុកកែត​តិចតួចកាលពីខែធ្នូឆ្នាំមុន ដែលពួកគេបានពណ៌នាថាជា​ការ​បាញ់​ព្រមាន។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាន​ប្រាប់​ថា កងទ័ពនឹង«បន្តធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់រាល់ការគំរាមកំហែងណាមួយដល់ប្រជាជនភាគខាងជើង»របស់​ខ្លួន ខណៈពេលដែលបញ្ជាក់ថា អ៊ីស្រាអែលមិនរំពឹងថានឹងមានការសងសឹកក្នុងពេលឆាប់ៗនេះទេ។ នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់លោក Tabtabai ដែលត្រូវបានគេមើលឃើញជាយូរមកហើយថាជាអ្នកស្នងតំណែងរបស់មេបញ្ជាការដែលត្រូវបានសម្លាប់ Ibrahim Aqil ថាជាមេក្លោង​ ក្នុងការ​ផ្ដួចផ្ដើម​​ការ​កសាងឃ្លាំងអាវុធរបស់ហេសបូឡា​ឡើងវិញ។

ប្រធានាធិបតីលីបង់ លោក Joseph Aoun បានថ្កោលទោសការវាយប្រហារនេះ ដោយចោទប្រកាន់អ៊ីស្រាអែលពីការមិនគោរពកិច្ចសន្យាឈប់បាញ់ និងបានអំពាវនាវ​ឲ្យ​មានអន្តរាគមន៍អន្តរជាតិជាបន្ទាន់។ រដ្ឋាភិបាលលីបង់និយាយថា ខ្លួនគាំទ្រការរំសាយអាវុធរបស់​ហេសបូឡា ប៉ុន្តែបដិសេធការអះអាងរបស់អ៊ីស្រាអែលដែលថា ក្រុមនេះកំពុងប្រដាប់អាវុធឡើងវិញ។ រដ្ឋាភិបាលលោក Joseph ក៏ទទូចថា កងទ័ពលីបង់ខ្វះធនធានដើម្បីរក្សាការគ្រប់គ្រងពេញលេញនៅភាគខាងត្បូង។

កាលពីសប្តាហ៍មុន ប្រទេសលីបង់បានបង្ហាញពីការត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាជាមួយអ៊ីស្រាអែល ដើម្បីបញ្ចប់ការវាយប្រហារតាមផ្លូវអាកាស និងដោះស្រាយការកាន់កាប់របស់អ៊ីស្រាអែលលើទីតាំងសំខាន់ៗ​ចំនួន៥នៅលើទឹកដីលីបង់។ ទន្ទឹម​នោះ ក្រុមហេសបូឡា បាននិយាយថា ការពិភាក្សាអំពីអាវុធរបស់ខ្លួនអាចកើតឡើងបាន លុះត្រាតែការវាយប្រហាររបស់អ៊ីស្រាអែលត្រូវបានបញ្ឈប់។

យោងតាមធនាគារពិភពលោក សង្រ្គាមឆ្នាំ២០២៣រវាងអ៊ីស្រាអែល និងហេសបូឡា បានសម្លាប់មនុស្សជាង៤០០០នាក់នៅក្នុងប្រទេសលីបង់ និងបានបង្កការខូចខាតជាង១១ពាន់លានដុល្លារ។ ចំណែក​ឯ​អ៊ីស្រាអែល​បានបាត់បង់មនុស្ស១២៧នាក់ ដែលភាគច្រើនជាទាហាន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម