Connect with us

ព័ត៌មានអន្ដរជាតិ

ថៃបិទ​ច្រកដឹកប្រេង ហើយចោទ​ឡាវថា បង្វែរការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅ​កម្ពុជា

បានផុស

នៅ

យោធាថៃ បានបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈដែលឆ្លងកាត់ច្រកព្រំដែនជាមួយប្រទេសឡាវ ក្រោម​ហេតុផល​ចោទ​ប្រកាន់​ថា ការផ្គត់ផ្គង់ទាំងនោះកំពុងត្រូវបានបង្វែរទៅកាន់ប្រទេសកម្ពុជា ខណៈដែលការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងប្រទេសជិតខាងទាំងពីរកំពុងបន្តនៅតាមតំបន់ព្រំដែនមានជម្លោះរបស់ពួកគេ។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​នា​ថ្ងៃ​ចន្ទ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០២៥។

រថយន្ត​ដឹក​ប្រេង​ទៅ​ឡាវដែល​ជាប់​គាំង​នៅ​ច្រក Chong Mek (រូបថត៖ ហ្វេសប៊ុក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិថៃបាននិយាយថា យោធាបានរឹតបន្តឹងសកម្មភាព​​ផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងអស់ឆ្លងកាត់ច្រក Chong Mek ចូលទៅប្រទេសឡាវ បន្ទាប់ពីព័ត៌មានសម្ងាត់បាន​បង្ហាញ​ថា ការដឹកជញ្ជូនទាំងនោះត្រូវបានបង្វែរទៅ​ឲ្យ​កងទ័ពកម្ពុជា។ លោក Surasant Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិ បាន​លើក​ឡើង​ថា ចំណាត់ការនេះមិន​បង្កគ្រោះថ្នាក់ដល់ប្រទេសឡាវនោះទេ។

បើ​យោងតាម​ Khaosod រថយន្តដឹកប្រេងប្រហែល​៨០​គ្រឿង ដែលអាចផ្ទុកប្រេងឥន្ធនៈជាង​៤លានលីត្រ កំពុង​ជាប់​គាំង​ និង​រង់ចាំនៅច្រកត្រួតពិនិត្យ Chong Mek ដើម្បីចូលទៅប្រទេសឡាវ។

ក្រសួងការបរទេសឡាវមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ​ពី​រ៉យទ័រ​នោះឡើយ។

ក្រសួងថាមពលថៃ បានឲ្យ​ដឹង​កាលពីសប្តាហ៍មុនថា គ្មានការនាំចេញប្រេងទៅកាន់ប្រទេសកម្ពុជា​តាំងតែ​ពីខែកក្កដាមកម្ល៉េះ។

ទិន្នន័យតាមដានកប៉ាល់ពីក្រុមហ៊ុន Kpler បង្ហាញថា ប្រទេសសិង្ហបុរីបច្ចុប្បន្នគឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈធំបំផុតរបស់កម្ពុជា ដោយមានប្រហែល ៩១៥ ០០០តោន​ត្រូវបានដឹកជញ្ជូននៅ​ក្នុង​​ឆ្នាំនេះ។ យ៉ាង​ណាមិញ បរិមាណ​ប្រេង​ពីប្រទេសថៃបានធ្លាក់ចុះយ៉ាង​គំហុក​មកត្រឹមប្រហែល ៣០ ០០០​តោន​ប៉ុណ្ណោះ ធៀបនឹងជិត ១៨០ ០០០តោនកាលពីឆ្នាំមុន។

ការប៉ះទង្គិចគ្នារវាងកងកម្លាំងកម្ពុជា និង​ថៃ បានផ្ទុះឡើងនៅចំណុចជាច្រើនតាមបណ្តោយព្រំដែនគោកប្រវែង​​ជាង​៨០០​គីឡូម៉ែត្រ​ ដោយមិនមានសញ្ញាណាមួយនៃការថមថយឡើយ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីសម្រុះសម្រួលបទឈប់បាញ់ក៏ដោយ រួមទាំងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម