ព័ត៌មានអន្ដរជាតិ
រកឃើញអ្នកភូមិ៥នាក់ នៅមានជីវិត ក្រោយជាប់ក្នុងរូងភ្នំលិចទឹកនៅឡាវ អស់មួយសប្តាហ៍
ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឡាវ បានរកឃើញអ្នកភូមិ ៥នាក់នៅរស់រានមានជីវិត ក្នុងរូងភ្នំមួយកន្លែង ដែលរងការលិចទឹកយ៉ាងខ្លាំង ក្រោយពីពួកគេបានជាប់គាំងនៅក្នុងនោះ អស់រយៈពេលមួយសប្តាហ៍ពេញ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងការបាក់ដី។

សារព័ត៌មាន Asia One បានចុះផ្សាយនាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ ថា បើតាមការបញ្ជាក់ពីក្រុមការងារជួយសង្គ្រោះ អ្នកភូមិ ២នាក់ផ្សេងទៀត ដែលបានធ្វើដំណើរទៅជាមួយគ្នា គឺកំពុងតែបាត់ខ្លួននៅឡើយ។ អ្នកភូមិទាំង ៧នាក់នេះ មកពីខេត្ត Xaysomboun ភាគកណ្តាលនៃប្រទេសឡាវ បាននាំគ្នាដើរចូលទៅក្នុងរូងភ្នំនោះ តាំងពីថ្ងៃពុធ សប្តាហ៍មុន ដើម្បីស្វែងរកកម្ទេចមាស និងបរបាញ់សត្វព្រៃ ប៉ុន្តែជាអកុសល ពួកគេមិនអាចត្រឡប់ចេញមកវិញបានឡើយ ដោយសារតែមាត់រូងភ្នំត្រូវបានបាក់ដីបិទជិតផ្លូវ។
វីដេអូដែលចែករំលែកដោយក្រុមជួយសង្គ្រោះ បានបង្ហាញឱ្យឃើញពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់ ដោយអ្នកមុជទឹកត្រូវលូនវារយ៉ាងលំបាកឆ្លងកាត់ច្រកផ្លូវដ៏ចង្អៀត ពេញទៅដោយភក់ និងទឹកលិចស្ទើរតែទាំងស្រុង។ តំណាងអង្គការអ្នកស្ម័គ្រចិត្តជួយសង្គ្រោះប្រជាជនឡាវ លោក Bounkham Luanglath បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងសំឡេងញ័រភ័យនៅឡើយថា ក្រុមការងារពិតជាអាចធ្វើវាបានមែន ហើយពួកគេនឹងបន្តស្វែងរកអ្នកបាត់ខ្លួន ២នាក់ទៀត ដោយមិនបោះបង់ឡើយ។ ប្រព័ន្ធរូងភ្នំនេះ លាតសន្ធឹងជ្រៅទៅក្រោមដី ហើយមានសភាពចង្អៀតខ្លាំង ដោយកន្លែងខ្លះមានទទឹងត្រឹមតែ ៥០សង់ទីម៉ែត្រ ប៉ុណ្ណោះ ដែលធ្វើឱ្យការចូលទៅកាន់តែប្រឈមនឹងគ្រោះថ្នាក់។
អ្នកជំនាញមុជទឹកជួយសង្គ្រោះជនជាតិហ្វាំងឡង់ លោក Mikko Paasi បានរៀបរាប់ថា រូងភ្នំនេះ មានសភាពដូចជា អណ្តូងរ៉ែមាស ដែលគេបោះបង់ចោល ហើយក្រុមសង្គ្រោះត្រូវប្រឈមមុខនឹងឧបសគ្គរាប់រយម៉ែត្រ ទាំងផ្លូវចង្អៀត ទឹកជំនន់ ហានិភ័យនៃការបាក់រលំ ព្រមទាំងខ្យល់អាកាសពុលនៅក្នុងនោះផងដែរ។ លោកបានប៉ាន់ប្រមាណថា អ្នកភូមិទាំងនោះ បានជាប់គាំងនៅចម្ងាយប្រហែល ៣០០ម៉ែត្រពីផ្លូវចេញ។ គួរដឹងដែរថា រូងភ្នំនេះ ស្ថិតនៅចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងវៀងចន្ទន៍ ហើយវាជាតំបន់គ្មានម្ចាស់គ្រប់គ្រងឡើយ ដែលជាហេតុធ្វើឱ្យអ្នកភូមិក្នុងតំបន់តែងតែនាំគ្នាទៅជីករន្ធរកមាស ឬរកចំណីអាហារជារឿយៗ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


